អ្នកជាប់ឃុំថាសុខចិត្តបន្តជាប់គុក ដោយមិនឲ្យបក្សកាន់អំណាចដាក់លក្ខខណ្ឌទេ​

សកម្មជនបក្សប្រឆាំង លោក អ៊ុក ពេជ្រសំណាង

មន្ត្រីជាន់ខ្ពស់​និងសកម្មជនបក្សប្រឆំាង​ ដែលជាប់ឃុំជិត២០នាក់ បា​ន​ប្រាប់​ទៅមេ​ដឹក​នាំខ្លួន​ជាថ្មីទៀតថា ពួកគេសុខចិត្តរស់នៅក្នុងគុក ដោយមិនសុខចិត្តឲ្យគណបក្សកាន់អំណាចដាក់​លក្ខខណ្ឌជាមួយគណបក្សសង្រ្គោះជាតិ ដែលពួកគេចាត់ទុកថា នាំឲ្យប៉ះពាល់ដល់​ប្រយោជន៍ជាតិនោះ​ឡើយ។

ការលើកឡើងនេះ ធ្វើឡើងអំឡុងពេលតំណាង​រាស្ត្របក្សសង្គ្រោះជាតិ ដែល​ដឹកនាំដោយលោក ម៉ៅ មុនី​វណ្ណ​ បានជួប​​មន្ត្រីជាន់ខ្ពស់គណបក្សប្រឆំាង និងសកម្មជនចំនួន១៧នាក់ នា​​​ព្រឹក​​ថ្ងៃពុ​ធ​នេះ នៅក្នុង​ពន្ធនា​គារ​ព្រៃ​ស​។

អ្នកជាប់ឃុំម្នាក់ក្នុងចំណោម១៧នាក់ គឺលោក អ៊ុក ពេជ្រសំណាង បានប្រាប់ទៅលោក ម៉ៅ មុនីវណ្ណ នៅថ្ងៃនេះថា បើមេដឹកនាំតំណាងរាស្ត្រមតិភាគតិចនៃគណបក្សសង្គ្រោះជាតិលោក កឹម សុខា​ បានជួ​បពិភាក្សារការងារ​ជាមួយ​មេ​ដឹក​នាំតំណាង​រាស្ត្រ​​មតិ​ភាគ​ច្រើ​​ន​​នៃគណបក្សប្រជាជនកម្ពុជា​ លោក ស ខេង នា​ពេល​ឆាប់ៗខាងមុខនេះមែន លោកចង់​ឲ្យមេដឹកនាំបក្សប្រឆំាងជជែកគ្នា​រឿង​ដោះ​លែង​ពួក​គេទំា​ង​១៧​នាក់​ ឲ្យមានសេរីភាពវិញ។ ប៉ុន្តែលោកថា បើ​ជំនួបនោះ​បក្សកាន់អំណាចដាក់​សម្ពាធទៅបក្សប្រឆំាង ឬតម្រូវ​ឲ្យ​ទទួលយក​លក្ខខ័ណ្ឌ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់ប្រយោជន៍ជាតិនិងប្រជាពលរដ្ឋទូទំាងប្រទេសនោះ លោកថា​ សុខចិត្តជាប់ឃុំតទៅទៀត។

លោក អ៊ុក ពេជ្រសំណាង បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិត្រូវ​ប្រុងប្រយ័ត្នកលល្បិចនយោបាយ​របស់បក្សកាន់អំណាច ដោយលោកថា ពួកគេសុខចិត្តជាប់គុកដើម្បី​ជួយសង្គ្រោះជាតិ មិនមែនឲ្យជាតិ   សង្គ្រោះពួកគេនោះទេ។

ចំណែក លោក អ៊ុំ សំអាន មន្ត្រីបក្សប្រឆាំងដែលសកម្មរិះគន់រដ្ឋាភិបាលរឿងព្រំដែនបានលើកឡើងប្រាប់លោក ម៉ៅ មុនីវណ្ណ ថា បើមានជំនួបរវាងមេដឹកនាំតំណាងរាស្ត្រនៃបក្សទំាងពីរមែន លោកសុំឲ្យ​ដោះស្រាយរឿង​ពួកគេឲ្យមានសេរីភាពទំាងអស់គ្នា មិនមែនដោះលែងមួយឬពីរនាក់នោះទេ ដោយលោកថាពួកគេជាប់គុកដោយសាររឿង​នយោបាយ​។

តំណាង​រាស្ត្រគណបក្សសង្គ្រោះជាតិលោក ម៉ៅ មុនីវណ្ណ បានឆ្លើយតបទៅនឹងមន្ត្រីនិងសកម្មជនបក្សប្រឆំាងទំាង១៧នាក់នោះថា លោកនិងយកសំណើរនេះជម្រាបទៅថ្នាក់ដឹកនាំ។ ប៉ុន្តែលោកថា បើមានជំនួបរវាងបក្សទំាងពីរមែន លោកថាត្រូវ​តែយកវប្បធម៌សន្ទនាជជែក​គ្នា​ ទើបអាចជួយ​ពួកគេឲ្យសេរីភាពវិញ​៖«រយៈពេលកន្លងមក(រឿងចាប់មន្ត្រីនិងសកម្មជនបក្សប្រឆំាង)ជារឿង​នយោបាយ​ ដូច្នេះរឿងនយោបាយត្រូវបញ្ចប់វិញដោយអ្នកនយោបាយ ជជែកនិងពិគ្រោះគ្នា ជាពិសេសយើងបន្តវប្បធម៌សន្ទនាបន្តទៅទៀត ដើម្បីដោះស្រាយ​បញ្ហា​របស់ជាតិធំៗ»។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ធ្លាប់មានប្រសាសន៍ថា បើមានជំនួប​រវាង​ថ្នាក់ដឹកនាំទំាងពីរ នឹង​មិន​អាច​​​ជជែកគ្នា​ដោះលែងអ្នកជាប់ឃុំបាន​នោះទេ ខណៈ​តុលាការ​មិនទាន់បញ្ចប់​នីតិវិធីនៅឡើយ។

តាមគម្រោង លោក ស ខេង និងលោក កឹម សុខានឹង​ជួប​ពិភាក្សា​ការ​ងារ​ និងដោះស្រាយបញ្ហា​ប្រទេសជាតិក្រោយ​ថ្ងៃ១១មករា បន្ទាប់ពី លោក ស ខេង មកពីទស្សនកិច្ចនៅវៀតណាកាលពីថ្ងៃអង្គារម្សិលមិញ​។

សាស្ត្រាចារ្យនយោបាយ លោក សូ ចន្ថា សង្កេតឃើញថា តុលាការបច្ចុប្បន្ននេះស្ថិតនៅក្រោមឥទ្ធិពលគណបក្សកាន់អំណាច។ ករណីនេះលោកថា មានតែថ្នាក់ដឹកនាំបក្សនេះតែប៉ុណ្ណោះ ទើបអាចដោះស្រាយបញ្ហានេះបាន៖«ខ្ញុំចង់ឃើញគណបក្សដែលមានអំណាចផ្តល់ឱកាសដល់ប្រជាពលរដ្ឋខ្មែរ សកម្មជនសិទ្ធិមនុស្ស សកម្មនយោបាយ គ្រប់និន្នាការនយោបាយអាចចូលរួមបំរើជាតិ ចូលរួមការពារផលប្រយោជន៍ជាតិ ជាជាងការដែលមានការចោទប្រកាន់តាមបែបនយោបាយ ពីព្រោះបទពិសោធន៍អតីតកាលយើងបានរៀនសូត្រទំាងអស់គ្នានៅពេលខ្មែរបែកបាក់ គឺខ្មែរខាតប្រយោជន៍ ប៉ុន្តែនៅពេលដែលខ្មែររួបរួមគ្នាពេលនោះខ្មែរកាន់តែខ្លាំង ហើយខ្មែរនឹងឈានទៅរកការរីកចំរើនហើយ»។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិមួយចំនួនបានដឹកនាំការតវ៉ាមួយនៅស្ពាននាគក្បែរទីលានប្រជាធិបតេយ្យឲ្យអាជ្ញាធរបើកទីលានប្រជាធិបតេយ្យឡើងវិញនិងមានហិង្សាកើតឡើងរវាងអ្នកចូលរួមការតវ៉ានិងសន្តិសុខខណ្ឌដូនពេញ។ ក្នុងរណីនេះ លោក មាជ សុវណ្ណារ៉ានិងសក្មជនគណបក្សសង្គ្រោះជាតិជាង១០រូបផ្សេងទៀតត្រូវតុលាការក្រុងភ្នំពេញផ្តន្ទាទោសកាលពីខែសីហាឆ្នាំ២០១៥ ឲ្យជាប់ពន្ធនាគារពី៧ទៅ២០ឆ្នាំពីបទចូលរួមនិងដឹកនាំកុបកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ