មនុស្ស​រាប់​ពាន់​នាក់​តវ៉ា​នៅ​ខាង​ក្រៅ​ស្ថានទូត​អាមេរិក​នៅ​ឥណ្ឌូនេស៊ី

បាតុករ​កាន់​បដា​ឈរ​តវ៉ា​នៅ​ខាង​ក្រៅ​ស្ថានទូត​អាមេរិក​នៅ​ទីក្រុង​ហ្សាកាតា នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៧

មនុស្ស​រាប់​ពាន់​នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​ខាង​ក្រៅ​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រឆាំង​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​ទទួល​ស្គាល់​ទីក្រុង​យេរូសាឡឹម ជា​រដ្ឋ​ធានី​របស់​អ៊ីស្រាអ៊ែល។ នេះ​ដោយ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

Reuters បាន​រាយការណ៍​បន្ត​ថា ក្រុម​បាតុករ​ទាំង​នោះ បាន​កាន់​បដា​សរសេរ​ថា «ប៉ាឡេស្ទីន​ស្ថិត​ក្នុង​បេះដូង​របស់​យើង»។

ក្រុម​​មេដឹកនាំ​នៅ​ឥណ្ឌូនេស៊ី ដែល​មាន​ជន​មូស្លីម​ច្រើន​បំផុត​នៅ​លើ​ពិភព​លោក​នោះ បាន​ចូល​រួម​ក្នុង​រលក​នៃ​ការ​ថ្កោល​ទោស​ប្រឆាំង​នឹង​លោក ត្រាំ ខណៈ​ដែល​មេដឹកនាំ​ពិភព​លោក ក្នុង​នោះ​មាន​ទាំង​ក្រុម​សម្ព័ន្ធ​មិត្ត​លោក​ខាង​លិច​ផង​ដែរ និយាយ​ថា ការ​សម្រេច​ចិត្ត​របស់​លោក​ ត្រាំ បោក​បក់​ទៅ​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​សម្រាប់​សន្តិភាព និង​ជំរុញ​ឲ្យ​មាន​រលក​អំពើ​ហិង្សា​ឡើង​វិញ។

បាតុករ​រាប់​ពាន់​នាក់​នៅ​តាម​បណ្ដា​ប្រទេស​មូស្លីម​នានា​នៅ​តំបន់​អាស៊ី បាន​តវ៉ា​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដើម្បី​ថ្កោល​ទោស​ទៅ​នឹង​សេចក្ដី​សម្រេច​ចិត្ត​របស់​អាមេរិក។

ប្រទេស​អ៊ីស្រាអ៊ែល នៅ​តែ​អះ​អាង​ថា ផ្នែក​ទាំង​អស់​នៃ​យេរូសាឡឹម គឺ​ជា​រដ្ឋ​ធានី​របស់​ខ្លួន ប៉ុន្តែ ជន​ជាតិ​ប៉ាឡេស្ទីន ទាមទារ​យក​ទឹកដី​ផ្នែក​ខាង​​កើត​​នៃ​ទីក្រុង​យេរូសាឡឹម ធ្វើ​ជា​រដ្ឋ​ធានី​របស់​ខ្លួន​សម្រាប់​អនាគត​រដ្ឋ​ឯករាជ្យ​ប៉ាឡេស្ទីន ហើយ​និយាយ​ថា សេចក្ដី​សម្រេច​របស់​លោក ត្រាំ បាន​បន្សល់​ទុក​បាត​ដៃ​ទទេ​សម្រាប់​ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ