រដ្ឋាភិបាល​ថា ភ្ញៀវ​ទេសចរ​កើន​ឡើង​ជាង​១១​% ខណៈ​ចិន​ឈរ​លើ​កំពូល​តារាង

ភ្ញៀវជាតិ​ និង​អន្តរជាតិ​ដែលបានទៅទស្សនា​អង្គរកាលពី​ពេល​​កន្លង​មក​​(រូបថត៖ បូ សាវី)

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ឲ្យដឹងថា កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិសរុប ៥​លាន ៦​សែន​នាក់ កាល​ពី​ឆ្នាំមុន ជាមួយ​កើនឡើង ១១.៦ភាគរយ បើធៀបនឹងឆ្នាំ២០១៦។

លោក ថោង ខុន ត្រូវ​បាន​សារព័ត៌មាន Fresh News ដក​ស្រង់​សម្ដី​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃម្សិល​មិញ​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា មាន​ចំនួន ៥​លាន ៦​សែន​នាក់ ក្នុង​នោះ​ទេសចរ​ចិន​ស្ថិត​នៅ​លំដាប់​ទី​១ ដោយ​មាន​ចំនួន ១​លាន ២​សែន​នាក់ ជាមួយ​កំណើន ៤៦​ភាគរយ បើធៀប​នឹង​តួលេខ​ឆ្នាំ​២០១៦។

ចំណែក​របាយការណ៍​គ្រឹះស្ថាន​អង្គរ​ដែល​ជា​ស្ថាប័ន​គ្រប់​គ្រង​លើ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ បាន​ឲ្យ​ដឹ​ង​ថា ភ្ញៀវ​ទេសចរ​បរទេស​ដល់​ទៅ​ជាង ២​លាន ៤៥​ម៉ឺន​នាក់ បាន​ចូល​ទស្សនា​តំបន់​សម្បូរ​ដោយ​សំណង់​ប្រវត្តិសាស្ត្រ​មួយ​នេះ កាល​ពី​ឆ្នាំ​២០១៧ ជាមួយ​សន្ទុះ​កំណើន ១១.៨២​ភាគរយ បើធៀប​នឹង​តួលេខ​ឆ្នាំ​២០១៦​កន្លង​មក។

ជាមួយ​តួលេខ​ភ្ញៀវ​ទេសចរ​បែប​នេះ គ្រឹះស្ថាន​អង្គរ​បាន​ឲ្យ​ដឹង​ថា ខ្លួន​អាច​ប្រមូល​ចំណូល​បាន​ដល់​ទៅ​ជាង ១០៧​លាន ៩៧​ម៉ឺន​ដុល្លារ ហើយ​កើន​ឡើងដល់​ទៅ​ជាង ៧២​ភាគរយ បើធៀប​នឹង​ចំណូល​នៃ​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​កាល​ពី​ឆ្នាំ​២០១៦​កន្លង​មក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ