លោក ហ៊ុន សែន៖ ថ្ងៃ​៧ មករា​ ១៩៧៩ នាំ​មក​នូវ​សិទ្ធិ​សេរីភាព​គ្រប់​យ៉ាង

ក្រុម​អង្គការ​សង្គម​ស៊ីវិល ជួប​ជុំ​គ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ដែល​រៀបចំ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៧

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​ថា សិទ្ធិ​សេរីភាព​ពលរដ្ឋ​កម្ពុជា បាន​នាំ​មក​វិញ បន្ទាប់​ពី​ថ្ងៃ​ជ័យ​ជម្នះ ៧ មករា ១៩៧៩ លើ​របប​ខ្មែរ​ក្រហម។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​អះ​អាង​បែប​នេះ នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​នៅ​ថ្ងៃ​នេះ ​ចំ​ពេល​ដែល​ពិភព​លោក​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ។

លោក ហ៊ុន សែន រៀប​រាប់​ថា៖ «ថ្ងៃ​៧ មករា ១៩៧៩ គឺ​បាន​នាំ​មក​វិញ​នូវ​សិទ្ធិ​សេរីភាព និង​វឌ្ឍនភាព​សម្រាប់​ពលរដ្ឋ​កម្ពុជា​រហូត​ដល់​សព្វ​ថ្ងៃ»។

លោក​បាន​អះ​អាង​បន្ថែម​ថា នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ឬ​ហៅ​កាត់​ថា របប​ខ្មែរ​ក្រហម ពលរដ្ឋ​ខ្មែរ​គ្មាន​សិទ្ធិ​សេរីភាព​អ្វី​ទាំង​អស់ រួម​ទាំង​សិទ្ធិ​រស់​រាន​មាន​ជីវិត និង​សិទ្ធិ​ទទួល​ទាន​អាហារ​គ្រប់​គ្រាន់។

ទោះជាយ៉ាងណា ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ១០៣​ស្ថាប័ន ក្នុង​មាន​អង្គការ​សិទ្ធិ​មនុស្ស ក្រុម​សហជីព និង​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​ពួកគេ​នៅ​ថ្ងៃ​នេះ​ថា លំហ​សិទ្ធិ​សេរីភាព​ជាមូលដ្ឋាន ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​អន្តរជាតិ ត្រូវ​បាន​រឹត​ត្បិត​យ៉ាង​ខ្លាំង​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។

ក្រុម​អង្គការ​ស៊ីវិល​ទាំង​ ១០៣​ស្ថាប័ន​នោះ បាន​ទទូច​ទៅ​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បញ្ឈប់​ចំណាត់​ការ​នានា​ទៅ​លើ​ក្រុម​អង្គការ​សង្គម​ស៊ីវិល សកម្មជន​សិទ្ធិ និង​ក្រុម​អ្នក​សារព័ត៌មាន ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​បាន​ហៅ​ថា ជា​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ និង​រឹត​ត្បិត​សេរីភាព​ជា​មូលដ្ឋាន​ដោយ​មិន​សម​ហេតុ​ផល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ