ពលរដ្ឋក្នុងតំបន់អភិរក្សអូរកន្ទួតថាអាជ្ញាធរមិនទប់ស្កាត់អ្នកចាក់ដីលុប

រូបភាពពី អគ្គស្នងការដ្ឋាននគរបាលជាតិ

ពលរដ្ឋរស់នៅតំបន់អភិរក្សពូជត្រីអូរកន្តួត ក្នុងខេត្តមន្ទាយមានជ័យ សម្តែងក្តីបារម្ភ បន្ទាប់ពីឃើញសកម្មភាពចាក់ដីលុបចំណីអូរ យកទៅធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ខណៈគ្មានការទប់ស្កាត់ពីសំណាក់អាជ្ញាធរ ដោយពួកគាត់លើកឡើងថា​ ខ្លាចបាត់បង់នៅថ្ងៃអនាគត។

ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់អភិរក្សអូរកន្ទួត បានអំពាវនាវទៅ អាជ្ញាធរខេត្ត និងក្រសួងពាក់ព័ន្ធទាំងអស់ ឲ្យជួយទប់ស្កាត់ចំពោះមន្ត្រីដែលមានអំណាច ពិសេស ពីសំណាក់អ្នកមានលុយមួយចំនួន ដែលមានបំណងចង់រំលោភយកដីមាត់អូរធ្វើជាដីកម្មសិទ្ធផ្ទាល់ខ្លួននោះ។នេះបើយោងតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។

នាយរងខណ្ឌរដ្ឋបាលជលផលខេត្តបន្ទាយមានជ័យ លោក ណុប ចាន់រទ្ធី បានឲ្យដឹងថា លោកមិនទាន់ដឹងច្បាស់ទេ ចំពោះការចាក់ដីលុបយកចំណីអូរ ក្នុងតំបន់អភិរក្សពូជត្រីអូរកន្ទួត ទៅធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួននោះទេ ប៉ុន្តែលោកថា និងឲ្យមន្ត្រីជំនាញចុះទៅធ្វើការត្រួតពិនិត្យបន្ទាប់ពីទទួលបានដំណឹងនេះ។

លោក ណុប ចាន់រិទ្ធី បានបញ្ញាក់ថា តំបន់អភិរក្សពូជត្រីអូរកន្ទួត មានប្រវែងប្រមាណជាងបីពាន់ម៉ែត្រ ស្ថិតនៅក្នុងភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ និងត្រូវបានអភិរក្សអស់រយៈពេលជាង១០ឆ្នាំហើយ បើគិតមកដល់បច្ចុប្បន្ននេះ។

អភិបាលក្រុងសិរីសោភ័ណ លោក វ៉ៃ គេងលី បានឲ្យដឹកថា សកម្មភាពចាក់ដីលុបចំណីអូរ ក្នុងតំបន់អភិរក្សអូរកន្ទួត មិនមានច្បាប់អនុញ្ញាតនោះទេ ខណៈម្ចាស់ដី លោក បូ រ៉ា បានអះអាងថា មិនបានរំលោភលើចំណីមាត់អូរនោះទេ ដោយលោកបានសុំច្បាប់ពីចៅសង្កាត់ត្រឹមត្រូវ មុនពេលលោកចុះធ្វើសកម្មភាពចាក់ដីលុប ដើម្បីប្រកបអាជីវកម្ម ប៉ុន្តែលោកសុខចិត្តកាយចេញវិញ បើសិនមន្ត្រីជំនាញថាប៉ះពាល់ឬខុសច្បាប់។

អភិបាលរងខេត្តបន្ទាយមានជ័យ លោក លី សាវី បានថ្លែងថា​ លោកមិនអនុញ្ញាតឲ្យមានការចាក់ដីលុបនៅតាមមាត់អូរ ស្ទឹង បឹងបួរ ពិសេស នៅតំបន់អភិរក្សពូជត្រី ក្នុងអំឡុងចំនួន ៣០ម៉ែត្រ(គិតពីចំណុចកណ្តាល)នោះទេ ទោះជាមានច្បាប់អនុញ្ញាតត្រឹមត្រូវក៏ដោយ ដើម្បីកាត់បង្កាផលប៉ះពាល់នាពេលខាងមុខ។

សរសេរមកកាន់លោក ម៉ាប់ ស៊ុយ [email protected]

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ