លោក អំ សំអាត​ និង​សកម្មជន​ដីធ្លីដាក់​ពាក្យ​បណ្តឹងប្តឹង​សន្តិសុខ​ខណ្ឌដូន​ពេញ

លោក អំ សំអាត មន្ត្រីផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ

មន្ត្រីផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូរ និងសកម្មជនដីធ្លី បានសម្រេចដាក់ពាក្យបណ្តឹងប្តឹងសន្តិសុខខណ្ឌដូនពេញនៅសង្កាត់ជ័យជម្នះ នៅព្រឹកនេះ បន្ទាប់ពីទទួលរងការវាយដំពីសន្តិសុខខណ្ឌដូនពេញ។

ក្នុងការដើរហែក្បួនរបស់សហគមន៍ និងសកម្មជនដីធ្លី អបអរទិវាសិទ្ធិលំនៅឋានពិភពលោក នៅព្រឹកថ្ងៃទី១០ ខែតុលានេះ មានការប៉ះទង្គិចគ្នារវាងអ្នកដើរហែរ ជាមួយកងសន្តិសុខខណ្ឌដូនពេញ បណ្តាលឲ្យមនុស្សបីនាក់រងរបួសស្រាល ដែលក្នុងនោះមានទាំងមន្ត្រីសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សកម្មជនបឹងកក់ លោក ច័ន្ទ ពុទ្ធិស័ក្ក និងបុរសម្នាក់ដែលអៈអាងថាជាអ្នកកាសែត។

បន្ទាប់ពីមានហេតុការណ៍នេះ ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការលីកាដូលោក អំ សំអាត និងសកម្មជនបឹងកក់លោក ច័ន្ទ ពុទ្ធិស័ក្ក បានទៅដាក់ពាក្យបណ្តឹងនៅសង្កាត់ជ័យជម្នះ ដើម្បីឲ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ទៅលើអ្នកប្រើហឹង្សាមកលើពួកគាត់។

សកម្មជនបឹងកក់លោក ច័ន្ទ ពុទ្ធិស័ក្ក បានឲ្យដឹងថាលោកត្រូវបានក្រុមសន្តិសុខខណ្ឌដូនពេញដែលដឹកនាំដោយលោក ជៀម រដ្ឋា បានវាយមកលើរូបលោកបណ្តាលឲ្យត្រូវក្បាលនិងដៃ។

លោក ពុទ្ធិស័ក យល់ថា នេះជាការបំបិទទៅលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងបង្ហាញឲ្យឃើញពីការមិនយកចិត្តទុកដាក់ទៅលើសិទ្ធិលំនៅដ្ឋានប្រជាពលរដ្ឋ ពីសំណាក់រដ្ឋាភិបាល។

លោកថា៖ ដល់ហើយបងគេហ្នឹងឈ្មោះ ជៀម រដ្ឋា បានរត់មកដល់បញ្ជាឲ្យខ្ញុំថយ ខ្ញុំក៏ថយហើយថា គ្រាន់តែខ្ញុំថត ហេតុអីមករត់បុកខ្ញុំអញ្ចឹង! ដល់ហើយគាត់លូកដៃទះកំផ្លៀងខ្ញុំ! ក៏បានបញ្ជាឲ្យពួកសន្តិសុខមកវាយលើខ្ញុំតែម្តង។ ឥឡូវ ក្បាលខ្ញុំកំពុងតែឈឺ ចុកក្រហាយពេញក្បាល ក្បាលខ្ញុំពក ពីរ បីកន្លែងខាងក្រោយ។ ដោយឡែកលោក អំ សំអាត គាត់រត់មកឃាត់ហើយគេវាយគាត់រហូតបែកមុខបែកមាត់គាត់ទៀត

បន្ទាប់ពីរងការវាយនេះលោក អំ សំអាត បានឆ្លើយជាមួយអ្នកសារព័ត៌មានថា នេះបានសបញ្ជាក់ថាស្ថានភាពសិទ្ធិមនុស្សកម្ពុជា បច្ចុប្បន្នមិនមានការគោរពទេ។ លោកបានបញ្ជាក់ថា ក្នុងចំណោមអ្នកដែលបានវាយរូបលោកនៅព្រឹកនេះ ក៏មានអ្នកខ្លះជាអ្នកដែលលោកបានជួយនៅពេលរងការវាយដំ នៅទីលានប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤ផងដែរ។

លោកថា៖ អញ្ចឹងរដ្ឋាភិបាលមិនបាច់ឆ្លើយបដិសេធថា មិនមានការរំលោភសិទ្ធិមនុស្សទេ។ ពីព្រោះខ្ញុំជាមន្ត្រីឃ្លាំមើលសិទ្ធិមនុស្ស។ ខ្ញុំឃ្លាំមើលព្រឹត្តិការណ៍ហើយខ្លួនខ្ញុំផ្ទាល់ មានអត្តសញ្ញាណត្រឹមត្រូវ ហើយត្រូវបានរងនូវអំពើហិង្សានេះសបញ្ជាក់ថា ស្ថានភាពសិទ្ធមនុស្សបច្ចុប្ប្ននមិនមានការគោរពទេ។ជាសន្តិសុខខណ្ឌដូនពេញខ្ញុំស្គាល់ទាំងអស់ ហើយក្នុងចំណោមនោះក៏ខ្ញុំធ្លាប់ជួយនៅទីលានប្រជាធិបតេយ្យដែរ គឺសន្តិសុខទាំងអស់នោះគាត់ ត្រូវរងការវាយដំហើយខ្ញុំបានជួយ និងបញ្ញូនទៅមន្ទីរពេទ្យដែរ

វីអូឌីមិនអានទាក់ទងអភិបាលខណ្ឌដូនពេញលោក គួច ចំរើន ដើម្បីឆ្លើយបញ្ជាក់ពីការប៉ះទង្គិចនេះបានទេដោយទូរសព្ទលោកចុចចូល តែគ្នានអ្នកទទួល។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ថាលោកមិនមានមតិយោបល់យ៉ាងណាទេចំពោះហេតុការណ៍កាលពីព្រឹកមិញនេះទេ ដោយថាករណីនេះទុកឲ្យរដ្ឋអំណាចជាអ្នកដោះស្រាយតាមផ្លូវច្បាប់។

គួរបញ្ជាក់ដែរថា កាលពីព្រឹកមិញ ក្នុងការប្រារព្ធទិវាសិទ្ធិលំនៅឋានពិភពលោក ក្រុមសហគមន៍ដីធ្លីដែលរងការបណ្តេញចេញ ដែលមានមនុស្សប្រមាណជាង៣០០នាក់ ចូលរួមបានដើរក្បួនពីដីក្រហមឆ្ពោះទៅកាន់ទីលានប្រជាធិបតេយ្យដើម្បីអបអរសារទរទិវានេះ។ ខណៈដែលក្បួនដើរមកដល់ជិតសាលាភូមិន្ទវិចិត្រសិល្បៈ ហៅសាលារចនា សន្តិសុខខណ្ឌដូនពេញប្រមាណ៣០នាក់បានចេញមកចាប់ដណ្តើមយកស្គរ និងបដា ដែលក្បួនដង្ហែរបានរៀបចំ បណ្តាលឲ្យមានការប្រទាញប្រទង់គ្នារវាងអ្នកដើរក្បួននិងសនិ្តសុខ។

ខណៈដែលមានការប្រទាញប្រទង់គ្នានោះលោក ច័ន្ទ ពុទ្ធិស័ក ត្រូវបានសន្តិសុខខណ្ឌវាយឲ្យជ្រុះទូរសព្ទ និងវាយទៅលើរូបលោក។

មន្ត្រីសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលបានឃ្លាំមើលការហែក្បួនក៏បានចូលទៅរារាំងកុំមានហិង្សា តែសន្តិសុខបានងាកមកវាយលោកវិញសំដៅទៅលើផ្ទៃមុខ និងក្បាលបណ្តាលឲ្យរងរបួសបែកមាត់ និងហើមមុខ ហើយសន្តិសុខខណ្ឌក៏បានរាលដាលវាយទៅលើអ្នកផ្សេងទៀត ក្នុងនោះអ្នកថតវីដេអូវីអូឌីម្នាក់ក៏ត្រូវបានសន្តិសុខគម្រាម និងបានវាយត្រូវបន្តិចផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ