កំពុង​ជោគជ័យ​ក្នុងទីផ្សារ ​​ផលិតកររឿង «សរសរកន្លោង»​ ប្រកាស​ឈប់ផលិតរឿង

​គ្មានអ្នកណាមិនដឹងនោះទេថា​ផលិតកម្ម​​​​ឥន្ទ្រានិមិត្ត​ទទួលបានជោគជ័យ​យ៉ាង​ខ្លាំង​ក្នុងការ​ផលិតរឿង​​​​​​​​កន្លងមក ជាពិសេស​គឺ​​​​ស្នាដៃរឿង​«​កំណត់​ហេតុ​នាងនាថ» ដែលត្រូវគេ​ដឹង​ថា​​​​​កើប​ចំណូលបានដល់​ជាង​​៣០ម៉ឺនដុល្លារក្នុងពេលដាក់​​បញ្ចាំង​។ អ៊ីចឹង​ហើយទើប​ម្នាក់ៗភ្ញាក់ផ្អើល ក្នុងពេលដែល​លោក​ប្រកាស​​​ដោយបើក​ចំហរថា​​​​​​​ផលិត​កម្មមួយនេះ​នឹង​ឈប់​​ដំណើរការ​ដោយគ្មានការ​កាលកំណត់ ឬ​អាច​​​បិទ​ចោលរហូត​ ​​​​​​ក្នុងពេលដែលលោក​​​ប្រកាស​បញ្ចាំង​រឿង​«សរសរកន្លោង»​​​ដែលខាង​​ផលិតកម្ម​បញ្ជាក់​​គឺជារឿងចុងក្រោយ​​​របស់ខ្លួន។ ​

​ក្នុងពេលជ្រួលច្របល់​រឿង​រដ្ឋាភិបាលកំណត់ពន្ធច្រើន​យ៉ាងលើការផលិតកុន ​​​ផលិតកររឿង​«​​​​កំណត់ហេតុ​នាង​នាថ» និងសរសរកន្លោង»​​លោក​រ៉ូណាន់ បាន​ប្រកាស​​​រួច​ម្ដង​ហើយ​​ថា​លោក និង​ផលិតកម្ម​ឥន្ទ្រា​​និមិត្ត​​​​ទាំងមូល​នឹង​ឈប់​ផលិតកុន​បន្តទៅទៀត ​​ដោយសារតែអះអាងថា​​មិនអាច​ទប់​ទល់នឹងការ​បង់​​ពន្ធ​​ច្រើន​​យ៉ាង​​ដែលនឹង​​ប្រកាស​អនុវត្តិ​ចាប់ពី​ដើម​ឆ្នាំ​​២០១៨តទៅ។ ​​ប៉ុន្តែ​ក្នុងពេលដំណឹង​​នៃការ​ពន្យារ​​ពេលរហូតដល់​​​១០ឆ្នាំ ​តាមការ​ទាមទារ​​របស់​ក្រុម​ផលិតដែល​បានដាក់សំណើរ​ទៅកាន់ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​​ត្រូវ​បាន​​គេសន្និដ្ឋានថានឹងលេចឡើង​សញ្ញាណដើម្បីសម្រួលដល់ការ​លំបាករបស់​ផលិត​នៅកម្ពុជា ស្រាប់តែ​​ផលិតកររូបនេះនៅតែ​​ប្រកាស​ជំហរ​​​​​គឺទោះជាមាន​ការ​​ពន្យារ​ពេល​​បង់​​ពន្ធក៏លោក និងផលិតកម្មនៅតែ​សម្រេច​​​ឈប់​ផលិត​កុន​​​ជាថ្មី។

​មានការ​​​លោក​បាន​មុនសម្ពោធរឿង«សរសរកន្លោង» លោករ៉ូណាន់ ដែលត្រូវគេស្គាល់ថាជាផលិតករវ័យក្មេង និងមានស្នាដៃនៅក្នុងផលិតកម្ម«ឥន្ទ្រានិមិត្ត» ប្រកាសថាលោកនឹងឈប់ផលិតកុនបើសិនបើរដ្ឋាភិបាលកំណត់ពន្ធថ្មីលើការផលិតភាពយន្ត ដែលលោកបានហៅពន្ធដែលបានប្រកាសនោះថាជាបំផ្លាញទឹកចិត្តផលិតករ។ ប៉ុន្តែនៅក្នុងជំនួបកាលពីល្ងាចថ្ងៃទី៨ វិច្ឆិកា លោកអះអាងថាបើទោះជាមានការពន្យារពេលកំណត់ពន្ធរហូតដល់១០ឆ្នាំទៀតតាមការស្នើសុំរបស់ផលិតករនោះក៏ដោយ ក៏លោកនៅតែប្រកាន់ជំហរនឹងថានឹងដកខ្លួនមួយរយៈពីការផលិតកុនដដែល។

លោករ៉ូណាន់ បានថ្លែងគួរអោយភ្ញាក់ផ្អើលក្នុងពិធីសម្ពោធរឿង«សរសរកន្លោង»នៅចំពោះមុខតារាសិល្បៈ និងមហាជនយ៉ាងកុះករថា ក្រោយបញ្ចប់ការដាក់បញ្ចាំងរឿង«សរសរកន្លោង»នេះទៅ លោកអត់មានគម្រោងផលិតរឿងជាលើកទី៣ទៀតទេ ដោយលោកបានហៅភាពយន្តដែលបានប្រកាសបញ្ចាំងកាលពីថ្ងៃទី៩ វិច្ឆិកានោះថា ជារឿងចុងក្រោយសម្រាប់ផលិតកម្មឥន្ទ្រានិមិត្តផង  បើ​ទោះជាភាពយន្តនោះត្រូវគេឃើញមានអ្នកទស្សនា​​​​ទៅទិញសំបុត្រមើល​ឡើងណែនៗ​រោង ​ធ្វើអោយគេមើលឃើញ​សន្ទុះពីភាព​ជោគជ័យ​​​​មិនខុសគ្នា​នឹង​រឿង​«កំណត់​ហេតុនាង​នាថ»​​។

​​​លោកអះអាងថា​​​​គ្រាន់តែបើក​​​ដាក់បញ្ចាំង​​ថ្ងៃដំបូង គឺ​មានអ្នក​ទិញសំបុត្រ​​រហូត​ដល់ថ្នាក់​​​​រក​​​សំបុត្រ​​អត់បាន ​​ដោយ​​​​​​​​​​​​​រោង​ដែល​​​​បើក​លក់​ទទួលភ្ញៀវ​​​​ទទួលអ្នកទិញសំបុត្រ​​​មិនគ្រាន់​នោះ​ផង។ ​​​យ៉ាងណាមិញ លោកនៅតែ​​​​មិន​​​​​​​​​ឃើញថា​ភាព​​ជោគជ័យ និង​ធ្វើអោយលោក​​​​លុប​ចោលគម្រោង​​​​ឈប់​ផលិតភាពយន្តនោះទេ ​​​​​​​ដោយសារអ្វីៗ​​ហាក់​​បានដាក់​គម្រោងច្បាស់លាស់។ ​លោកបានថ្លែង​​​​​​​ដោយ​​ម៉ឺងម៉ាត់​​ថា ​​​ទោះជារឿង​​​​​​ទី២ទទួលបាន​ជោគជ័យ​​​កម្រិតណា​ ក៏លោក​មិន​ធ្វើការ​ផលិតភាពយន្ត​ទី​​៣​ទៀតដែរ ​ដើម្បីកុំអោយ​​​សម្ពាធផ្លូវចិត្តក្នុងការ​គ្រប់​គ្រងតួ ​និង​​​​​​​ដាក់​​ពាក្យ​សុំ​កន្លែងថតអោយត្រូវ​នឹង​​​ការចង់បាន​ជាដើម ធ្វើអោយលោក​ស្មុគស្មាញ។ លោកថាក្នុងនាមជាផលិតករកុន មិនស្រួលដូចអ្វីដែលអ្នកទស្សនា​​​បានឃើញនៅ​ក្នុងផ្ទៃរឿងដែលបាន​​ដាក់បង្ហាញ​​នៅលើ​អាក្រង់របស់​រោងកុននោះទេ ​​ដោយ​លោកបាន​ហៅថាការផលិត​​​បាន​ជាសាច់រឿងត្រឹម​រយៈពេលមួយកន្លះ ឬ​២ម៉ោងនោះ ថា​ជាការ​ពលី​​ក៏​ច្រើនរបស់​ផលិតករ​​​​ ជាពិសេស​សម្រាប់​ផលិតករដែល​​មានគំនិត​​ប្រកួត​ប្រជែង​នូវផ្នែកគុណភាពរបស់​ភាពយន្ត​។

លោកថាការសម្រេចចិត្តលាឈប់​ដែលទើប​បញ្ជាក់​យ៉ាងច្បាស់ពេលនេះ ​លែង​ជាការពាក់​ព័ន្ធនឹង​ការ​​កំណត់ពន្ធថ្មីរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទៀតហើយ  ប៉ុន្តែ​​គឺជាបំណង​​របស់លោកតែម្ដង​ដែល​ចង់បង្កើតមុខរបរមួយថ្មី ពាក់ព័ន្ធនឹង​អាជីវកម្ម​ បើកហាងកាហ្វេ និងមុខរបរជួញដូរផ្សេងទៀតដែលលោកបានអះអាងថា ថ្វី​ដ្បិតថា​មុខរបរថ្មីនោះ មិនអាចទទួលបានប្រាក់ចំណូលច្បាស់លាស់ដូចការផលិតភាពយន្ត ​​ ក៏លោក​​​​ត្រូវតែ​​​​ឈោងចាប់​​ព្រោះតែ​មិនធ្វើអោយលោកមានស្មុគស្មាញ និង​មានអារម្មណ៍នឿយណាយដូចផលិតកុន។ លោកថាក្នុងមួយឆ្នាំផលិតករដូចលោក​​​​​​ផលិតបានតែ​មួយរឿងប៉ុណ្ណោះ ហើយបើទោះជា​ការ​ផលិត​​​រឿង«កំណត់ហេតុ​នាងនាថ»ទទួលផលចំណេញដល់​​ជាង១០ម៉ឺនដុល្លារ ក៏លោកបញ្ជាក់ថា​ចំណូលទាំងនោះ​ក្រោយការ​ចែក​ចាយ​ជា​ភាគហ៊ុន​​រួចរាល់ គឺ​​​មិនច្រើននោះទេ ​​បើ​​ធៀបនឹងការ​​​យកប្រាក់​​​ទៅវិនិយោគផ្នែកផ្សេង​ដែល​​​​អាចចំណេញបានច្រើន​ជាងនេះក្នុងរយៈពេល​មួយឆ្នាំដូច​គ្នា ហើយមិនសូវ​ស្មុគចិត្ត​ផង។

លោកថាក្រោយការ​​ដកខ្លួន​​ គឺផលិតកម្មឥន្ទ្រានិមិត្តរបស់បងស្រីនឹងត្រូវបិទទ្វារស្រប​គ្នា ប៉ុន្តែមិនច្បាស់​ថា​​ត្រូវ​បាត់បង់សកម្មភាព​​​​​​​​​យូរ​​ដូចការដកខ្លួន​​របស់លោក ឬ​អាច​​​ដំណើរ​ការ​​​​​​​​​​​​ដោយជ្រើស​​យកអ្នក​ផ្សេងមកដឹកនាំ​​​ភាពយន្ត​​​ជំនួសនោះទេ។ យ៉ាងណាមិញ លោកថា​​សម្រាប់លោកគឺ​អត់មាន​​គម្រោងត្រលប់មកផលិតកុន​​ឆាប់ៗនោះទេ ​ដោយលោក​​​និយាយថា​​ដរាបណា​​លោកមិន​ជោគជ័យមុខជំនួញ និងមិនអាចស្វែងរក​​​ដៃគូផលិតភាពយន្តដើម្បី​បើកភាពយន្តអោយបាន​​​​​​ធំ​​ជាង​​​​ផលិតកម្ម​​ស្រាប់​​នោះលោកនឹងមិន​​​ងាយ​​ត្រលប់មកកាន់​​វិស័យ​ផលិតកុន​វិញទេ។

ការ​​ប្រកាសដើរចេញរបស់លោកបានធ្វើ​​​ម្នាក់ៗ​​មានការសោកស្ដាយ​ ជាពិសេស​ក្នុងពេលដែលលោក​​​​​​ផលិតរឿងចំនួន​២​គឺរឿង​«កំណត់​ហេតុនាង​នាថ!» និងរឿង​«​សសរ​កន្លោង»​ ដែលត្រូវគេមើលឃើញថា​ទទួលបាន​ការគាំទ្រ​​គួរអោយកត់សម្គាល់ តែ​​បែរជា​​​ប្រកាស​​​​​ឈប់បន្ត​​។ ​លោករ៉ូណាន់ បន្ត​ថា​លោកនៅតែស្រឡាញ់​ការផលិតភាពយន្ត ​ប៉ុន្តែ​លោកមិនអាច​​​​បន្តសម្ពាធ​​ការងារ​គ្រប់ពេលផលិតរឿង ​​ហើយ​​​បោះបង់​​គម្រោង​អាជីវកម្ម​​​ដែលបានគ្រោងទុក​​​បានទៀតនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ