ក្រុមសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបង្ហាញការខកចិត្តរបស់ខ្លួន ចំពោះការចាប់បញ្ជូនត្រឡប់មកកម្ពុជាវិញ នូវស្ត្រីម្នាក់ដែលត្រូវបានចាត់ទុកជាជនភៀសខ្លួនទទួលស្គាល់ដោយអង្គការមួយនេះ។
បើទោះបីជាត្រូវបានទទួលស្គាល់ថា ជាជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិក្ដី ប៉ុន្តែ ស្ត្រីកម្ពុជាឈ្មោះ សំ សុខា ត្រូវបានចាប់បញ្ជូនត្រឡប់ពីប្រទេសថៃ មកឲ្យកម្ពុជាវិញកាលពីថ្ងៃព្រហស្បតិ៍កន្លងមកនេះ ទៅតាមការស្នើសុំពីអាជ្ញាធរកម្ពុជា។
ស្ត្រីរូបនេះ ត្រូវបានតុលាការកម្ពុជាកាត់ទោសក្រោមការចោទប្រកាន់ថា «ជេរប្រមាថ» និង «ញុះញង់ឲ្យមានការរើសអើង» បន្ទាប់ពីវីដេអូមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក បង្ហាញស្ត្រីរូបនេះ គប់ស្បែកជើងទៅលើផ្ទាំងរូបថតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកម្ពុជា បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃសុក្រថា ខ្លួនសោកស្ដាយយ៉ាងខ្លាំងចំពោះការចាប់បញ្ជូនស្ត្រីរូបនេះត្រឡប់មកកម្ពុជាវិញ។ ក្រៅពីសោកស្ដាយ ស្ថាប័នសិទ្ធិមនុស្សមួយនេះ បានចាត់ទុកវិធានការបែបនេះថា ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសម្ដែងមតិរបស់អ្នកស្រី សំ សុខា។
មិនមែនតែការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សតែមួយទេដែលរិះគន់លើការចាប់ខ្លួនស្ត្រីរូបនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ក៏បានថ្កោលទោសអាជ្ញាធរថៃ និងកម្ពុជាថា បានរំលោភសិទ្ធិមនុស្សផងដែរ ជុំវិញការចាប់បញ្ជូនស្ត្រីរូបនេះ៕