នគរ​បាល​រក​ឃើញថា​អ្នក​ប្រើ​ប្រាស់គ្រឿង​ញៀនកើនឡើងដល់​ជាង​១ម៉ឺននាក់​

អជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនរកឃើញមនុស្សជាង១ម៉ឺននាក់ប្រើប្រាស់គ្រឿងញៀនក្នុងរយៈពេល៩ខែឆ្នាំ២០១៦នេះ គឺកើនលើសឆ្នាំមុនជាង៤ពាន់នាក់ ហើយភាគច្រើននៃអ្នកប្រើប្រាស់គ្រឿងញៀនទាំងនេះជាសិស្ស និស្សិត។

របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យដឹងថា អ្នកប្រើប្រាស់គ្រឿងញៀនសរុបចំនួន១៨ ៥៥៤ (មួយម៉ឺនប្រាំបីពាន់ប្រាំរយហាសិបបួន)នាក់ ដែលជិត៣០ភាគរយនៃអ្នកប្រើប្រាស់ទាំងនេះជាសិស្ស និសិ្សត ២៦ភាគរយមានមុខរបរមិនពិតប្រាកដ ជាង២០ភាគរយជាកម្មករ និង២ភាគរយជាមន្ត្រីរាជការ។ របាយការណ៍នោះបានឲ្យដឹងទៀតថា អ្នកដែលប្រើប្រាស់គ្រឿងញៀនច្រើនបំផុតមានអាយុពី១៨ដល់៣៥ឆ្នាំ ហើយជិតពាក់កណ្តាលនៃអ្នកញៀនទាំងនេះនៅមិនទាន់ទទួលបានការព្យាបាលនៅឡើយ។

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក៏បានឲ្យដឹងដែរថា ការបង្ក្រាបបទល្មើសក្នុងរយៈពេល៩ខែនេះ បានបង្ក្រាបបាន៣ ៤០៦ករណី និងឃាត់ខ្លួនជនសង្ស័យបានជាង៨ ០៩៧នាក់ ស្រី៧៧៧នាក់ ចំនួនទាំងនេះកើនលើសឆ្នាំមុនលើសពីពាក់កណ្តាល និងឃាត់បានគ្រឿងញៀនបានជាង១០០គីឡូក្រាម។

បើតាមរបាយការណ៍របស់អជ្ញាធរជាតិប្រឆាំងគ្រឿងញៀន គ្រឿងញៀនដែលហូរចូលឆ្លងកាត់កម្ពុជាត្រូវបានកត់សំគាល់ច្រើននៅតាមព្រំដែនភាគខាងជើងនិងឦសានប្រទេសនិងតាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ