ក្រសួង​ការបរទេស​ថា លោក ហ៊ុន សែន លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​សន្តិភាព​ក្នុង​តំបន់

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន (កណ្ដាល) ព្រលែង​ព្រាប​នៅ​ក្នុង​ពិធី​រំលឹក​ខួប ៣៩​ឆ្នាំ​នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា ដែល​ធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៨។ រូបថត៖ ទំព័រ​ហ្វេសប៊ុក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន

ក្រសួង​ការបរទេស​កម្ពុជា បាន​អះ​អាង​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​សន្តិភាព​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ អំឡុង​វេទិកា​មេគង្គ-ឡានឆាង កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្រុម​មេដឹកនាំ​កម្ពុជា ចិន ថៃ ឡាវ ភូមា និង​វៀតណាម បាន​ជួប​ប្រជុំ​គ្នា​នៅ​ឯ​​កិច្ច​ប្រជុំ​កំពូល ​«មេគង្គ​-ឡានឆាង»​លើក​ទី២ នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​ក្រោយ​ការបញ្ចប់​ទៅ​នៃ​ជំនួប​កំពូល​នោះ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​ថា លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​លើក​ឡើង​អំពី​សារៈ​សំខាន់​នៃ​សន្តិភាព​ប្រកប​ដោយ​និរន្ត​ភាព និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​យូរ​អង្វែង​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ ជា​តំបន់​ដែល​លោក ហ៊ុន សែន ថា ធ្លាប់​ខ្ទេច​ខ្ទី​ដោយសារ​សង្គ្រាម និង​ការ​ប្រកួត​ប្រជែង​មនោគមវិជ្ជា កាល​ពី​អតីត​កាល។

ក្រៅ​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​សន្តិភាព ក្រសួង​ការបរទេស​ថា លោក ហ៊ុន សែន បាន​លើក​ឡើង​អំពី​សមិទ្ធផល​របស់​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​ទន្លេ​មេគង្គ ដែល​សម្រេច​ឡើង​តាម​រយៈ​អ្វី​ដែល​​លោក ហ៊ុន សែន ហៅ​ថា សន្តិ​សហវិជ្ជមាន ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​ចំពោះ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​ប្រទេស​នីមួយៗ និង​ការ​មិន​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃ​ក្នុង​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ឡើយ។

នៅ​ក្នុង​វេទិកា​ថ្នាក់​តំបន់​មួយ​នេះ ក្រុម​មេដឹកនាំ​ទាំង​នោះ បាន​សម្រេច​លើ​ផែនការ​សកម្មភាព​រយៈ​ពេល ៥​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០ សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​មេគង្គ-ឡានឆាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ