ក្រសួងមហាផ្ទៃប្តេជ្ញាលុបបំបាត់ផលិតផលក្លែងក្លាយឲ្យអស់នៅកម្ពុជា

​សកម្មភាពកម្ទេចបំផ្លាញគ្រឿងសម្អាងក្លែងក្លាយ

ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃក្រសួងមហាផ្ទៃ ប្តេជ្ញាថា នឹងលុបបំបាត់ផលិតផលក្លែងក្លាយដែលនាំចូលពីបរទេសនិងផលិតក្នុងស្រុកឲ្យអស់នៅកម្ពុជា ដោយអះអាងថា ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងខាតបង់សេដ្ឋកិច្ចជាតិ។

តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា ក្រសួងមហាផ្ទៃ ប្តេជ្ញាលុបបំបាត់ផលិតផលក្លែងក្លាយឲ្យអស់​នៅកម្ពុជា ដែល​មានការនាំចូលតាមច្រករបៀងមួយចំនួននៃប្រទេសជិតខាងទាំងបី និងខ្លះទៀតលួចផលិតនៅក្នុងស្រុក។

ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌នៃក្រសួងមហាផ្ទៃ លោក អ៊ិន បូរ៉ា បានថ្លែងថា ផលិតផលក្លែងក្លាយមានផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពអ្នកប្រើប្រាស់ ពិសេសធ្វើឲ្យខាតបង់ដល់សេដ្ឋកិច្ចប្រទេសជាតិផងដែរ។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមួយដល់នាយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាព្រឹកថ្ងៃទី០៩ ខែតុលា ស្តីពី «ការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយបង្ករឲ្យប៉ះពាល់ដល់សុខភាព» នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានការឧបត្ថម្ភពីនាយកដ្ឋានប្រតិបត្តិការអន្តរជាតិបារាំង។

លោក អ៊ិន បូរ៉ា បញ្ជាក់ថា មន្ត្រីជំនាញត្រូវផ្សព្វផ្សាយបន្ថែមទៀតដល់ប្រជាពលរដ្ឋ ពីផលប៉ះពាល់ដែលកើតឡើងដោយផលិតផលក្លែងក្លាយនេះ  ពិសេសគឺ ផលប៉ះពាល់អំពីសារធាតុគីមីដែលបានផ្ទុកក្នុង ប្រហុក ផ្អក ប្រហិត និងសាច់មាន់ជាដើម។

គួរំលឹកផងដែរ កាលពីថ្ងៃ ០៥ខែតុលា កន្លងមកថ្មីៗនេះ កម្លាំងសមត្ថកិច្ចជំនាញបានកិនកម្ចេទចោល ផលិតផលគ្រឿងសម្អាងក្លែងក្លាយប្រមាណជាង ៨០តោននៅទីលានជើងឯកក្នុងរាជធានីភ្នំពេញ​។​

ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ