រដ្ឋមន្រ្តីមហាផ្ទៃបណ្តេញនិង​ដកហូតមុខតំណែង​មន្រ្តីនៃបណ្ឌិត្យសភានគរបាល២២នាក់

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង​ កាលពីកន្លងទៅ

មន្រ្តីនគរបាលចំនួន២០នាក់នៃបណ្ឌិត្យសភានគរបាលត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្រេចបណ្តេញចេញពីក្របខណ្ឌមន្រ្តីនគរបាលជាតិនិង​២នាក់ទៀត​ត្រូវ​បាន​ដក​ហូត​មុខតំណែអ ដោយសំអាង​ថា​ពួកគេមិនបានមកបំពេញការងារ​និង​អសកម្មនឹង​ការងារ។​

នៅ​ក្នុង​ប្រកាសចុះហត្ថលេខាដោយរដ្ឋមន្រ្តីមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី២៦ខែកុម្ភៈ ហើយ​វីអូឌី(VOD )ទើប​ទទួល​បាន​ ក្រសួង​មហាផ្ទៃ​បញ្ជាក់ថា​ត្រូវ​បានអនុវត្ត​វិន័យ​ចំពោះ​មន្រ្តី​នគរបាល​២០​នាក់​នៃ​បណ្ឌិត្យ​សភានគរបាល​កម្ពុជា​ ដោយ​ដក​ហូត​តមុខតំណែង ឋានន្តរសក្តិ​​និង​បណ្តេញចេញ​ផុត​ពី​ក្រ​ប​ខណ្ឌ​មន្រ្តី​នគរបាល​ជាតិ។ បើ​តាមការពិនិត្យលើ​ប្រកាសនោះ ក្នុង​ចំណោម​មន្រ្តីទាំង​២០នាក់នោះ មន្រ្តី​មានឋាន​ន្តរសក្តិជាវរសេនីយ៍ត្រីមាន​ចំនួន​៤នាក់​ អនុសេនីយ៍ឯកចំនួន​៣នាក់​ អនុសេនីយ៍ទោ៥នាក់​ អនុសេនីយ៍ត្រី ​២នាក់ ​ពលបាលទោ៣នាក់​និង​ពលបាល​ត្រី​២នាក់។​ ប្រកាស​បញ្ជាក់​ថា​ការ​បណ្តេញចេញនេះ​ដោយ​សារ​មន្រ្តីទាំងនោះ”​បោះបង់ចោល​ការងារ”។​

ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់ថា​ប្រាក់បៀវត្សនិងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់និងលុបចេ​ញពីក្របខណ្ឌមន្រ្តីនគរបាលជាតិចាប់ពីខែឧសភា ឆ្នាំ២០១៦។

ចំណែកប្រកាសមួយទៀតចុះថ្ងៃទី​២៦ខែកុម្ភៈ​ដូចគ្នា​ ក្រសួងមហាផ្ទៃ​បានសម្រេច​ដកហូតមុខតំណែង​មន្រ្តីនគរបាលជាតិ២នាក់​ដែល​មាន​ឋានន្តរសក្តិ​ជាវេសេនីយ៍ត្រីនិងអនុសេនីយ៍ឯកពី​មុខងារ​ជានាយរងការិយា​ល័យ​សម្ភារៈឧបទ្ទេសនិងសោតទស្សន៍និងជានាយរងការិយាល័យបច្ចេកទេសមធ្យោបាយនៃសាលាមធ្យ​ម​​បច្ចេក​ទេស។ ក្រសួង​បញ្ជាក់​ថា​មន្រ្តីទាំងពីរនាក់នោះ​អសកម្មការងារ។

បណ្ឌិត្យសភានគរបាលកម្ពុជាបានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួនកាលពី​ថ្ងៃព្រហស្បតិ៍ថាការដកមុខតំណែ​ងឋានន្តរសក្តិនិងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិគឺធ្វើឡើង​តាមស្នើសុំរបស់បណ្ឌិត្យសភា​នគរបាលកម្ពុជា។ បណ្ឌិត្យសភានគរបាលកម្ពុជា​បញ្ជាក់​ថានេះ​ជា​កំណែ​ទម្រង់មួយ។​

បណ្ឌិត្យ​សភា​លើកឡើងថា៖ “គួរបញ្ជាក់ផងដែរថាមួយរយៈចុងក្រោយនេះ បណ្ឌិត្យសភានគរបាលកម្ពុជាបានធ្វើកំណែទម្រង់ជុំវិញការងារសំខាន់ៗមួយចំនួន រួមមាន៖ ការងារដឹកនាំ គ្រប់គ្រង ការអភិវឌ្ឍកម្មវិធីអប់​រំ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ការអភិវឌ្ឍសមត្ថភាពនិស្សិត-សិក្ខាកាម ការពង្រឹងវិន័យនិស្សិត-សិក្ខា​កាម ការពង្រឹងសមត្ថភាពស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល និងការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ សំដៅលើកកម្ពស់គុណភាពអប់រំ បណ្តុះបណ្តាលមន្ត្រីនគរបាលជាតិនិងមន្ត្រីពន្ធនាគារឲ្យមានសមត្ថ​ភាពពេញលេញ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអង្គភាពប្រើប្រាស់កងកម្លាំងនិងតម្រូវការរបស់ប្រទេសជាតិ”៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ