លោក គីម ជុងអ៊ុន អញ្ចើញប្រធានាធិបតីកូរ៉េខាងត្បូងទៅជួបប្រជុំនៅក្រុងព្យុងយ៉ាង

ប្អូនស្រីលោក គីម ជុងអ៊ុន គឺអ្នកស្រី គីម យ៉ូជុង ជួបជាមួយនិង ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន។ រូបពី AFP

ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP បាន​ចុះ​ផ្សាយ​ថា មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​អញ្ចើញ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក មូន ជែអ៊ីន ឲ្យ​ចូល​រួម​ជំនួប​កំពូល​មួយ​នៅ​ទីក្រុង​ព្យុងយ៉ាង បើ​ទោះបី​ជា​អាមេរិក​បាន​ព្រមាន​អំពី​ការ​វាយ​ប្រហារ​របស់​ក្រុង​ព្យុងយ៉ាង​អំឡុង​ពេល​ប្រារព្ធ​ពិធី​កីឡា​អូឡាំពិក​​ក៏​ដោយ។

AFP បាន​ចុះ​ផ្សាយ​បែប​នេះ ដោយ​ផ្អែក​តាម​អ្នក​នាំ​ពាក្យ​វិមាន​ខៀវ​ក្រុង​សេអ៊ូល បន្ទាប់​ពី​ជំនួប​រវាង​លោក មូន និង​ប្អូន​ស្រី​មេដឹកនាំ​កូរ៉េ​ខាង​ជើង អ្នកស្រី គីម យ៉ូជុង ដែល​បាន​បញ្ជូន​លិខិត​អញ្ចើញ​របស់​លោក គីម ទៅ​ដល់​លោក មូន សម្រាប់​ជំនួប​កំពូល​មួយ​នា​ពេល​ឆាប់ៗ។

ជំនួប​នោះ នឹង​ក្លាយ​ទៅ​ជា​ជំនួប​កំពូល​លើក​ទី ៣ បន្ទាប់​ពី​ឪពុក​ និង​ជីតា​របស់​លោក គីម ជុងអ៊ុន បាន​ជួប​ជាមួយ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​លោក គីម ដេជុង នៅ​ឆ្នាំ២០០០ និង​លោក រ៉ូ មូយ៉ុន នៅ​ឆ្នាំ​២០០៧ នៅ​ឯ​ទីក្រុង​ព្យុងយ៉ាង។

ភ្លាមៗ​នោះ លោក មូន មិន​បាន​ឆ្លើយ​តប​នឹង​ការ​អញ្ចើញ​នេះ​ទេ ប៉ុន្តែ ទិដ្ឋភាព​បែប​នេះ អាច​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​បាក់​បែក​គ្នា​រវាង​មេដឹកនាំ​សន្តិភាព​និយម ដែល​ស្វែង​រក​ការ​ជជែក​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​ជើង ដើម្បី​វិល​ត្រឡប់​ទៅ​តុ​ចរចារ​វិញ​ និង​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ដែល​បាន​ជេរ​ប្រមាថ និង​គំរាម​វាយ​ប្រហារ​គ្នា​ជាមួយ​លោក គីម ជុងអ៊ុន កាល​ពី​ឆ្នាំ​មុន។

ក្រុង​វ៉ាស៊ីងតោន បាន​ទទូច​ថា ក្រុង​ព្យុងយ៉ាង ដែល​កំពុង​ស្ថិត​ក្រោម​ទណ្ឌកម្ម​ជាច្រើន​ពី​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​នោះ ត្រូវ​តែ​បោះ​ជំហាន​យ៉ាង​រឹង​មាំ​ឆ្ពោះ​ទៅ​រក​ការ​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន មុន​នឹង​ការ​ចរចារ​ណា​មួយ​អាចកើត​ឡើង​បាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ