វិភាគ៖ តើលោកនាយករដ្ឋមន្ត្រីពិបាកទេក្នុងការស្វែងរកព័ត៌មានពីទុក្ខលំបាករបស់ពលរដ្ឋ?​​

លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា

កាលពីថ្ងៃទី៨ខែកុម្ភៈឆ្នាំ២០១៦កន្លងទៅនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំមន្ត្រីរបស់លោកនៅតាមក្រសួងស្ថាប័ននានាឲ្យតាមដានហ្វេសប៊ុករបស់លោក​ជាប្រចាំដើម្បីបានដឹងពីទុក្ខកង្វល់ដែលពលរដ្ឋបានលើកឡើងនៅតាមបណ្តាញសង្គមនេះ។​

លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថាហ្វេសប៊ុករបស់លោក​ទទួលបានការលើកឡើងពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋ​នៅទូទាំងប្រទេស។​

មួយរយៈកាលចុងក្រោយនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានធ្វើសកម្មភាពសាមញ្ញ​ៗដូចជាជួបអ្នកធាក់ស៊ីក្លូនៅជិតផ្ទះរបស់លោកនៅក្បែរវិមានឯករាជ្យ ការដើរហាត់ប្រាណជាមួយសាធារណជនទូទៅ ការសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងការបរិភោគអាហារតាមដងផ្លូវជាដើម។​​

សកម្មភាពតាមហ្វេសប៊ុកនិងសកម្មភាពសាមញ្ញៗរបស់នាយករដ្ឋមន្ត្រីមួយរយៈកាលចុងក្រោយនេះទោះជាមានអ្នកវិភាគខ្លះថាលោកធ្វើឡើងដើម្បីយកចិត្តយកថ្លើមពលរដ្ឋ​ក្រោយពេលបាត់បង់សំឡេងឆ្នោតគាំទ្រ​ក៏ដោយក៏មានអ្នកវិភាគគាំទ្រខ្លះចាត់​ទុកថានេះជាសកម្មល្អរបស់មេដឹកនាំដែលស្វែងយល់ដោយផ្ទាល់ពីទុក្ខលំបាក​របស់ពលរដ្ឋ​ដើម្បីយកទៅដោះស្រាយ។ លោក​នាយករដ្ឋមន្ត្រីក៏ធ្លាប់លើកឡើងដែរទុក្ខកង្វល់របស់ប្រជាពលរដ្ឋគឺជាទុក្ខកង្វល់របស់លោក​ផ្ទាល់​។​

កាលពីឆ្នាំ២០១៤លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បានស្តីបន្ទោសឲ្យមន្ត្រីក្រោមបង្គាប់របស់លោកថាបានរារាំងពលរដ្ឋ​មិនឲ្យយកញត្តិឬលិខិតសំដែងពីទុក្ខកង្វល់​ប្រគល់ឲ្យលោកនាំឲ្យលោកមិនបានដឹងថាពលរដ្ឋកុំពុងជួបទុក្ខលំបាកអ្វីខ្លះ។​​

ក្រោយការណែនាំតែមួយថ្ងៃក្រសួងស្ថាប័នរបស់រដ្ឋប្រមាណ១០ប្រកាសពីសមាសភាពក្រុមការងាររបស់ខ្លួន​ដែលត្រូវរៀបចំឲ្យ​តាមដានប្រចាំនៅលើហ្វេសបុករបស់លោកនាយករដ្ឋមន្ត្រីដើម្បីបានដឹងពីទុក្ខកង្វល់របស់ពលរដ្ឋហើយចាត់វិធានការដោះ ស្រាយឲ្យបានទាន់ពេលវេលានិងតម្លាភាព។​

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សាមិន្ទ ចម្រើនជ័យ យល់ឃើញថាអាចជាការល្អដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់ហ្វេសប៊ុករបស់លោកក្នុងការតាមដានពីទុក្ខកង្វល់ពលរដ្ឋព្រោះលោកថាកន្លងមកមន្ត្រីថ្នាក់ក្រោមព្យាយាមលាក់បាំងព័ត៌មានពិតនៅតាមមូលដ្ឋាន​។

ទោះយ៉ាងណាលោក ចម្រើនជ័យ ថ្លែងថាការប្រមូលព័ត៌មាន​តាមហ្វេសប៊ុក​លោកនាយករដ្ឋមន្ត្រីគឺបានតែមួយចំណែកតែប៉ុណ្ណោះលោកថាដើម្បីទទួលបានព័ត៌មានពិតហើយដោះស្រាយបញ្ហាទុក្ខកង្វល់របស់ពលរដ្ឋ​ឲ្យមានប្រសិទ្ធិភាពនោះគឺត្រូវពង្រឹងមន្ត្រីជំនាញនៅតាមស្ថាប័នឲ្យមានការទទួលខុសត្រូវចំពោះកិច្ចការនេះ។ លោកបន្តថា៖ “ពេលខាងមុខទៀតតើគាត់នៅតែកាន់តំណែងហ្នឹងទៀតដែរឬអត់?​ ចឹងបើវាក្លាយជាយន្តការថ្នាក់ជាតិមួយវានឹងក្លាយទៅជាប្រព័ន្ធមួយទោះបីថាដូរមនុស្សក៏ដោយទោះបីថាគាត់មានបញ្ហាសុខភាពស្អីក៏ដោយគឺយន្តការហ្នឹងនៅតែដើរព្រោះមានយន្តការសម្រាប់ឲ្យមនុស្សធ្វើការរួចទៅហើយ”។

អាចជាផ្នែកដែលបញ្ជាក់ថាការពឹងតែលើហ្វេសប៊ុកលោកនាយករដ្ឋមន្ត្រីមិនអាចទទួលបានព័ត៌មានគ្រប់ដែរព្រោះបច្ចុប្បន្នពលរដ្ឋខ្មែរមានជាង១៥លាននាក់តែការសិក្សាររួមគ្នារបស់ USAID  វិទ្យាស្ថានបើកទូលាយ និងមូលនិធិអាស៊ីចេញផ្សាយកាលពីខែវិច្ឆិកាឆ្នាំ២០១៥បង្ហាញថាចំនួនអ្នកប្រើប្រាស់អ៊ិនធើណែតនិងហ្វេសប៊ុក​មានតែជាង៣លានឈ្មោះខណៈអ្នកខ្លះម្នាក់ឯងប្រើឈ្មោះហ្វេសប៊ុកពីរឬបីផ្សេងគ្នា។​

បើយើងពិនិត្យមើលស្ថានភាពបច្ចុប្បន្ន​សម័យទំនើបផ្លូវធ្វើដំណើរហាក់ងាយស្រួលអាចធ្វើដំណើរបានរាប់រយគីឡូក្នុងមួយថ្ងៃ បច្ចេកវិទ្យាព័ត៌មានទំនើបគេអាចដឹងហេតុការណ៍នៅក្នុងប្រទេសនិងនៅលើពិភពលោកតែប៉ុន្មាននាទីប៉ុណ្ណោះក្រោយហេតុការណ៍កើតឡើង។

ចុះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាពិបាកក្នុងការស្វែងរកព័ត៌មានពិតពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋឬយ៉ាងណា?

កន្លងមកលោកនាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏ធ្លាប់បាន​គេសរសើរថាជាអ្នក​ពូកែប្រមូលព័ត៌មានដែរគឺពេលគណបក្សប្រជែងលោកប្រជុំបែបសម្ងាត់ក៏លោកនៅតែទទួលបានព័ត៌មានដែរ។

បើនិយាយពីកម្មករនិងអ្នកមានជម្លោះដីធ្លីដែលស្វែងរកកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រីវិញគឺលោកនាយករដ្ឋមន្ត្រីមិនបាច់បើកហ្វេសប៊ុកទេគ្រាន់តែអង្គុយនៅមុខផ្ទះហើយបើកទ្វាររបងក៏ឮសំឡេងស្រែកយំរបស់ពលរដ្ឋ​អ្នកមានជម្លោះដីធ្លីនិងកម្មករស្រែកសុំកិច្ចអន្តរាគមន៍ដែរព្រោះអ្នកជួបបញ្ហាទាំងនោះតែងព្យាយាមប្រមូលផ្តុំនៅមុខផ្ទះលោកនាយករដ្ឋមន្ត្រីនៅក្បែរវិមានឯករាជ្យតែពេលខ្លះត្រូវសមត្ថកិច្ចបង្រ្កាបនិងចាប់ខ្លួន។​

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ​ដើម្បីអភិវឌ្ឍន៍និងសន្តិភាពលោក យង់ គិមអេង លើកឡើងថាជាប្រភពព័ត៌មានសំខាន់ដែលលោកនាយករដ្ឋមន្ត្រីអាចស្តាប់ការតវ៉ារបស់ពលរដ្ឋនិងស្តាប់ពលរដ្ឋ​លើកឡើងពីទុក្ខកង្វល់តាមប្រព័ន្ធផ្សព្វផ្សាយនានា។ លោកបន្ថែមថា៖ “បាទអាហ្នឹងពលរដ្ឋគេឲ្យច្រើនណាស់តាមរយៈគេតវ៉ា គេចរចាមិនបាន គេបាតុកម្ម គេនិយាយតាមវិទ្យុទូរទស្សន៍អីច្រើនបាទគួរតែស្រង់មតិយកតាមហ្នឹងដែរបាទ”។​

ទោះយ៉ាងណាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង​មន្ត្រីរបស់លោកតែងច្រានចោលរបាយការណ៍របស់អង្គការសង្គមស៊ីវិលជាតិនិង​អន្តរជាតិសរសេរពីភាពខ្វះចន្លោះរបស់រដ្ឋាភិបាល​ជាញឹកញាប់ហើយចោទថាអង្គការទាំងនោះធ្វើរបាយការណ៍កុ​ហក​សរសេរអាក្រក់ពីរដ្ឋាភិបាលដើម្បីទទួលបានជំនួយ។​ អ្នកវិភាគបញ្ហាសង្គមខ្លះលើកឡើងថារបាយការណ៍លើកឡើងពីភាពខ្លះចន្លោះមួយចំនួន​មន្ត្រីរដ្ឋាភិបាលមិនទាន់បានមើលផងក៏ប្រកាសច្រានចោលទៅហើយ។​

កំណែទម្រង់ស៊ីជម្រៅ​ក្នុងការដោះស្រាយទុក្ខលំបាករបស់ពលរដ្ឋឲ្យបានទាន់ពេលជាកំណែទម្រង់មួយដែលរដ្ឋាភិបាល​ដឹក​នាំដោយគណបក្សប្រជាជនកម្ពុជាដាក់ចេញក្រោយពេលគណបក្សដឹកនាំប្រទេសជិត៤០ឆ្នាំមកនេះបានបាត់បង់សំឡេងគាំទ្រអស់២២អាសនៈក្នុងពេលបោះឆ្នោតអាណត្តិទី៥ឆ្នាំ២០១៣។​ កំណែទម្រង់ស៊ីជម្រៅបានជ្រៅកម្រិតណានោះប្រហែលជាត្រូវរង់ចាំមើលលទ្ធផលនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០១៧និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៨៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ