បទយកការណ៍៖ អ្នកបើកបរល្មើសច្បាប់ថា ជួបបញ្ហាប្រឈមច្រើន​ ករណីនគរបាល​ឃាត់​ម៉ូតូ​ទុក​ច្រើនថ្ងៃ

ដោយ លោក ណាត សុភាព​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០១៨​ ម៉ោង 8:27 AM | បទយកការណ៍ | 0 | 778 សកម្មភាព​​ឃាត់​​​​​ម៉ូតូ​​ល្មើសច្បាប់ចរាចរណ៍ (ប្រភព៖ Fresh News)

រយៈពេលមួយសប្តាហ៍ហើយ ដែល​នគរបាល​ចាប់ផ្តើមពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មី​យ៉ាងតឹងតែង ដោយបាន​​ឃាត់​​​​​ម៉ូតូ​​ល្មើសច្បាប់ចរាចរណ៍បានមិនតិចជា ១ពាន់​គ្រឿង​ បញ្ជូនទៅស្នាក់ការ​នគរបាលចរាចរណ៍ផ្លូវ​គោកតាមខណ្ឌនីមួយៗ​ និង​ស្នង​​ការ​​​​ដ្ឋាន​​​នគរបាល​​រាជ​ធានី​​​ភ្នំពេញ​ ដើម្បីរក្សាទុកឲ្យម្ចាស់ម៉ូតូដោះស្រាយតាមច្បាប់។

ការ​ពង្រឹងការ​អនុវត្តច្បាប់ចរាចរណ៍នេះ ធ្វើឡើងក្រោយពីលោកនាយករដ្ឋម​ន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨ បាន​ព្រមាន​​​​​​​ដកអភិបាល​ខណ្ឌ​ដូន​ពេញ​លោក សុខ ពេញវុធ ដោយថា បើមិនរៀប​ចំសណ្តាប់​ធ្នាប់ឲ្យ​បាន​ល្អ​នៅ​​​​ម្តុំ​វិមាន​​ឯករាជ្យ ក្បែរ​ផ្ទះ​រ​បស់​​លោក​ទេនោះ​។

ក្រោយពីលោក ហ៊ុន សែន បញ្ជាឲ្យមន្ត្រីរបស់ខ្លួនឲ្យរៀប​ចំសណ្តាប់ធ្នាប់នៅក្បែរវិមានឯករាជ្យរួចមក អនុគណៈ​កម្មការទី២ នៃ​គណៈ​​កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែល​ដឹកនាំ​ដោយ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន បានប្រកាស​ថា នឹងរឹតបន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍នៅឆ្នាំ២០១៨នេះ ដោយដាក់ចេញ​នូវវិធានការ​ដូច​ជា បើអ្នកបើក​បរ​ម៉ូតូ​គ្មានមួក​សុវត្ថិ​​​​ភាព​​​​ទេ ត្រូវធ្វើការផាកពិន័យ និងឃាត់ម៉ូតូ​ទុករយៈពេល ២ ទៅ ៣ថ្ងៃ​ ហើយ​តម្រូវឲ្យ​អ្នកជិះ​ម៉ូតូទៅ​ទិញមួក ឬ​យក​​មួក​សុវត្ថិ​​​​​​​ភាព មក​បង្ហាញ​សមត្ថកិច្ច​ទើប​អនុញ្ញាតឲ្យយកម៉ូតូត្រឡប់​ទៅ​វិញ។

សកម្មភាពឃាត់ម៉ូតូទុកនៅកន្លែងផាកពិន័យ នៅស្នាក់ការ​នគរបាល​ចរាចរណ៍​ផ្លូវ​​គោក ខណ្ឌទួលគោក (ណាត សុភាព)

ឈរនៅមុខច្រកចូល​នៃ​ស្នាក់ការ​នគរបាលចរាចរណ៍ផ្លូវ​គោក ខណ្ឌដូនពេញ​ លោក ទូច រ័ត្ន​ បានរៀប​រាប់ប្រាប់​អ្នកសារ​ព័ត៌មាន​វីអូឌី​​​ថា គាត់​ត្រូវបាននគរបាល​ចរាចរណ៍ឃាត់ម៉ូតូកាលពីថ្ងៃទី៦ ខែមករា នៅក្បែរផ្ទះលោក ហ៊ុន សែន ដោយសារជិះ​បញ្ច្រាស​ទិស​។ ​​​លោក​បន្តថា ​ក្រោយ​ពី​នគរបាល​ឃាត់ភ្លាម សមត្ថកិច្ចបានបញ្ជូនម៉ូតូរបស់លោកទុកនៅស្នាក់ការ​នគរបាលចរាចរណ៍ផ្លូវ​គោក រយៈ​ពេល៣​ថ្ងៃ ដើម្បី​​​​​ឲ្យ​​​ម្ចាស់​ទៅធ្វើកិច្ចសន្យា​យកម៉ូតូមកផ្ទះវិញ។ ករណីនេះ លោកថា ធ្វើឲ្យគាត់ខាត​ពេលវេលា​ និងខាត​ថវិកាជាដើម។

លោករៀប​រាប់ថា៖ «គ្រាន់តែប៉ុណ្នឹង​ដោះស្រាយ​ទុក​ពន្យា​ពេល​​ ធ្វើ​ឲ្យ​វាមានផល​វិបាក​ដល់​យើងជាម្ចាស់ម៉ូតូ​វិញ ព្រោះបើយើងធ្វើ​ការ​​​…​អត់បាន ព្រោះអីយើងនៅដោះស្រាយឲ្យចប់សិន ព្រោះអីយើងខាតពេលវេលា ខ្ញុំត្រូវ​ទៅប្រឡង​ទៀត​ ព្រោះអីខ្ញុំនៅរៀន»។

​តាម​អនុក្រឹត្យ​​ស្តីពី «​ការពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើស​នឹង​ច្បាប់​ស្តីពី​ចរាចរណ៍ផ្លូវគោក​» ​ចុះកាលពី​ឆ្នាំ២០១៥ បានចែងថា​ ទាំង​​អ្នក​បើក​បរ ទាំង​អ្នក​រួម​ដំណើរ​រាប់​ចាប់ពី​កុមារ​អាយុ ៣​ឆ្នាំ​ឡើង​ទៅ រួម​ទាំង​ព្រះសង្ឃ​ផង ដែល​​មិន​ពាក់​មួក​សុវត្ថិ​ភាព ​ឬ​ពាក់​មួក​មិន​ត្រឹមត្រូវ នឹង​ត្រូវ​ផាក​ពិន័យ​ចំនួន ១៥ ០០០​រៀល ដែល​ខ្ពស់​ជាង​ការ​ពិន័យ​តាម​ច្បាប់​ចាស់ ៥​ដង។ ឯ​អ្នក​បើកបរ​រថ​​យន្ត​ធុន​ស្រាល និង​អ្នក​រួម​ដំណើរ​អង្គុយ​នៅ​ខាង​មុខ​ដែល​មិន​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព ឬជិះបញ្ច្រាសទិស​ នឹង​ត្រូវ​ផាក​ពិន័យ​ចំនួន​ ២៥ ០០០​រៀល ដែល​​កាល​ពី​ច្បាប់​ចាស់ ពិន័យ ៥ ០០០​រៀល។

ការ​ផាក​ពិន័យពលរដ្ឋដែលល្មើសច្បាប់ចរាចរណ៍ (ណាត សុភាព)

លោក សឹម យ៉ាន់​ ដែលអះអាងថា បើកបរបញ្ច្រាសទិសនៅម្តុំវិមានឯករាជ្យ​កាលពីថ្ងៃទី០១ ខែមករានោះ បានបញ្ជាក់ថា នគរបាល​បាន​ឃាត់​ម៉ូតូ​របស់លោក និងអ្នកផ្សេងទៀតជិត ១០គ្រឿង​​ ហើយ​ដឹកតាម​រថយន្តយក​​ទៅទុក​នៅ​ស្នងការដ្ឋាននគរបាល​រាជ​ធានី​ភ្នំពេញ​ចំ​នួន ​៤​​ថ្ងៃ ទើបធ្វើការដោះស្រាយ។ ប៉ុន្តែ​ លោក​ថា នៅពេលធ្វើកិច្ចសន្យា​យកម៉ូតូមកវិញ នគរបាល​ទាម​ទារ​អត្ត​សញ្ញា​ណ​ប័ណ្ណ ​និងប័ណ្ណ​សម្គាល់​ម្ចាស់​កម្ម​សិទ្ធិ​ ដោយ​ផាក​ពិន័យ​លុយ​ពី​ពួក​គេ​​ចំនួន​​ ៤៥ ០០០​រៀល ជាថ្នូរយក​ម៉ូតូ​ត្រឡប់ទៅ​ផ្ទះវិញ។

លោកនិយាយថា៖ «គេផាកពិន័យយើង២៥០០០រៀល ថ្លៃយាម២០០០០រៀល​ ថ្លៃយាមម៉ូតូទំាងអស់ ៤៥០០០រៀល​ មិនដឹង​យល់​យ៉ាង​ម៉េច​ទេ បើខ្ញុំអត់យកទៅផ្ញើផង​ ហើយគេគិតថ្លៃយាម​ ចាប់របស់ខ្ញុំទៅ​ហើយ គេ[នគរបាល​]គិតថ្លៃយាមទៀត បើទូទៅ​គេឲ្យ​ចឹ​ង​ទំាង​អស់​ នៅស្នងការ[នគរបាលរាជធានីភ្នំពេញ]ចឹងទំាងអស់​»។

អ្នកបើកបរល្មើសច្បាប់​ចរាចរណ៍ទំាងនោះ បានលើកឡើងប្រហាក់ប្រហែលគ្នាថា ពួកគេចង់ឲ្យនគរបាល​ឃាត់ម៉ូតូ​ដែល​ល្មើស​ច្បាប់​ដូចជា  មិនគោរពភ្លើង​សញ្ញា គ្មានមួកសុវត្ថិភាព គ្មានស្លាកលេខ និង​គ្មាន​កញ្ចក់ជាដើម ត្រូវ​ធ្វើការផាកពិន័យជា​ប្រាក់ស្រប​តាម  ច្បា​ប់​​​​​​​​​​​កំណត់​នៅ​នឹង​កន្លែង​កើតហេតុ ជាជាងចាប់ម៉ូតូបញ្ជូនទៅ ស្នាក់ការ​នគរបាល​ចរាចរណ៍​ផ្លូវ​​គោក ឬស្នងការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​​​ភ្នំពេញ​ ដោយថា កុំឲ្យប្រជាពលរដ្ឋខាតពេលវេលា និងថវិកា​ នៅពេលទៅ​ដោះស្រាយ​ជាមួយ​នគរបាល។

បណ្តើរម៉ូតូចេញពីកន្លែងផាកពិន័យ នៅស្នាក់ការ​នគរបាល​ចរាចរណ៍​ផ្លូវ​​គោក ខណ្ឌទួលគោក​​ លោក ឆៃ នរៈ ដែល​អះអាង​ថា បើកម៉ូតូមិនមានមួកសុវត្ថិភាព បានបង្ហាញការពេញចិត្ត​នឹងនគរបាល ដែល​បាន​ឃាត់ម៉ូតូរបស់​លោក និង​​ផាក​ពិន័យ ​១៥ ០០០រៀលស្របតាមច្បាប់។ ប៉ុន្តែ​ លោកស្នើ​ទៅសមត្ថកិច្ចគួរ​តែធ្វើការ​ដោះ​ស្រាយ​​​​​​នៅ​នឹង​កន្លែងកើតហេតុ​​វិញ ដោយថា​ ដើម្បី​ឲ្យពលរដ្ឋចំណេញពេលវេលា​​។

ការបណ្តើរម៉ូតូចេញពីកន្លែងផាកពិន័យ នៅស្នាក់ការ​នគរបាល​ចរាចរណ៍​ផ្លូវ​​គោក (ណាត សុភាព)

លោកលើកឡើងថា៖ «ឲ្យគេ[នគរបាល​]ដោះស្រាយនៅកន្លែង[កើតហេតុ]ភ្លាមៗក៏ចំណេញពេលវេលាយើងដែរ អត់សូវ​ខាតពេលវេលា​ហើយក៏វាល្អដែរសម្រាប់អ្នកដែលនៅតាមខេត្ត​ ពិបាកយកអត្តសញ្ញាណប័ណ្ណ… ខ្ញុំនៅភ្នំពេញ ខ្ញុំអត់អីទេ​ ព្រោះជិតៗហ្នឹង យើង​ស្រួលដោះស្រាយ តែសម្រាប់បងប្អូនដែលនៅតាមខេត្តពិបាកបន្តិច​ ព្រោះគាត់ជិះយក[អត្តសញ្ញាណប័ណ្ណ កាតគ្រី​ម៉ូតូ​]មក​ឲ្យយូរ​ ហើយ​យក​មក​ឲ្យហើយ​ដល់ម៉ោង​គេបិទកន្លែងធ្វើការ អត់បាន​ដោះស្រាយទៀត ដ៏ស្អែកពេលព្រឹកបានដោះស្រាយបន្ត​ទៀត»​។

របាយការណ៍សាលារាជធានីភ្នំពេញ ឲ្យដឹងថា នៅភ្នំពេញ​ ចំនួន​រថយន្ត និងម៉ូតូ​មានប្រមាណជាង ៣.២លាន​គ្រឿង បូក​រួម​ជាមួយតាក់ស៊ី និង​ត្រីចក្រយាន ​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវជា​រៀង​រាល់​ថ្ងៃ ស្របពេលបញ្ហា​គ្រោះថ្នាក់ចរាចរណ៍ និងការកកស្ទះ បានក្លាយជា​ បញ្ហា​ពិបាក​ដោះ​ស្រាយ​។

ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់​ធ្នាប់​សាធារណៈ លោក រុន រ័ត្នវាសនា បាន​ប្រាប់​វីអូឌី​កាល​ពីថ្ងៃទី២​ខែ​មករា​នេះថា មនុស្ស​ដល់​ទៅ ១ ៧៨០​នាក់ បាន​ស្លាប់​ ហើយ​មនុស្ស​ ៥ ៥៣៩​នាក់ បាន​រង​របួស​នៅ​ក្នុងគ្រោះ​ថ្នាក់​ចរាចរណ៍​ កាល​ពី​ឆ្នាំ​២០១៧​​កន្លង​មក​នេះ ដោយ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង ៦៣​នាក់ បើទោះបី​ចំនួន​អ្នក​រង​របួស​ថយ​ចុះ​ក៏​ដោយ បើ​ធៀប​ទៅ​នឹង​តួលេខ​​ឆ្នាំ​២០១៦។

ទាក់ទងចរាចរណ៍នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ កាលពីខែមករា ឆ្នាំ២០១៦​ ប្រកាស​ឲ្យ​ប្រជា​ពលរដ្ឋ​ដែល​បាន​ធ្វើ​ប័ណ្ណ​បើកបរ​ម៉ូតូ​ប្រភេទ​ក​១ គឺ​ម៉ូតូ​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ (CC) ចុះ​ក្រោម ឲ្យ​ទៅ​បំពេញ​នីតិវិធី​ដើម្បី​ទទួល​យក​ថវិកា​វិញ។ ការ​ចេញ​សេចក្ដី​ជូន​ដំណឹង​នេះ ធ្វើឡើង​​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ជា​សាធារណៈ​ថា លោក​សម្រេច​លុប​ចោល​មិន​ចាំ​បាច់​ឲ្យ​មាន​ប័ណ្ណ​បើកបរ​ទៀត​ទេ ដើម្បី​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ថវិកា និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ។

នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ យល់ថា ដើមចមដែលនាំឲ្យប្រជាពលរដ្ឋជាងមួយពាន់នាក់​បើកបរល្មើសច្បាប់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ​នា​ដើមឆ្នាំ២០១៨នេះ​ ទំនងជាពួកគេមិនយល់​ពី​ច្បាប់ចរាចរណ៍ឲ្យបានច្បាស់ ដោយសារអ្នកបើកបរ​ម៉ូតូ​ក្រោម​ ​​​១២៥​សេសេ រដ្ឋាភិបាល​មិនបាច់ឲ្យ​​មានប័ណ្ណបើកបរនោះទេ។

ករណីនេះ លោក សន ជ័យ ហាក់មិនមានជំនឿលើការទប់ស្កាត់បទល្មើសចរាចរណ៍នេះឲ្យមានប្រសិទ្ធិភាពនោះទេ ដោយសារ​អ្នក​បើក​បរ​ទំាង​នោះភាគ​ច្រើនមិនបានចូលរៀន​បើកបរ និងខ្វះចំណេះដឹងផ្នែកចរាចរណ៍នេះ។ លោកថា ស្ថាប័នពាក់ព័ន្ធត្រូវ​ធ្វើសិក្ខា​សាលា​ថ្នាក់ជាតិមួយ ដើម្បីពិភាក្សារកដំណោះស្រាយ​ពីអ្នកដែលនៅតែល្មើសច្បាប់ចរាចរណ៍ ទើបទទួលបានផលវិជ្ជមាន​។

លោកយល់ថា៖ «ដរាបណាមានការសិក្សាស្រាវជ្រាវមួយ យកសំណូមពរ​ពីអ្នកបើកបរទំាងឡាយ យកទៅរៀប​ចំ​ជា​គោលនយោបា​យ ជាវិធានការ​ ខ្ញុំគិតថាជាជំរើសដែលអាច​ឈានដល់ការរកដំណោះស្រាយ​បានដែរ​ ប៉ុន្តែបើសិនជារឿង​ហ្នឹងនៅតែ​ អនុវត្ត​អនុ​សាសន៍​[លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន]ច្រើនជាង​​ការអនុវត្តច្បាប់ដែលមានស្រាប់ បញ្ហាហ្នឹងមិនអាច​ដោះស្រាយ​បាន​ទេ​ អាច​ថាវាក្តៅតែ​ក្នុង​រយៈពេល​វេលាមួយ ហើយ​វា​អាច​ផុត​រលត់​នៅក្នុង​ពេលវេលា​មួយ​ណាផ្សេងទៀត​ដែរ​»៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required