លោក សម រង្ស៊ី ​ថា ​នៅ​តែ​​ប្រឆាំង​របប​ផ្ដាច់ការ​ ទោះបី​បក្ស​កាន់​អំណាច​ប៉ង​រាំង​ខ្ទប់​ផ្លូវ​នយោបាយ

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្សុី

មេដឹកនាំ​បក្ស​ប្រឆាំង​កម្ពុជា លោក សម រង្ស៊ី បាន​ចាត់​ទុក​ខ្លួន​លោក​ថា នៅ​តែ​ជា​និមិត្ត​រូប​​នៃ​ការ​ប្រឆាំង​នឹង​របប​ផ្ដាច់ការ និង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា បើ​ទោះបី​ជា​គណបក្ស​កាន់​អំណាច​គ្រោង​កែ​ប្រែ​ច្បាប់​បោះ​ឆ្នោត ក្នុង​បំណង​រាំង​ខ្ទប់​ផ្លូវ​នយោបាយ​លោក​ក៏​ដោយ។

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​កំពុង​រស់​នៅ​និរទេស​ខ្លួន​ឯង​នៅ​ឯ​ក្រៅ​ប្រទេស​នោះ បាន​ថ្លែងដូច្នេះ មួយ​ថ្ងៃ​ក្រោយ​ពី​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ថ្លែងប្រាប់​កាសែត​ភ្នំពេញ ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា សភា​នឹង​ប្រជុំ​ធ្វើ​វិសោធន​កម្ម​ច្បាប់​គណបក្ស​នៅ​ដើម​ខែ​មេសា​ខាង​មុខ​នេះ។

លោក សម រង្ស៊ី បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​លោក​នៅ​ថ្ងៃ​នេះ​ថា គម្រោង​កែ​ប្រែ​ច្បាប់​នេះ នឹង​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​ប្រព័ន្ធ​ឯក​បក្ស ដូច​សម័យ​កុម្មុយនីស្ត។

លោក​បន្ថែម​ថា ការ​កែ​ប្រែ​ច្បាប់​នេះ នឹង​មិន​មាន​ឥទ្ធិពល​លើ​ឆាក​នយោបាយ​កម្ពុជា​ទេ ហើយ​លោក​ថា រូប​លោក​នៅ​តែ​ជា​និមិត្ត​រូប​នៃ​ការ​ប្រឆាំង​របប​ផ្ដាច់ការ និង​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

គម្រោង​កែ​ប្រែ​ច្បាប់​គណបក្ស​នយោបាយ ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង បន្ទាប់​លោ​ក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ជំរុញ​ទៅ​សភា​ឲ្យ​ពិចារណា​កែ​ប្រែ​មាត្រា​មួយ​ចំនួន​ក្នុង​ច្បាប់​នេះ ដែល​នឹង​រារាំង​មេដឹកនាំ​បក្ស​នយោបាយ​មាន​ទោស មិន​ឲ្យ​ដឹកនាំ​គណបក្ស​នយោបាយ​នោះ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ