ក្រឡាប់រថយន្តនៅហុងកុង សម្លាប់មនុស្សយ៉ាងតិច១៩នាក់

រថយន្តក្រុងនៅហុងកុង ដែលក្រឡាប់សម្លាប់មនុស្សយ៉ាងតិច១៩នាក់។រូបពី AFP

ទីភ្នាក់ងារ​ព័ត៌មាន​ ​AFP បាន​ចុះ​ផ្សាយ​ថា យ៉ាង​ហោច​ណាស់​មនុស្ស ១៩​នាក់ បាន​ស្លាប់ ហើយ ៦៥​នាក់​ទៀត​រង​របួស បន្ទាប់​ពីរថយន្ត​ក្រុង​​កម្ពស់ ២​ជាន់​មួយ​គ្រឿង បាន​ប្រឡាប់​បះ​ជើង​នៅ​ទីក្រុង​ហុងកុង កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ។

AFP បាន​ដក​ស្រង់​សម្ដី​ប៉ូលិស​ទីក្រុង​ហុងកុង ដែល​បាន​និយាយ​ថា អ្នក​បើក​បរ​រថយន្ត​ក្រុង​នោះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​ហើយ ដោយសារ​តែ​បើក​បរ​ប្រកប​ដោយ​គ្រោះ​ថ្នាក់។

រូបថត​នានា​ពី​កន្លែង​កើត​ហេតុ បាន​បង្ហាញ​ក្រុម​អ្នក​ជួយ​សង្គ្រោះ​ព្យាយាម​ស្វែង​រក​អ្នក​ដំណើរ​ជាប់​នៅ​ក្នុង​រថយន្ត​នោះ ដែល​ដេក​បះ​ជើង​នៅ​ម្ខាង​ផ្លូវ​នៅតំបន់​ដាយបូ។

រូបថត​ទាំង​នោះ បង្ហាញ​ថា រថយន្ត​នោះ​បាន​ក្រឡាប់ និង​បុក​នឹង​បង្គោល​ភ្លើង​ដែល​បាក់​សង្កត់​លើ​រថយន្ត​នោះ។ អ្នក​បើកបររថយន្ត​នេះ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ថា បាន​បើក​បរ​បណ្ដាល​ឲ្យ​ស្លាប់ និង​របួស​មនុស្ស។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​ទីក្រុង​ហុងកុង​នៅ​ថ្ងៃ​នេះ បាន​លើក​ឡើង​ថា បុរស ១៤​នាក់ និង​ស្ត្រី ៤​នាក់ ត្រូវ​បាន​គេ​រក​ឃើញ​ថា​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​នោះ​តែ​ម្ដង។

ជាង​នេះទៅ​ទៀត បុរស ៦៣​នាក់ និង​ស្ត្រី ៣​នាក់​ទៀត បាន​រង​របួស ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ