បទយកការណ៍៖ ពលរដ្ឋមួយចំនួន បារម្ភពីសុខភាព ករណីបរិភោគបន្លែមានជាតិគីមី

ដោយ លោក ណាត សុភាព​​ | ថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 9:14 AM | បទយកការណ៍ | 0 | 1243 អ្នកលក់បន្លែនៅផ្សារដើមគ កាលពីពេលកន្លងទៅ (រូបភាព៖ សហការី)

នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ មានការនាំចូលបន្លែពីប្រទេសវៀតណាម ចិន ថៃ និងបណ្តាខេត្តនានា ក្នុងប្រទេស​កម្ពុជា ​​​​​រាប់រយតោន ក្នុងមួយថ្ងៃ​​ ដើម្បី​យកមកបោះដុំនៅផ្សារដើមគ និងផ្សារច្បារអំពៅ ក្នុង​រាជធានី​ភ្នំពេញ​។

ពលរដ្ឋមួយចំនួន អះអាងប្រហាក់ប្រហែលគ្នាថា បន្លែទំាងនោះ ភាគច្រើននាំចូលពីប្រទេសវៀតណាម ដោយ​​​ឡែក ​នៅតាមបណ្តាខេត្តក្នុងប្រទេសកម្ពុជា ពួកគេ​ថា នាំចូលបាន​តិចតួចតែប៉ុណ្ណោះ។

កាល​ពីថ្មីៗនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់បានស្តីបន្ទោសប្រជាពលរដ្ឋ​ ដែលទៅទិញ​បន្លែ​មានសារធាតុគីមី​ធ្វើ ដែលធ្វើ​ឲ្យប៉ះ​ពាល់សុខភាព ដោយលោក​ប្រាប់​ទៅ​ពលរដ្ឋថា​ កុំ​ឲ្យ​បន្ទោស​លើ​រដ្ឋាភិបាល​ចំពោះ​​ការ​នាំ​ចូល​បន្លែ​ ផ្ទុក​​ទៅ​ដោយ​សារធាតុ​គីមីនោះ។

ដើរចេញពីកន្លែងទិញបន្លែមួយកន្លែង នៅម្តុំផ្សារដើមគ លោក ពេជ្រ សំបូរ​ បានរៀ​បរាប់ថា គាត់​តែងតែមក​ទិញបន្លែនៅម្តុំផ្សារដើមគ ដែលជាកន្លែង​លក់បោះដុំ និងមានតម្លៃ​ថោក​ជាង​នៅតាមផ្ទះ ឬ​ផ្សារ​ផ្សេង​ៗ​​ទៀ​ត​។ លោកបន្តថា លោកមិនចេះពិនិត្យមើលបន្លែប្រភេទណា មានជាតិគីមី ឬមិនមាននោះទេ ដោយ​ថា​ ​​ឲ្យ​តែឃើញល្អ ទិញយកទៅធ្វើម្ហូបបរិភោគតែម្តង។

លោកនិយាយថា៖ «គេប្រាប់ខ្ញុំ ជួនកាលគេប្រាប់ថា ដំានៅស្រុកខ្មែរ​ វាមិនសូវល្អ បើដំានៅវៀតណាមវាល្អៗ រឿង​គីមីខ្ញុំអត់ដឹង​ទេ ឃើញគេដាក់លក់ម៉េច​ ខ្ញុំទិញយកទៅប្រើប្រាស់​»

អ្នកទៅទិញបន្លែមួយចំនួន បានលើកឡើងស្រដៀងគ្នាថា បន្លែដែលនាំពីវៀតណាម និងបណ្តាខេត្តនានា ក្នុងប្រទេសកម្ពុជា ភាគច្រើនមានសារធាតុគីមី​។

ឈរនៅមុខកន្លែងលក់បន្លែ ក្បែរចិញ្ចើមផ្លូវម្តុំផ្សារដើមគ អ្នកស្រី​ មួង ចាន់ណា​ បាននិយាយថា បន្លែ​ភាគច្រើន​សុទ្ធ​តែ​មាន​ជាតិគីមី ដោយអ្នកស្រីថា នៅពេលបរិភោគ គាត់តែងតែព្រួយបារម្ភពីសុខភាពដែរ ប៉ុន្តែ​អ្នកស្រីថា គ្មាន​ជម្រើស​​ និងមិនដឹងទៅទិញបន្លែ នៅកន្លែងណាដែលគ្មានជាតិគីមីនោះទេ។

អ្នកស្រី​និយាយថា៖ «ទូទៅគេទិញនៅកន្លែងហ្នឹង[ផ្សារដើមគ]គ្រប់គ្នា ហើយខ្ញុំមិនដឹងទៅទិញនៅកន្លែង​ណា​​ទេ បើអត់ដឹង​ថា ​បន្លែអត់គីមី គេលក់នៅកន្លែងណា​ អត់ចង់ប្រើ​ដែរ ដឹងដែរសុទ្ធតែរបស់គីមីឥឡូវ ពិបាកហូប​ណាស់បន្លែឥឡូវ​​»

ប្រជាពលរដ្ឋលើកឡើងថា បន្លែបោះដុំនៅផ្សារដើមគ និងផ្សារច្បារអំពៅ ត្រូវ​បានឈ្មួញ ឬអាជីវករទិញ​  យ​កទៅលក់បន្ត​នៅតាមផ្ទះ ឬតាម​ផ្សារមួយចំនួន នៅក្នុង​ ឬជាយរាជធានីភ្នំពេញជាដើម។

ដើរចេញពីកន្លែងលក់បន្លែនៅម្តុំផ្សារច្បារអំពៅ រាជធានីភ្នំពេញ លោក គឹម ហឿន​ បានឲ្យដឹងថា មុន​នឹង​ទិញ​បន្លែយកទៅបរិភោគ លោកថា ត្រូវ​យកទៅស្រុះទឹកក្តៅជាមុនសិន ដោយថា ដើម្បី​ការពារ​សុខ​ភាព​បាន​មួយផ្នែក។

លោកនិយាយថា៖ «មុនដំបូង​យើងរើស​យកស្អាត​ យើងយកលាង យើងដំាទឹកអំបិល មួយសន្ទុះ ហើយ​​យើង​​ស្រុះទឹកក្តៅបានយើងយកទៅស្លរ យើងខ្លាចបន្លែមានជាតិថ្នាំ វាការពារសុខភាពយើង​កុំឲ្យមាន ជំងឺទូទៅ​»

បើតាមអាជីវករខ្លះ ដែលលក់នៅម្តុំ​ផ្សារដើមគ និងផ្សារច្បារអំពៅ បាននិយាយស្រដៀងគ្នាថា បន្លែភាគច្រើន​នាំ​ចូល​​ពី​​ប្រទេសវៀតណាម និងតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា។ ពួកគេថា បន្លែទំាងនោះភាគច្រើន មានជាតិគីមី។

អាជីវករផ្សារដើមគ អ្នកស្រី ឈីវ ម៉ៅ​ បានរៀប​រាប់ប្រាប់អ្នកយកព័ត៌មានថា បន្លែភាគ​ច្រើនពិត​ជាមានជា​តិ​គីមី​​ពិត​មែន ប៉ុន្តែអ្នកស្រីថា មិនដឹងធ្វើយ៉ាងណាទេ ដោយថា គាត់គិតតែទិញយកទៅលក់ឲ្យអតិថិជន។

អ្នកស្រីនិយាយថា៖ «បន្លែផ្សេងៗ ដូចជាស្ពែក្តោបចេញពីស្រុកយួន ខ្ទឹមបារំាងចេញពីសុ្រកយួន ត្រសក់​ចេញពីគីរីរម្យ ជួនកាលមកពីខេត្តកណ្តាល​ ឆៃថៅ ជួនកាលមកពីស្រុកយួនក៏មាន​ ជួនកាលឆៃថៅ នៅកន្លែង​[ខ្មែរ]យើងក៏មានដែរ ជួនកាលគេយកមកវា​ដាក់រៀប​ចំ ដាក់ជាតិគីមី ដាក់ថ្នាំក្នុងហ្នឹងទៅ ខ្លះសេ យើងមិនដឹងទៅទិញក៏មិនដឹងដែរ ជួនកាលការ៉ុត ដាក់ថ្នាំក្នុងហ្នឹងហើយ វាដាក់​ក្នុងធុងក្លាសេហើយ​ យើងទៅទិញក៏មិនបានដឹងដែរ ដឹងតែយកមកលក់ ចាក់លក់​ទៅ»

អ្នកទិញបន្លែយកទៅធ្វើម្ហូបបរិភោគមួយចំនួននិយាយថា ពួកគេចង់ឃើញរដ្ឋាភិបាល​ និង​មន្ត្រីជំនាញ​នៅ​ស្ថាប័ន​​រដ្ឋ​ដែលពាក់ព័ន្ធ ជួយទប់ស្កាត់ កុំឲ្យមាន​បន្លែគីមី​នាំចូលមក​លក់នៅកម្ពុជា ដោយថា កុំឲ្យប៉ះពាល់​សុខ​ភាព​ប្រជាពលរដ្ឋខ្មែរ​។

ដើរចេញពីកន្លែងទិញបន្លែ ហៀបឡើងអង្គុយលើម៉ូតូ ត្រៀមចេញដំណើរត្រឡប់ទៅផ្ទះវិញ កញ្ញា មឿន ធីតា​​ បានសំណូមពរទៅរដ្ឋាភិបាលនិងស្ថាប័នរដ្ឋមួយចំនួនដែលធ្វើការងារពាក់ព័ន្ធនឹងបន្លែនេះ ជួយ​ទប់​ស្កាត់​​​ការនាំបន្លែងគីមី​ពីប្រទេសជិតខាង។

កញ្ញាស្នើថា៖ «សំណូមពរឲ្យគាត់ពិនិត្យបន្លែសាច់​នាំចូលមកពីប្រទេសជិតខាង​ដូចជា វៀតណាមដើម្បីឲ្យ​ប្រជា​ជនយើង​ទទួលទានទៅមានសុខភាពល្អ កុំឲ្យមានជាតិគីមី »

អ្នកគ្រប់គ្រងកម្មវិធីប្រតិបត្តិការមូលដ្ឋានផ្នែកកសិកម្មនៅអង្គការសេដាក លោក គាម មករាឌី មាន​ប្រសាសន៍​ថា សព្វថ្ងៃកម្ពុជានាំបន្លែពីប្រទេសជិតខាងប្រមាណពី៣០០ ទៅ៥០០តោន ក្នុងមួយថ្ងៃ ដោយថា​ បន្លែ​ទាំង​​នោះ ភាពច្រើន គឺប្រើប្រាស់គីមី។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឲ្យដឹង​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កញ្ញា​ថា កម្ពុជាបាន​ចំណាយ​ថវិកា​ជាង ២០០លានដុល្លារអាមេរិក សម្រាប់នាំ​ចូល​បន្លែពីបរទេស ដើម្បីយកមក​ផ្គត់ផ្គង់​តម្រូវការ​ក្នុងស្រុក ដោយ​​ភាគ​ច្រើន​នាំ​ចូល​ពី​ប្រទេស​វៀតណាម។​

អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​សុវត្ថិភាព​ចំណី​អាហារ​ថា ចំណី​អាហារ​ផ្ទុក​ទៅ​ដោយ​សារធារ​ពុល​ បណ្តាល​ឲ្យ​គ្រោះ​ថ្នាក់ ដូច​ជា ​មេរោគ បាក់តេរី បារ៉ាស៊ីត ឬ​សារ​ធាតុ​​​គីមី បង្ក​នូវ​ជំងឺ​ជាង ២០០​ប្រភេទ រាប់​ចាប់​តាំង​ពី​រាគ​រូស​រហូត​ដល់​ជំងឺ​មហារីក។

របាយការណ៍​អង្គការ​សុខភាព​ពិភ​លោក​កាល​ពី​ឆ្នាំ​២០១៥ បាន​ឲ្យ​ដឹង​ថា ប្រជាជន​ប្រហែល ៦០០​លាន​នាក់ ឬ​ម្នាក់​ក្នុង​ចំណោម ១០​នាក់ នៅ​លើ​ពិភព​លោក បាន​ធ្លាក់​ខ្លួន​ឈឺ បន្ទាប់​ពី​បរិភោគ​ចំណី​អាហារ​​ផ្ទុក​ដោយ​​សារធាតុ​ពុល។

របាយការណ៍​ WHO បាន​ឲ្យ​ដឹង​ទៀត​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ៤២​ម៉ឺន​នាក់ បាន​ស្លាប់​នៅ​រៀង​រាល់​ឆ្នាំ នៅ​ក្នុង​ចំណោម​ពលរដ្ឋ​​ពុល​ចំណី​អាហារ​ប្រហែល ៦០០​លាន​នាក់​នៅ​រៀង​រាល់​ឆ្នាំ

ទាក់ទងនិងករណីនេះ នាយកមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍកសិកម្មកម្ពុជា ហៅកាត់ថា សេដាក លោក សម វិទូ យល់ថា រដ្ឋាភិបាលមិនត្រូវ​បន្ទោសប្រជាពលរដ្ឋ ដែលទៅទិញបន្លែដែលមានជាតិគីមីនោះទេ ដោយ​​លោកថា រដ្ឋាភិបាល ត្រូវមានវិធានការទប់ស្ដាត់ និងពិនិត្យឲ្យបាន​ត្រឹម​ត្រូវមុន​​នឹង​ឲ្យឈ្មួញ​នាំបន្លែ​ពីប្រទេស​ជិតខាង​ ចូល​មក​ចរាចរណ៍​នៅលើទីផ្សារប្រទេសកម្ពុជា​ និងអប់រំប្រជាពលរដ្ឋ​អំពីការ​ផលិត​បន្លែ​ដោយ​​មិនឲ្យប្រើសារធាតុ​​គីមី ទើបទទួលបានផលវិជ្ជមាន៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required