លោក កឹម សុខា បដិសេធព័ត៌មានទៅក្រៅប្រទេស គេចពីបាតុកម្មប្រឆាំងរូបលោក​

លោក កឹម សុខា ចុះសួរសុខទុក្ខ​សកម្មជនបក្សប្រឆាំង​នៅពន្ធនាគារព្រៃស ព្រឹកថ្ងៃព្រហស្បតិ៍នេះ(រូបថត​ដោយ​ហេង វិចិត្រ)
លោក កឹម សុខា ចុះសួរសុខទុក្ខ​សកម្មជនបក្សប្រឆាំង​នៅពន្ធនាគារព្រៃស ព្រឹកថ្ងៃព្រហស្បតិ៍នេះ(រូបថត​ដោយ​ហេង វិចិត្រ)
លោក កឹម សុខា ចុះសួរសុខទុក្ខ​សកម្មជនបក្សប្រឆាំង​នៅពន្ធនាគារព្រៃស ព្រឹកថ្ងៃព្រហស្បតិ៍នេះ(រូបថត​ដោយ​ហេង វិចិត្រ)

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅថ្ងៃព្រហស្បតិ៍នេះបានបដិសេធថាលោកមិនមានគម្រោងទៅក្រៅប្រទេសដើម្បីគេចខ្លួននៅពេលមានបាតុកម្មប្រឆាំងរូបលោក។

ក្នុងពេលចុះសួរសុខទុក្ខសកម្មជនបក្សប្រឆាំងនៅពន្ធនាគារព្រៃស លោក កឹម សុខា បានលើកឡើងថាលោក​មិនចេញទៅប្រទេសណានោះទេ បើទោះ​មានបាតុកម្មប្រឆាំងរូបលោក។ ឆ្លើយតបនឹងសំណួរអ្នកសារ​ព័ត៌មានសួរថាបើមានបាតុកម្មតើលោកនឹងមា​នគម្រោងចាកចេញពីប្រទេសកម្ពុជា លោកមានប្រសាសន៍ថា៖ “ហេ! ខ្ញុំមិនទៅណាទេ។ ខ្ញុំធ្វើការនៅទីនេះ”

ការលើកឡើងរបស់លោក កឹម សុខា ធ្វើឡើងក្រោយពេលបុគ្គលលេចធ្លោតាមប្រព័ន្ធសង្គមហ្វេសប៊ុកនិងគាំទ្រគណបក្សប្រជាជនកម្ពុជានិងជាទាហានក្នុងជួរកងយោធពលខេមរភូមិន្ទ លោក ខាន់ ចាន់សុផល បានបង្ហោះសារតាមហ្វេសប៊ុកថាលោក កឹម សុខា នឹងចេញពីប្រទេសដើម្បីគេចពីអំពើហិង្សាតាមរយៈបាតុកម្មប្រឆាំងរូបលោក។ លោកបានសរសេរថា៖ “លោក កឹម សុខា ខ្លាចអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាធ្វើបាតុកម្មដុតផ្ទះរបស់គាត់ឬទាញគាត់ចេញពីក្នុងឡានហើយវាយដំដូចតំណាងរាស្ត្រទាំងពីររូបនោះ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់បានថ្លែងបាតុកម្មប្រឆំាងនឹងបាតុកម្មនឹងកើតមានជាថ្មីទៀត ប្រសិនបើអ្នកគំាទ្រគណបក្សប្រឆំាងនៅសហរដ្ឋអាមេរិកធ្វើបាតុកម្មប្រឆំាងរូបលោកដែលទៅចូលរួមប្រជុំអាស៊ានសហរដ្ឋអាមេរិកនៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ។

ចំណែកប្រជាពលរដ្ឋខ្មែរអាមេរិកកាំងប្រកាសជាថ្មីថាខ្លួននឹងធ្វើបាតុកម្មនៅពេលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក បើទោះជាលោក សម រង្ស៊ី មេដឹកនាំបក្សប្រឆាំងព្រមានកុំឲ្យធ្វើបាតុកម្មក៏ដោយ។ លោកបានថ្លែងថា៖ “រឿងបាតុកម្ម គណបក្សសង្រ្គោះជាតិគឺសូមឲ្យបងប្អូនផ្អាកទាំងអស់ គម្រោងធ្វើបាតុកម្មនៅទីណាក៏ដោយ ពីព្រោះការធ្វើបាតុកម្មនេះ វាអត់មានចំណេញអ្វី ខាត។ អ្វីដែលយើងចង់បានជាអាទិភាព ការបោះឆ្នោត ហើយយើងចូលក្នុងអន្ទ្រាក់គេហើយ បើយើងចូលធ្វើបាតុកម្ម គេមានលេស គេប្រើអំពើហិង្សា សភាពការណ៍តានតឹង វាកាន់តែកើនឡើង អាហ្នឹងវាមិនដឹងជាទៅណា…”

គួរបញ្ជាក់ថាកាលពីលោក ហ៊ុន សែន ទៅសហរដ្ឋអាមេរិកកាលពីខែកញ្ញា ឆ្នាំ២០១៥ មានបាតុកម្មអហិង្សាមួយប្រឆំាងនឹងវត្តមានរូបលោក។ មួយខែក្រោយមកខណៈពេល លោក ហ៊ុន សែន ទៅធ្វើទស្សនកិច្ចនៅប្រទេសបារំាងក៏មានបាតុកម្មដោយអហិង្សាទាមទារឲ្យលោកចុះចេញពីតំណែង។ ភ្លាមៗនោះលោក ហ៊ុន សែន បានប្រកាសពីទីក្រុងប៉ារីសមកថាលោកគំាទ្រឲ្យមានបាតុកម្មនៅកម្ពុជាតបតវិញដើម្បីទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា។ បាតុកម្មប្រឆាំងលោក កឹម សុខា ក៏បានកើតមាន ហើយក្នុងថ្ងៃនោះ តំណាងរាស្ត្រគណបក្សប្រឆំាងពីររូបត្រូវគេវាយឲ្យរងរបួសធ្ងន់គឺលោក គង់ សភានិងលោក ញ៉យ ចំរើន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ