អ្នក​រៀបចំ​កម្មវិធី​ថា យុវជនភាគ​ច្រើន​ចាប់​អារម្មណ៍​សៀវភៅ​ប្រលោម​លោក​ជាង​សៀវភៅ​នយោបាយ

អ្នក​ចូល​ទស្សនា​ពិព័ណ៌​សៀវភៅ​ជាតិ កាន់​សៀវភៅ​និពន្ធ​ដោយ​លោក ឆាយ សុផល នៅ​ថ្ងៃ​ពិព័ណ៌​សៀវភៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៧។

អ្នក​រៀប​ចំ​ពិព័ណ៌​សៀវភៅ បាន​អះ​អាង​ថា រយៈ​ពេល​មួយ​ឆ្នាំ​កន្លង​មក​នេះ យុវជន​កម្ពុជា​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​ការចាប់​អារម្មណ៍​ក្នុង​ការ​អានសៀវភៅមានការកើនឡើងរហូតដល់ជាង ៥០ភាគរយ ខណៈអ្នកនិពន្ធសៀវភៅប្រវត្តិសាស្រ្ត និងនយោបាយត្អូញត្អែថា មិន​សូវមាន​ការ​ចាប់អារម្មណ៍។

ក្នុងកម្មវិធីពិពណ៌សៀវភៅថ្នាក់ជាតិលើកទី០៦ រយៈពេល ៣ថ្ងៃ ដែលថ្ងៃអាទិត្យនេះជាថ្ងៃចុងក្រោយ ប្រធានសមាគមបណ្ណារក្ស និង​ឯកសារវិទូកម្ពុជា​ លោក ហុក សុទ្ធិ ដែល​ជា​អ្នករៀបចំកម្ម​វិធី​ផង​នោះ បាន​លើក​ឡើង​ថា យុវជន​ចូលចិត្ត​អាន​សៀវភៅ​បាន​មក​ចូលរួម​ក្នុង​ពិព័ណ៌​សៀវភៅនេះ មានការកើនឡើងរហូតដល់ទៅ ៥០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៦។

លោក ហុក សុទ្ធិ បានលើកឡើងថា​ យុវជនដែលចូលរួម​ក្នុងការ​ទិញ និងអានសៀវភៅអាចនឹងមានរហូតដល់ ៥ម៉ឺននាក់​​ដែល​ចំនួននេះ បាន​កើនឡើងពាក់កណ្ដាល ខណៈ​ដែល​ឆ្នាំមុនមាន​ប្រមាណតែ ២៥០០០នាក់ប៉ុណ្ណោះ។

ទោះជាយ៉ាងណា អ្នកនិពន្ធសៀវភៅប្រវត្តិសាស្រ្ត និងនយោបាយ លោក ឆាយ សុផល មើលឃើញថា យុវជន​កម្ពុជា​មាន​ចំនួន​តិច​តួច​បំផុត​ដែល​ចាប់អារម្មណ៍ក្នុងការទិញ និង​អានសៀវប្រវត្តិសាស្រ្ត និង​នយោបាយ ជាង​ការទិញសៀវភៅប្រលោមលោកបែបស្នេហា។

ករណីនេះត្រូវបានលោក ឆាយ សុផល មើលឃើញថា ដោយសារតែកង្វះខាត​នៃការតែង​និពន្ធ ​និង​ការបោះពុម្ភ​សៀវភៅថ្មីៗ និង​យុវជន​ភាគ​ច្រើន​មិនសូវចាប់អារ​ម្មណ៍ ឬសម្របសម្រួលខ្លួនទៅនឹង​រឿងនយោបាយ​។

ជាមួយគ្នានោះដែរ លោក ឆាយ សុផល បានជំរុញឲ្យយុវជនទាំងអស់ ឲ្យ​បង្កើនការស្វែងរក និង​អានសៀវភៅបែប​ប្រវត្តិ​សាស្រ្ត និង​នយោបាយឲ្យបានច្រើន ដើម្បីបង្កើនចំណេះដឹង និង​ការគិតបែបទូលាយ ដែលលោក សុផល ថា អាចឲ្យពួកគេ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ក្នុង​ការបោះឆ្នោត​ជ្រើសរើសមេដឹកនាំឲ្យបានត្រឹមត្រូវ។

បើទោះជាអ្នកចូលរួមទិញ និងអានសៀវភៅ មានការកើនឡើងច្រើនក៏ដោយ ក៏លោក ហុក សុទ្ធិ លើកឡើងថា ​ចំនួន​នេះ នៅ​មាន​កម្រិត​ទាប​នៅឡើយ បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាង។

លោកបាន​ជំរុញទៅ​យុវជន ឬឪពុក​ម្ដាយ​គ្រប់​រូប ឲ្យ​យកចិត្តទុកដាក់ចំពោះការអាន ដើម្បីបង្កើនចំណេះដឹង និង​អាចអភិវឌ្ឍខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ