មន្ត្រី​រៀបចំដែនដីក្នុង​ខេត្តកំពង់ចាមបដិសេធការចោទប្រកាន់ពីអំពើពុករលួយ​

ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល ក្នុងស្រុកកងមាស ខេត្តកំពង់ចាមលោក ម៉ៅ ប៊ុនថុន បដិសេធការចោទប្រកាន់ទាក់ទងនឹងការទារប្រាក់ពីប្រជាពលរដ្ឋជាថ្នូរទៅនឹងការចេញលិខិតសាងសង់ផ្ទះ ការទិញលក់ដី និងការអនុញ្ញាតឲ្យសាងសង់ស្ថានីយប្រេងឥន្ធនៈ។

យោងតាមលិខិតមួយច្បាប់របស់អង្គភាពប្រឆាំងអំពើពុករលួយដែលបានចេញជាសាធារណៈកាលពីថ្ងៃពុធ លោក ម៉ៅ ប៊ុនថុន បានរងការចោទប្រកាន់ថាប្រព្រឹត្តភាពមិនប្រក្រតីមួយចំនួនក្នុងការអនុវត្តតួនាទីរបស់លោក ដូចជាទារប្រាក់៥០០ដុល្លារពីប្រជាពលរដ្ឋជាថ្នូរនឹងការអនុញ្ញាតឲ្យសាងសង់ផ្ទះ ទារប្រាក់១០០ដុល្លារពីប្រជាពលរដ្ឋនៅពេលចុះវាស់ព្រំប្រទល់ក្នុង១ក្បាលដី និងទារប្រាក់ពី៣០០០ទៅ៥០០០ដុល្លារពីអាជីវករ ដើម្បីជាថ្នូរនឹងការអនុញ្ញាតឲ្យសាងសងស្ថានីយប្រេងឥន្ធនៈ១កន្លែង។

នៅក្នុងលិខិតដដែលនោះ លោក ម៉ៅ ប៊ុនថុន បានបំភ្លឺទៅកាន់អង្គភាពថាលោកមិនបានប្រព្រឹត្តដូចការចោទប្រកាន់នោះទេ។ លោក ម៉ៅ ប៊ុនថុន បានបំភ្លឺនៅក្នុងលិខិតនោះថា ករណីដែលចោទថាលោកបានទារប្រាក់ពីប្រជាពលរដ្ឋ៥០០ដុល្លារជាថ្នូរនឹងការអនុញ្ញាតឲ្យសាងសង់ផ្ទះនោះ លោកថាលោកមិនមានសិទ្ធិចេញលិខិតសម្រេចឲ្យសាងសង់នោះទេ ដោយលោកថា លោកគ្រាន់តែមានសិទ្ធិចុះទៅពិនិត្យប្លង់ និងបោះព្រំដី ដើម្បីកំណត់ទំហំផ្លូវនិងចំណីផ្លូវ និងមានសិទ្ធិចុះហត្ថលេខាលើពាក្យសុំលិខិតអនុញ្ញាតច្បាប់សាងសង់ ហើយបញ្ជូនទៅអភិបាលស្រុកចុះហត្ថលេខា មុនបញ្ជូនឡើងទៅខេត្តបន្តទៀត។

ចំពោះការចោទប្រកាន់ពីការទារប្រាក់ពីប្រជាពលរដ្ឋទិញលក់ដីធ្លីពេលចុះវាស់ព្រំប្រទល់នោះ  លោក ម៉ៅ ប៊ុនថុន បានបកស្រាយនៅក្នុងលិខិតនោះថា រាល់ការទិញលក់ដីដែលមានប័ណ្ណ និងដីពុំទាន់មានប័ណ្ណ ជាទូទៅមិនបានឆ្លងកាត់ការិយាល័យរបស់លោកនោះទេ។ ចំណែកករណីដែលថាលោកបានទារប្រាក់ពីអាជីវករពី៣០០០ដល់៥០០០ដុល្លារជាថ្នូរនឹងការអនុញ្ញាតឲ្យសាងសង់ស្ថានីយប្រេងឥន្ធនៈនោះ លោកថារាល់ការសាងសង់ស្ថានីយប្រេងឥន្ធនៈក្នុងស្រុកភាគច្រើនគឺម្ចាស់ស្ថានីយជាអ្នករត់តាមលំដាប់លំដោយដល់ថ្នាក់ខេត្តដោយខ្លួនឯង ដោយលោកថា លោកមានសិទ្ធិត្រឹមតែចុះវាស់វែងកំណត់ចំណីផ្លូវ និងចុះហត្ថលេខាបញ្ជូនតាមរយៈការិយាល័យប៉ុណ្ណោះ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ប្រាប់វីអូឌី(VOD)នៅព្រឹកនេះថា អង្គភាពមានតួនាទីបង្ហាញពាក្យបណ្ដឹង និងការស្រាយបំភ្លឺរបស់អ្នកដែលត្រូវចោទ។ លោកថា ករណីនេះគឺអាស្រ័យលើអ្នកដែលបានដាក់ពាក្យបណ្ដឹងទទួលយកការបកស្រាយនោះក្នុងកម្រិតណា ហើយអង្គភាពនឹងរង់ចាំទទួលប្រតិកម្មបន្តទៀតរបស់អ្នកដាក់ពាក្យប្ដឹងនោះ។

នៅក្នុងករណីចោទប្រកាន់ពុករលួយកន្លងមក លោក ឱម យ៉ិនទៀង បានឲ្យដឹងថា អង្គភាពនឹងបិទបញ្ចប់ករណីចោទប្រកាន់ ប្រសិនជាខាងភាគីដើមចោទមិនមានប្រតិកម្មតបនឹងការបំភ្លឺ។ លោកបានបន្តថា ប្រសិនបើភាគីដើមចោទមានប្រតិកម្មនឹងការឆ្លើយបំភ្លឺ នោះអង្គភាពនឹងបន្តឲ្យមានការឆ្លើយបំភ្លឺបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ