លោក កឹម សុខា ស្នើ​​ឲ្យ​កែ​ច្បាប់​បោះ​ឆ្នោត​ដើម្បីពង្រីក​ដល់​ពលករ​ចំណាក​ស្រុក​នៅ​បរទេស

លោក កឹម សុខា កាលពីកន្លងទៅ

មេដឹកនាំគណបក្សប្រឆាំង លោក កឹម សុខា នៅថ្ងៃនេះ បានអំពាវនាវទៅគណបក្សកាន់អំណាច ឲ្យធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដែលលោកថា ដើម្បីបង្កភាពងាយស្រួលដល់ពលរដ្ឋចំណាកស្រុកនៅក្រៅប្រទេសឲ្យបានចុះឈ្មោះបោះឆ្នោតគ្រប់ៗគ្នា។

ការថ្លែងដូច្នេះរបស់លោក កឹម សុខា បានកើតឡើងមួយសប្ដាហ៍ក្រោយពីមេដឹកនាំបក្សប្រឆាំងរូបនេះ ត្រូវបានលើកលែងទោស ហើយក្លាយទៅជាដៃគូសន្ទនាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជំនួសលោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួនឯងនៅក្រៅប្រទេស។

ថ្លែងទៅកាន់ក្រុមអ្នកគាំទ្រនៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ នៅសង្កាត់ចាក់អង្រែលើ នៅព្រឹកថ្ងៃនេះ លោក កឹម សុខា បានថ្លែងថា៖ “អីចឹងយើងទាំងពីរជាអ្នកធ្វើច្បាប់នៅក្នុងសភា យើងឃើញថា ការចុះឈ្មោះបោះឆ្នោត យើងឃើញសន្ទុះពលករខ្មែរយើងដែលទៅនៅក្រៅប្រទេស គាត់ចង់ចុះឈ្មោះបោះឆ្នោតដែរ ប៉ុន្តែ អត់មានកន្លែងចុះនៅជិតនឹង ត្រូវធ្វើដំណើរឆ្លងកាត់ប្រទេសនោះ ចំណាយលុយច្រើន ចំណាយពេលច្រើន អត់លទ្ធភាព….ចឹងខ្ញុំយល់ថា គណបក្សប្រឆាំងយើង និងគណបក្សកាន់អំណាច គួរអង្គុយជជែកគ្នាដើម្បីធ្វើច្បាប់ ឬធ្វើវិសោធនកម្មច្បាប់ ដើម្បីឱ្យមានកន្លែងចុះឈ្មោះបោះឆ្នោតនៅកន្លែងណា ដែលខ្មែរយើងមានចំនួនច្រើននៅទីនោះដើម្បីងាយស្រួលបង្កឱ្យគាត់អាចចុះឈ្មោះបោះឆ្នោតបាន។ នេះជាផលប្រយោជន៍រួមទាំងអស់គ្នា

លោក កឹម សុខា ថ្លែងបែបនេះ ១០ថ្ងៃក្រោយពីការចុះឈ្មោះបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានផុតកំណត់កាលពីចុងខែវិច្ឆិកាកន្លងមក ដោយនៅសល់ប្រជាពលរដ្ឋជាង ១លាននាក់ទៀត មិនបានចុះឈ្មោះបោះឆ្នោត។

លទ្ធផលនៃការចុះឈ្មោះបោះឆ្នោតប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. កាលចុងខែវិច្ឆិកាកន្លងមក បង្ហាញថា គ.ជ.ប. ចុះបញ្ជីប្រជាពលរដ្ឋបានជិត ៨លាននាក់ ពោលគឺនៅសល់ពលរដ្ឋជាង ១លាននាក់ទៀត ដែលពុំបានចុះឈ្មោះបោះឆ្នោត។

ឆ្លើយតបទៅនឹងការលើកឡើងរបស់មេដឹកនាំគណបក្សប្រឆាំង អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សួស យ៉ារ៉ា បានមានប្រសាសន៍ថា ការចុះឈ្មោះបោះឆ្នោត មិនមែនជារឿងរបស់គណបក្សដែលត្រូវនិយាយគ្នានោះទេ ព្រោះវាជាការអនុវត្តរបស់ គ.ជ.ប.។ លោកបានចាត់ទុកសម្ដីលោក កឹម សុខា ជាទស្សនៈផ្ទាល់ខ្លួន ដើម្បីយកចិត្តប្រជាពលរដ្ឋ និងទាក់ទាញប្រជាប្រិយភាពតែប៉ុណ្ណោះ។

លោកបញ្ជាក់ថា៖“បញ្ហានេះ ជាបញ្ហារបស់ គ.ជ.ប ទេ មិនមែនរឿងរបស់គណបក្សទេ។ គ.ជ.ប គេគិតខ្លួនគេ គេជាអ្នកអនុវត្ត គេមានតំណាងបស់គេ គេដឹងថា គេត្រូវដើរដល់កម្រិតណា។ នៅក្នុងនឹងគេដឹងអស់ហើយ អានឹងជាការសម្រេចរបស់ជាតិ មិនមែនជារបស់គណៈបក្សនោះទេ។ លោក កឹម សុខា លើកឡើងក្នុងនាមជាតំណាងរាស្ត្រម្នាក់ ក្នុងនាមជាគណបក្សប្រឆាំងម្នាក់ អានេះជាទស្សនៈបុគ្គលរបស់គាត់ទេ។ គាតចង់យកចិត្តពលរដ្ឋ គាត់ចង់បានប្រជាប្រិយភាព”។

ទោះជាយ៉ាងណា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា បានបង្ហាញការគាំទ្រចំពោះការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដែលលោកថា ដើម្បីធ្វើឲ្យការចុះឈ្មោះបោះឆ្នោតកាន់តែទូលំទូលាយ និងពង្រីកទៅដល់ពលករចំណាកស្រុកនៅក្រៅប្រទេស។

លោកថា៖ “ត្រូវហើយវាត្រូវតែមានការពិនិត្យលើលទ្ធភាពនឹង….ធ្វើមេចបើកឱ្យទូលាយតិចទៅដើម្បីឱ្យគ.ជ.ប គេអាចរកមើលលទ្ធភាព ឬក៍ប្រព័ន្ធអីដែលមានប្រសិទ្ធភាពអាច ចុះឈ្មោះបោះឆ្នោតបាននៅក្រៅប្រទេស ជាពិសេសប្រទេសថៃ ហើយវាជួយច្រើនដែលខ្មែរយើងរស់នៅក្រៅប្រទេស គ្នាចង់បោះឆ្នោត គ្នាចង់មានសិទ្ធបោះឆ្នោតដែរ”។

លោកបន្ថែមថា គណបក្សទាំងពីរ គួរតែពិនិត្យមើលទ្ធភាពដើម្បីរៀបចំចុះឈ្មោះបោះឆ្នោត និងរៀបចំឱ្យមានការបោះឆ្នោតសម្រាប់ពលករនៅក្រៅប្រទេសផងដែរ។

លោកថា៖ “គួរតែពិនិត្យមើលលទ្ធភាពដែរសំរាប់ចំការបោះឆ្នោតនៅក្រៅប្រទេសដែរ សំរាប់អ្នកចំណាកស្រុកនៅក្រៅប្រទេស ហើយមើលថាគេអាចបោះឆ្នោតរបៀបមេចដើម្បីកុំឱ្យមានបញ្ហា ចឹងគេអាចជជែកបច្ចេកទេសនឹងលំអិតបាន ដើម្បីរៀបចំការបោះឆ្នោតបាន។ អានេះគេហៅថាការរៀបចំការបោះឆ្នោតសំរាប់ពលរដ្ឋដែលចំណាកស្រុក។ ដូច្នេះត្រូវពិនិត្យមើលលទ្ធភាពពីរនឹង ទីមួយមើលលទ្ធភាពចុះបោះឆ្នោតបាននៅក្រៅប្រទេស និងទីការរៀបចំប្រព័ន្ធបោះឆ្នោតនៅក្រៅប្រទេសសំរាប់ពលករចំណាកស្រុក”។

កាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅនេះ លោក ឯម សូផាត សមាជិក គ.ជ.ប បានថ្លែងនៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីដំណើរការនៃការចុះឈ្មោះបោះឆ្នោតថា មានពលករចំណាកស្រុកទៅបម្រើការការងារនៅក្រៅប្រទេសទាំងស្របច្បាប់ និងមិនស្របច្បាប់ជាង ១លាននាក់ មិនបានមកចូលរួមចុះឈ្មោះបោះឆ្នោតសម្រាប់រៀបចំបញ្ជីឈ្មោះបោះឆ្នោតថ្មីនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ