អតិថិជនចោទថាក្រុមហ៊ុនលក់ផ្ទះ ដី និងខន់ដូរឆរបោកលុយរាប់ម៉ឺនដុល្លារ

ប្រជាពលរដ្ឋប្រមាណជាង៣០នាក់ជាអតិថិជនក្រុមហ៊ុនមួយ ​មកពីតំបន់ផ្សេងៗគ្នាក្នុងរាជធានីភ្នំពេញ នៅថ្ងៃនេះបាន​រកកិច្ចអន្តរាគមន៍ពីក្រសួងរៀបចំដែនដី ដោយអះអាងថា ពួកគេចាញ់បោកក្រុមហ៊ុននោះ​អស់លុយរាប់ម៉ឺនដុល្លារ ដោយសារតែការទិញផ្ទះ ទិញដី និង ទិញខន់ដូរ។​

ពលរដ្ឋម្នាក់ប្រាប់វីអូឌីពេលកំពុងតវ៉ាមុខក្រសួងរៀបចំដែនដីអ្នកស្រី សុខ វុទ្ធី ឲ្យដឹងថា អ្នកស្រីបានទិញដី៥ឡូនៅក្នុងខេត្តកណ្តាលពីក្រុមហ៊ុន ជេម ខេម ដែលមានម្ចាស់ឈ្មោះ ប៉ុណ្ណច័ន្ទ គ្រឹស្នា រយៈពេលជិត១០ឆ្នាំហើយ ដោយចំណាយលុយអស់ជាង៧ពាន់ដុល្លារ។

អ្នកស្រីបន្តថា ក្រោយពីទិញដីនោះបានរយៈពេល៣ឆ្នាំស្រាប់តែមានក្រុមហ៊ុនផ្សេងមកអះអាងថា របស់គេ ហើយ អ្នកស្រីបានតវ៉ាឲ្យម្ចាស់ក្រុមហ៊ុន ជេម ខេម លោក ប៉ុណ្ណច័ន្ទ គ្រឹស្នា ប្រគល់លុយមកឲ្យវិញ ប៉ុន្តែអ្នកស្រីថា រហូតពេលនេះមានរយៈពេលជិត១០ឆ្នាំហើយ មិនទាន់ទទួលបានលុយនោះទេ។

អ្នកស្រីបន្ថែមថា«ខ្ញុំបានទៅស៊ើបសួរគាត់ថា ដីហ្នឹងយ៉ាងម៉ិចហើយ ស្រាប់តែគាត់ថា ដីហ្នឹងចាំគាត់សងលុយវិញ ដោយថាដីហ្នឹងគេរឹបអូសយកដីគាត់អស់ហើយ ខ្ញុំសួរទៀតថា ពីណាអ្នករឹមអូស? គាត់ថា ក្រុមហ៊ុនហេងអភិវឌ្ឍន៍ជាអ្នករឹប  អូសយកដីគាត់ហ្នឹង ហើយខ្ញុំថា ខ្ញុំអត់ដឹងទេបើមិនបានដីទេ សងលុយដើមខ្ញុំវិញ ប៉ុន្តែលុយដើមក៏គាត់មិនឲ្យខ្ញុំទៀតរហូតមកដល់សព្វថ្ងៃនេះ ឥលូវទីតាំងក្រុមហ៊ុនមិនដឹងរើរត់ទៅណាបាត់ហើយ»។

អ្នកស្រីឲ្យដឹងបន្ថែមទៀតថា មានពលរដ្ឋរាប់រយគ្រួសារដែលទិញដីឡូពី ក្រុមហ៊ុន ជេម ខេម ហើយចាញ់បោកមិនទទួលដី ឬ លុយត្រលប់មកវិញ។

ពលរដ្ឋម្នាក់ទៀតលោក គឹម ស៊ីឡេង និយាយថា ពួកគាត់ប្រមាណ១០០គ្រួសារបានទិញផ្ទះល្វែងពីក្រុមហ៊ុន ជេម ខេម របស់លោកប៉ុណ្ណច័ន្ទ គ្រឹស្នា ស្ថិតសង្កាត់ព្រៃវែង ខណ្ឌដង្កោ រយៈពេលជិត៥ខែហើយ ដោយបានចំណាយលុយកក់មុន ម្នាក់ៗចន្លោះពី១ម៉ឺនទៅ៥ម៉ឺនដុល្លារ ដែលផ្ទះល្វែងនោះគ្រោងសាងសង់បញ្ចប់ឆាប់ៗនេះ ប៉ុន្តែលោកថា ក្រុមហ៊ុនមិនបានធ្វើតាមការសន្យានោះទេ។

លោកបន្ថែមថា«គាត់អត់សាងសង់ឲ្យពួកខ្ញុំទេ អញ្ចឹងពួកខ្ញុំជាង១០គ្រួសារហ្នឹងអ្នកខ្លះអស់៥ម៉ឺន អ្នកខ្លះអស់ជាង១ម៉ឺន បើសរុបទៅអស់ទឹកប្រាក់ជាង១លានដុល្លារ ចំណែកខ្ញុំនឹងក្រុមគ្រួសារខ្ញុំអស់ជាង៧ពាន់ដុល្លារ ហើយពួកយើងបានដាក់ ពាក្យទៅក្រសួងឲ្យជួយដោះស្រាយជាង៣ខែហើយប៉ុន្តែក្រសួងអត់បានចុះទៅអន្តរាគមន៍នៅឡើយទេ ដោយខាងមន្រ្តី ក្រសួងគាត់នៅរវាល់បញ្ចប់ការងារផ្សេងៗ»

ប្រហាក់ប្រហែលគ្នានេះដែរពលរដ្ឋម្នាក់ទៀត កញ្ញា ឡាយ ឧសភា ឲ្យដឹងថា ពួកគាត់ប្រមាណ១០នាក់បានកក់លុយទិញខុនដូរពីក្រុមហ៊ុន លោក ប៉ុណ្ណច័ន្ទ គ្រឹស្នា ដោយថា កាលចាប់ផ្តើមទិញគឺមានការធានា និងទទួលស្គាល់ពីអាជ្ញាធរ មូលដ្ឋានត្រឹមត្រូវ និងឃើញសកម្មភាពសាងសង់ខុនដូរនោះផងដែរ ប៉ុន្តែបានរយៈពេលកន្លះឆ្នាំក្រុមហ៊ុនក៏ផ្អាកការសាងសង់ហើយក្រុមហ៊ុនបិទការិយាយទំនាក់ទំនងថែមទៀត។

កញ្ញាបន្ថែមថា ក្រុមហ៊ុនបានលក់ខុនដូរនោះដោយមួយល្វែងមានតម្លៃ១ម៉ឺន៧ពាន់ដុល្លារ ហើយគ្រួសារកញ្ញាបានទិញ ចំនួន២ល្វែងអស់ទីប្រាក់៣ម៉ឺន៤ពាន់ដុល្លារ។

វិអូឌីមិនអាចសុំការឆ្លើយតបពី លោក ប៉ុណ្ណច័ន្ទ គ្រឹស្នា ម្ចាស់ក្រុមហ៊ុន ជេម ខេម ដើម្បីឆ្លើយបតបានទេចំពោះការចោទប្រកាន់នេះ ដោយសារលេខទូរសព្ទលោកមិនអាចទាក់ទងបាន។

អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ហេង រ៉ាន បានឆ្លើយចំពោះមុខពលរដ្ឋថា ក្រសួងមិនមានសមត្ថកិច្ចក្នុងការដោះស្រាយរឿងនេះទេ ដោយថា ករណីនោះជារឿងឆរបោក និងស្នើឲ្យពលរដ្ឋប្តឹងទៅតុលាការវិញ។

លោកបន្ថែមថា«រឿងនេះមិនមែនជាទំនាស់ដីធ្លីទេ អានេះវាជារឿងទំនាស់លុយកាក់ ខ្ញុំគ្រាន់តែជំរាបថាពាក់ព័ន្ធនឹងលុយ កាក់សុំបងប្អូនបង្វឹលទៅតុលាការសិនទៅ ថាតើតុលាការគេមានចំណាត់ការយ៉ាងម៉ិចព្រោះតុលាការមាននីតិវិធីច្រើនទី១ តុលាការត្រូវស្រាវជ្រាវថាអាគាត់ហ្នឹងមានដីពីណាយកទៅពុះលក់»

ពលរដ្ឋមួយចំនួនអះអាងថា ពួកគេបានដាក់បណ្តឹងទៅតុលាការរួចហើយ ប៉ុន្តែមិនទាន់ឃើញមានចំណាត់ការយ៉ាងណា នោះទេ ហើយថា មូលដែលពួកគាត់មករកកិច្ចអន្តរាគមន៍ពីក្រសួងរៀបចំដីឲ្យជួយដោះស្រាយនេះ ដោយសារពួកគាត់គិតថា មុនក្រុមហ៊ុនណាមួយមានសិទ្ធិសាងសង់លុះត្រាតែមានការអនុញ្ញាតពីក្រសួងជាមុន។

តែទោះយ៉ាងណា ក្រសួងរៀបចំដែនដី ធ្លាប់បានបញ្ជាឲ្យមន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យ និងដោះស្រាយបញ្ហានេះជូនពលរដ្ឋដែរ។ នេះបើតាមលិខិតបង្គាប់ការចុះថ្ងៃទី១កញ្ញាឆ្នាំ២០១៧។ ប៉ុន្តែពលរដ្ឋថា រហូតពេលនេះនៅ​តែមិនទាន់មានដំណោះស្រាយនៅឡើយទេ ហើយអ្វីដែលពួកគេចង់បាននោះគឺទាមទារយកលុយមកវិញ៕

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ