សភាស្នើ​ចេញ​​អត្តសញ្ញាណ​ប័ណ្ណសម្រាប់ព្រះសង្ឃបោះឆ្នោត

គណៈកម្មការ​ទី​៧​នៃ​រដ្ឋ​សភាដឹកនាំដោយគណបក្សប្រឆាំង ស្នើឲ្យក្រសួងធម្មការនិងសាសនាបង្កភាពងាយស្រួល​​ឲ្យ​មាន​អត្ត​សញ្ញាណ​​ប័ណ្ណ​សម្រាប់ព្រះ​សង្ឃ​ក្នុងការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត។

ការលើកឡើងនេះ គឺនៅពេល​រដ្ឋមន្ត្រី​ក្រសួង​ធម្មការ​ និងសាសនា លោក ហ៊ឹម ឆែម បានចូល​បំភ្លឺ​ពាក់​ព័ន្ធ​នឹង វិទ្យា​ស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ ពុទ្ធិក​សាកលវិទ្យា​ល័យ និង​សហលក្ខខ្តិកៈមន្ត្រី​សង្ឃ កាលពីម្សិលមិញ។

ប្រធាន​គណៈកម្មការ ទទួលបន្ទុក​សាសនា ​នៃរដ្ឋ​សភា​លោក យ៉ែម បុញ្ញឬទ្ធ បាន​ថ្លែង​ប្រាប់​អ្នក​សារព័តមាន​ថា​គណ​កម្ម​ការ​​របស់​លោក​ទទួល​យក​ការ​ឆ្លើយ​បំភ្លឺ​របស់​រដ្ឋ​មន្ត្រី​ក្រសួង​ធម្មការ​លោក ហ៊ឹម ឆែម តែ​លោក​ថា​ចំណុច​​ដែល​គណកម្មការស្នើទៅ​កាន់​ក្រសួង​វិញ​នោះ​គឺ​ការ​ចង់​ឲ្យ​មាន​ការ​រៀប​ចំ សហ​លក្ខខន្តិក​សម្រាប់​​មន្ត្រី​សង្ឃដែល​មិន​ទាន់​មាន​ចែង​ជាក់​លាក់ និង​​ស្នើឲ្យ​មាន​អត្តសញ្ញាណ​ប័ណ្ណ​សម្រាប់​ព្រះ​សង្ឃ​សម្រាប់​បម្រើ​ដល់​ការ​ប្រើប្រាស់​ផ្សេង​ៗ​ ជា​ពិសេស​ការចុះ​ឈ្មោះ​បោះ​ឆ្នោត។

លោក​ថា៖​ « ពី​ព្រោះ​ពល​រដ្ឋទាំងពីរ​ភេទ​ជា​ប្រជា​ពលរដ្ឋ​របស់យើង មាន​ចែង​មាន​គាំពារ​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ ដូច្នេះ​ពាក្យ​ថា​ដើម្បី​សម្គាល់​ថា​ជាប្រជា​ពល​រដ្ឋ​ត្រូវ​តែ​មាន​អត្ត​​សញ្ញាណ​ប័ណ្ណ​សម្គាល់​អត្តសញ្ញាណ ដូច្នេះជា​ចំណុច​មួយ​សំខាន់​។ ពីមុន​គេ​អាច​ប្រើ​ប្រាស់​ព្រះ​ឆាយា​ អា​ចប្រើ​ប្រាស់​ប័ណ្ណ​មន្ត្រី​រាជ​ការទៅ​ប្រើ​ប្រាស់​ក៏​ប៉ុន្តែ​ដោយ​សារច្បាប់​យើង​កែ​ប្រែ​ឲ្យ​ទៅ​ជា​អត្តសញ្ញាណ​ប័ណ្ណ​ជា​គោលជា​មូល​ដ្ឋាន​ដូច្នេះ​យើ​ង​ត្រូវ​កែ​ប្រែ​ច្បាប់​ទាំង​អស់​ហ្នឹង​ទៅ​តាម​ហ្នឹង​ដែរ  » ។

លោក​បាន​ឲ្យ​ដឹង​ដែរ​ថាក្រសួង​បាន​ទទួល​យក​សំណើ​រ​នេះ​តែ​មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ជា​យ៉ាងណា​នោះ​ទេ ដោយ​រង់ចាំ​ការ​ពិភាក្សា​នៅ​ក្នុង​ក្រសួង​សិន។

ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ព្រះ​តេជគុណ​ ប៊ុត ប៊ុនតិញ មាន​ថេរដីកាថាក្រសួងគួរ​តែរៀប​ចំអនុញ្ញាត្តិ​ឲ្យ​ព្រះ​សង្ឃមាន​អត្ត​សញ្ញា​ប័ណ្ណ​​ មិន​គួរ​ចាត់​ទុក​ព្រះ​សង្ឃ​ជា​មួយក្រុមមនុស្សមួយ​​ដែល​មិន​អាច​ធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ឲ្យ​បាន​ដូចបច្ចុប្បន្ននេះ​ទេ។ ព្រះ​អង្គ​មាន​សង្ឃដីកាបន្ត​ថា ក្នុង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​កន្លង​ទៅ​មាន​ព្រះ​សង្ឃមិនដល់​៣៥%ផង​ដែល​បាន​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នេះ​ក៏​ព្រោះ​​តែពុំ​មាន​អត្ត​សញ្ញាណប័ណ្ណ និង​កង្វះ​ព័ត៌មាន។

ព្រះ​អង្គ​ថា​បើ​ទោះ​ជា​មាន​ឆាយា​សម្រាប់​ព្រះ​សង្ឃ​ក៏​ដោយ​ ក៏​អត្ត​សញ្ញាណ​ប័ណ្ណ​គឺ​នៅ​តែ​សំខាន់​ដដែល​ព្រោះ​អត្តសញ្ញាណ​ប័ណ្ណជា​ការ​បញ្ជាក់​របស់​ជាតិ។ ព្រះ​អង្គចាត់​ទុកថា​ការ​មិន​អនុញ្ញាត្តិ​​ឲ្យ​ព្រះ​សង្ឃ​មាន​អត្តសញ្ញាណប័ណ្ណ​នេះ​​ជាការ​ប្រមាថមួយ​​ដល់​អ្នក​បួស។

ព្រះ​អង្គមាន​ថិរដីការ​បន្ថែមថា៖ « ព្រះ​សង្ឃ​ខ្មែរ​ជា​ជន​ជាតិ​ខ្មែរ ត្រូវ​មាន​អត្តសញ្ញាណ​ប័ណ្ណជាតិ​មួយ ហើយ​ដល់​ពេល​ដែល​ចូល​ទៅ​បួស​មាន​ឆាយា​មួយដើម្បី​សម្គាល់ពី​អង្គភាព​សាសនា អាហ្នឹង​មាន​អី​ខុស រឿង​ប៉ុនហ្នឹង​ដែល​ចេះ​មក​ប្រមាថអ្នក​បួស​ទៅ​រួ​ចដែល​អាត្មា​ថា រឿង​ដែល​ខុស​នោះ​គឺ​ធ្វើ​បាន​ដោយ​ងាយ​ស្រួល​​ណាស់​ពួក​អស់​នោះ រឿង​ត្រឹម​ត្រូវ​ធ្វើ​មិន​កើត​សោះ ហ្នឹង​ហើយ​បាន​គេ​ថា​ល្ងើ​ណា!»។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដើម្បី​បំរើដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ថ្មី​ច្បាប់​បាន​តម្រូវ​ឲ្យ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ទាំង​នោះ​ត្រូវ​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខែ្មរ តែ​សម្រាប់ព្រះ​សង្ឃក្នុង​ការ​ចុះ​ឈ្មោះ​​គឹទាល់​តែ​មាន​ ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ។

​សង្គម​ស៊ីវិល​ដែ​លធ្វើ​ការ​ខាង​បោះ​ឆ្នោតធ្លាប់​បា​ន​ស្នើរ​ទៅ​គ.ជ.ប ឲ្យ​ធ្វើ​ការ​ផ្សព្វ​​​ផ្សាយ​​ជម្រុញ​ឲ្យ​ព្រះ​សង្ឃ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​ តែ​ត្រូវ​បាន​គ.ជ.ប ឆ្លើយ​តប​ថា​ខ្លួន​មិន​ដែល​​ហាម​ព្រះ​សង្ឃ​មិន​ឲ្យ​ចុះ​ឈ្មោះ​បោះ​ឆ្នោតឡើយ ខណៈដែល​ព្រះ​សង្ឃ​តិច​តួច​ប៉ុណ្ណោះ​បាន​ទៅ​ចុះ​ឈ្មោះបោះឆ្នោតនៃចំនួនព្រះ​សង្ឃសរុប​ជិត​៦ម៉ឺន​អង្គ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ