ស្នងការខេត្តសៀមរាបច្រានចោលកាចោទប្រកាន់ថានគរបាលមិនបង្ក្រាបការជួញដូរគ្រឿងញៀន​

ស្នងការនគរបាលខេត្តសៀមរាបច្រានចោលការចោទប្រកាន់ថា សមត្ថកិច្ចបានដឹងពីអត្តសញ្ញាណមេខ្លោងចែកចាយគ្រឿងញៀននៅផ្លូវលេខ៦០ក្នុងខេត្តនេះ តែគ្មានចំណាត់ការ ដោយស្នងការរូបនេះអះអាងថា សមត្ថកិច្ចបានកំពុងធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀនជាបន្តបន្ទាប់។

យោងតាមលិខិតមួយច្បាប់របស់អង្គភាពប្រឆាំងអំពើពុករលួយដែលបានចេញជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះ អង្គភាពបានទួលពាក្យបណ្ដឹងអនាមិករាយការណ៍ពីករណីក្មេងទំនើងរស់នៅខេត្តសៀមរាបដើរចោលផ្ទះ រស់នៅផ្ទះជួលរកស៊ីចែកចាយ និងប្រើប្រាស់គ្រឿងញៀន។ ពាក្យបណ្ដឹងអនាមិកនោះបានចោទប្រកាន់ថាមន្ត្រីនគរបាលបានដឹងពីអត្តសញ្ញាណមេខ្លោង ប៉ុន្តែមិនមានចំណាត់ការ។

នៅក្នុងលិខិតដដែលនោះ ស្នងការនគរបាលខេត្តសៀមរាបលោក សត ណាឌី បានធ្វើការបំភ្លឺទៅកាន់អង្គភាពប្រឆាំងអំពើពុករលួយថា នគរបាលខេត្តសៀមរាបធ្វើការបង្ក្រាបរាល់សកម្មភាពបទល្មើសជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀនទាំងអស់ ដោយមិនរើសមុខទោះបីជាករណីធំ ឬតូច ហើយបញ្ជូនសំណុំរឿង និងជនសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ចាត់ការតាមនីតិវិធី។

លោក សត ណាឌី បន្តទៀតថា កាលពីខែតុលា ឆ្នាំ២០១៥ ស្នងការដ្ឋានខេត្តបានបង្កើតក្រុមចម្រុះមួយក្រុម មានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការគ្នាត្រួតពិនិត្យមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនខុសច្បាប់។ លោកបានអះអាងដែរថា ក្នុងឆ្នាំ២០១៥កន្លងទៅ នគរបាលបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៩៦ករណី ឃាត់ខ្លួនមនុស្សសរុបចំនួន៤២៥នាក់ ក្នុងនោះមានជនបរទេសចំនួន ១១នាក់ និងចំពោះទីតាំងដែលមានការចែកចាយក្នុងបណ្តឹងនោះមិនពិតតាមភូមិសាស្ត្រជាក់ស្តែងទេ។

លោក សត ណាឌី បន្តនៅក្នុងលិខិតបំភ្លឺថា សម្រាប់ការចោទថាមានក្រុមក្មេងទំនើងប្រើប្រាស់គ្រឿងញៀនតែងទៅប្រមូលផ្ដុំគ្នានៅតាមផ្លូវលេខ៦០ ជិតផ្សារញ៉ែនោះគឺមិនពិត ដោយលោកអះអាងថា តាមភូមិសាស្ត្រជាក់ស្ដែងមិនមានផ្លូវលេខ៦០ ជិតផ្សារញ៉ែនោះទេ គឺមានតែផ្សារញ៉ែ និងផ្លូវលេខ៦០ នៅភូមិដូនប៉ា ក្នុងសង្កាត់ស្លក្រាម ហើយទីតាំងទាំងពីរមិននៅជិតគ្នានោះទេ។

លោក សត ណាឌី មានប្រសាសន៍ប្រាប់វីអូឌីបន្ថែមថា ចំពោះផ្លូវ៦០ដែលបានលើកឡើងនៅក្នុងបណ្ដឹង គឺសំដៅទៅលើផ្លូវ៦០ ទៅកាន់អង្គរឃ្យូងយូ ដោយលោកទទួលស្គាល់ថាមានការចែកចាយគ្រឿងញៀនខ្លះមែន តែត្រូវបានសមត្ថកិច្ចបង្ក្រាបហើយ។ ចំពោះករណីដែលចោទថា មន្ត្រីនគរបាលបានដឹងពីអត្ថសញ្ញាណមេខ្លោងតែមិនចាត់ការនោះ លោកថាមិនពិតទេ។

លោកមានប្រសាសន៍ថា៖  “កន្លងទៅមាន យើងធ្លាប់ចាប់តើ! មិនច្រើនទេចាប់ម្តងម្កាលអាផ្លូវនោះ [ផ្លូវលេខ៦០] ភាគច្រើនជាក្មេង ជាពិសេសគឺកម្មករដែលមកធ្វើសំណង់ធ្វើអីហ្នឹង… ចំណាត់ការ! គ្រាន់តែឆ្នាំ២០១៥ នេះយើងចាប់បានបួនប្រាំរយអ្នកនោះ មានមេខ្លោងផងមានអ្នកដៃជើងវានោះផង” ។ លោកក៏បានបញ្ជាក់ដែរថា កន្លងទៅករណីនៃហូរចូលនៃថ្នាំញៀនក្នុងខេត្តសៀមរាបភាគច្រើនចេញពីរាជធានីភ្នំពេញ និងក្រុងប៉ោយបែត។

ក្នុងករណីចោទប្រកាន់នាពេលកន្លងមក ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានឲ្យវីអូឌីដឹងថា អង្គភាពនឹងបិទបញ្ចប់ករណីចោទប្រកាន់នោះ ប្រសិនជាខាងភាគីដើមចោទមិនមានប្រតិកម្មតបនឹងការបំភ្លឺ។ លោកបានបន្តថា ប្រសិនបើភាគីដើមចោទមានប្រតិកម្មនឹងការឆ្លើយបំភ្លឺ នោះអង្គភាពនឹងបន្តឲ្យមានការឆ្លើយបំភ្លឺបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ