វិភាគ៖ ការអនុវត្តច្បាប់ស្តង់ដាពីរនៅកម្ពុជាធ្វើឲ្យបក្សកាន់អំណាចកាន់តែធ្លាក់ប្រជាប្រិយ

នៅកម្ពុជាបច្ចុប្បន្ននេះអ្នកវិភាគកត់សំគាល់ថាបញ្ហាជាច្រើនដែលរដ្ឋាភិបាលត្រូវដោះស្រាយឲ្យមាន​តម្លាភាពក៏ព្រោះតែខ្លួនអះអាងថាជាអ្នកឈ្នះឆ្នោតដើម្បីទទួលភារកិច្ចបម្រើប្រជាពលរដ្ឋ។

ប៉ុន្តែអ្នកតាមដានសង្គមមើលឃើញថាការដោះស្រាយបញ្ហាក្នុងសង្គមកម្ពុជាគឺភាគច្រើនមានស្តង់ពីរ។​ស្តង់ដាពីរគឺនៅត្រង់ថាទុក្ខកង្វល់​របស់ប្រជាពលរដ្ឋដែលគេតែងតែឮសម្រែក​ស្ទើររាល់ថ្ងៃដូចជាជម្លោះដីធ្លីជាដើមនោះបានក្លាយទៅជាជម្ងឺរាំរ៉ៃព្យាបាលលែងជា។ ការ​កាប់​បំផ្លាញ​ព្រៃឈើ អំពើពុករលួយ វិបត្តិយុវជនអត់ការងារធ្វើនាំឲ្យមានពលករចំណាកស្រុកខុសច្បាប់ ដែលខ្លះបានក្លាយទៅជាវិបត្តិចោរកម្ម លួច ឆក់ ប្លន់ ដែលកើតឡើងស្ទើរតែរាល់ថ្ងៃ។ បញ្ហាព្រំដែននិង​អន្តោប្រវេសន៍ខុសច្បាប់ដែលមិនទាន់បានដោះស្រាយចប់។​ ទាំងអស់នេះអ្នកវិភាគមើល​ឃើញថាជាការងារ​ចាំបាច់​បំផុត​ដែល​រដ្ឋាភិបាលត្រូវតែឆាប់​ដោះស្រាយបើ​សិនជាខ្លួន​ចង់​ជាប់​ឆ្នោតបន្តទៀត។

ប៉ុន្តែការងារខ្លះទៀតដែលអ្នកវិភាគយល់ថាមិនជាសូវ​បន្ទាន់​ចាំបាច់បែរជារដ្ឋាភិបាល​ដុតដៃដុតជើងដោះ​ស្រាយទៅវិញ។​ ជាក់ស្តែងនៅសប្តាហ៍នេះក្រសួងមហាផ្ទៃបានកោះហៅនារីម្នាក់ដែលរងការចោទថាជា​ស្រ្តីកំណាន់​របស់លោក កឹម សុខា ទៅបំភ្លឺតាមបណ្តឹងរបស់កញ្ញា ធី សុវណ្ណថា ខណៈឃាតកម្មទៅ​លើអតីត​​មេដឹកនាំសហជីពលោក ជា វិជ្ជា ជាង១០ឆ្នាំមកហើយសមត្ថកិច្ចនៅមិនទាន់រកឃាតករពិត​មកកាត់​ទោសនៅឡើយ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA​) លោក សន ជ័យ យល់ថាសមត្ថកិច្ចបានធ្វើការងារសកម្មតែរឿងបុគ្គលជាងរឿងដែលមានប្រយោជន៍ដល់សង្គម។ លោកមានប្រសាសន៍ថា៖ “គ្រាន់តែរឿង​ខ្សែរអាត់​សំឡេងដ៏តូចមួយជាពាក្យបណ្តឹងដ៏តូចតាចបែរជាចាត់វិធានការ។ ​ខ្ញុំសង្ឃឹមថាអាជ្ញាធរគួរតែបង្កើន​សមត្ថភាពពង្រឹង​សុវត្ថិភាព​រស់នៅរបស់​ប្រជាពលរដ្ឋពិសេសបង្រ្កាប​អំពើ​ប្លន់ប្រដាប់អាវុធស៊ើបអង្កេតរឿងចាស់ដែល​ប៉ះពាល់ដល់មុខមាត់​កម្ពុជាវិញប្រសើរជាង”។

ដោយឡែកបើគេប្រៀបធៀបការអនុវត្តច្បាប់និង​ការអនុវត្តសិទ្ធិសម្តែង​មតិ​នៅកម្ពុជាក៏មានស្តង់ដារពីរដែរ​។ នៅពេលស្រ្តីសកម្មជនដីធ្លីតវ៉ាពេលខ្លះត្រូវបានសមត្ថកិច្ចវាយបង្រ្កាបពិសេសគ្រាន់តែស្រ្តីនាំគ្នាជិះកង់ថ្ងៃសិទ្ធិនារីក៏សមត្ថកិច្ចរារាំងដែរ ប៉ុន្តែចំពោះបុរសៗដែលធ្វើបាតុកម្មទាញទម្លាក់លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភាហើយបានគប់ដុំថ្មចូលផ្ទះមេដឹកនាំបក្សប្រឆាំងទៀតនោះ គេមិនឃើញសមត្ថកិច្ចទៅបង្រ្កាបទេ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះគេក៏ឃើញយុវជនមួយក្រុមដែលអះអាងថាជានិស្សិតនោះបានខ្វល់​ខ្វាយ​តែរឿងទំនាក់​ទនងបុគ្គលរវាងមេដឹកនាំបក្សប្រឆាំងជា​​មួយ​នឹងនារីម្នាក់នោះ។ ក្រុមនោះបានដើរស្រែកនៅតាមវេទិកាដែលលោក កឹម សុខា ចុះជួបប្រជាពលរដ្ឋ ប៉ុន្តែគេមិនឃើញមានសម​ត្ថ​កិច្ចរារាំងក្រុមនោះទេ​។

មិនមែនតែយុវជនមួយក្រុមនេះទេតែសូម្បីសារព័ត៌មានគាំទ្ររដ្ឋាភិបាល​មួយ​​ចំនួនគេបានបន្តចុះផ្សាយរឿងបុគ្គលនេះបន្តពីភាគមួយទៅភាគទៀតដោយវាយប្រហារទៅលើលោក កឹម សុខា។

ប៉ុន្តែនៅតាមបណ្តាញសង្គមហ្វេសប៊ុកវិញភាគច្រើនបានរិះគន់ចំពោះទង្វើរបស់យុវជនមួយក្រុមនោះ ហើយ​​គេក៏រិះគន់ចំពោះសារព័ត៌មានខ្លះដែលបន្តផ្សាយរឿងបុគ្គលដែលជារឿងឥតប្រយោ​ជន៍​ដល់សង្គមនោះដែរ។ អ្នកលេងហ្វេសប៊ុកបានលើកយកករណីបាញ់​សម្លាប់តារាសម្តែង​ល្បី​ឈ្មោះ ពិសិដ្ឋ ពិលីកា កញ្ញា ទូច សូនិច កញ្ញា ពៅ បញ្ញាពេជ្រ និង​ការជះទឹកអាស៊ីត លើតារាសម្តែង តាត ម៉ារីណា ជាដើមមកបៀប​ធៀប​នឹង​ករណីរបស់លោក កឹម សុខា ជាមួយនឹង​ស្រ្តីអាយុជាង២០ឆ្នាំម្នាក់នោះ។ ពួកគេ​បាន​ចាត់​ទុក​សំណុំរឿងទាំងពីរនេះថាសមត្ថកិច្ចអនុវត្តច្បាប់មានស្តង់ដារពីរ។

តាមផ្លូវច្បាប់រឿងឃាតកម្មទៅតារាចម្រៀងនិង​តារាសម្តែងកន្លងមកគឺជារឿងខុសច្បាប់​ព្រហ្មទណ្ឌ ប៉ុន្តែមកដល់ពេលនេះ ឃាតករពិតមិនទាន់ត្រូវបានវាយមុខនាំមកកាត់ទោសទេ។ ចំណែកករណីលោក កឹម សុខា បើពិនិត្យតាមផ្លូវច្បាប់មេធាវីបញ្ជាក់ថាមិនអ្វីខុសច្បាប់នោះឡើយ។ ប៉ុន្តែសំណុំរឿងលោក កឹម សុខា ត្រូវ​បានមនុស្សមួយក្រុមខំទាមទារឲ្យលោក កឹម សុខា បំភ្លឺទៅវិញ។

ចុះហេតុអ្វីបានជារឿងឥតប្រយោជន៍ដល់​សង្គមនេះត្រូវមនុស្សចំនួននាំគ្នាដើរស្រែកតាមទីសាធារណៈ ហើយសមត្ថកិច្ចខ្លះក៏ដុតដៃដុតជើង​ចាត់ការរឿងនេះ?

នេះមិនមែនជារឿងថ្មីនោះទេ។ កាលពីមុនបោះឆ្នោត​ឆ្នាំ២០១៣ទូរទស្សន៍ស្ទើរតែទាំងអស់​និងសារព័ត៌​មានដែលគាំទ្រគណបក្សកាន់អំណាចគេបាននាំស្រែកបំពងសំឡេងបន្ថែមពីរឿង​ស្រ្តីម្នាក់ដែលចេញមុខអះអាងថាជាប្រពន្ធក្រៅច្បាប់របស់លោក កឹម សុខា។ គេនៅចាំបានថាកាលណោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានវាយប្រហារចំៗផងដែរទៅលើ​មេដឹកនាំគណបក្សប្រឆាំងរូបនេះ។

ប៉ុន្តែក្រោយការបោះឆ្នោតមិនបានធ្វើគណបក្សរបស់លោក កឹម សុខា និង​លោក សម រង្ស៊ី ថយចុះអសនៈនោះទេ។ ផ្ទុយទៅវិញគណបក្សប្រជាជនកម្ពុជាបានរបូតកៅអីអស់ចំនួន២២ជាចំនួនមួយធ្វើឲ្យគេមិននឹកស្មានដល់។ អ្នកវិភាគនិយាយថា នោះ​ក៏ព្រោះតែមន្រ្តីខ្លះនៃគណបក្សកាន់អំណាចគិតតែនាំគ្នាហែក​កកាយរឿងអាស្រូវរបស់បុគ្គលជាជាងខិតខំដោះស្រាយបញ្ហាជាក់ស្តែងជូនពលរដ្ឋ។

ឥឡូវនេះរឿងប្រហាក់ប្រហែលគ្នានេះត្រូវបានគាស់កកាយជាថ្មីទៀតបើទោះជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងថាគណបក្សកាន់អំណាចនេះមិនពាក់ព័ន្ធក៏ដោយ។

លោក អ៊ូ វីរៈ អ្នកវិភាគឯករាជ្យយល់ថាចំណាត់ការរបស់ក្រសួងមហាផ្ទៃទៅតាមបណ្តឹង ធី សុវណ្ណថា នេះគឺនាំឲ្យគេមើលឃើញកាន់តែច្បាស់ថាករណីលោក កឹម សុខា គឺជារឿងនយោបាយ ហើយ​គណបក្សប្រជាជននឹងត្រូវបានគេចោទថាជាអ្នករៀបចំរឿងនេះ។

លោក អ៊ូ វីរៈ ដែលធ្លាប់រស់នៅអាមេរិកមានប្រសាសន៍ថារឿងអាស្រូវ​ផ្លូវភេទបែបនេះអាច​ធ្វើ​ឲ្យបាត់​បង់​ប្រជាប្រិយភាពខ្លះរបស់អ្នកនយោបាយនៅអាមេរិកដោយសារតែ​សារព័ត៌មានគេផ្សាយតែរឿងពិត។ ប៉ុន្តែលោកថាសារព័ត៌មានមួយចំនួននៅកម្ពុជាគឺមិនអាចជឿទុកចិត្តបានទេដូចនេះលោកថាការបន្តផ្សាយរឿងនេះនឹងកាន់តែធ្វើឲ្យគេខឹងគណបក្សប្រជាជនកម្ពុជា ហើយ​​ងាកទៅអាណិតលោក កឹម សុខា វិញ។ លោកលើកឡើងដូចនេះដោយសំអាងថាបុរសភាគច្រើនគឺសុទ្ធតែមានទំនាក់ទំនងបែបនេះគឺជារឿងធម្មតាទៅហើយ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា យល់ថាការបញ្ចេញសារនៃទំនាក់ទំនង​បុគ្គលរវាងលោក កឹម សុខា និង​នារីម្នាក់នោះគឺយុទ្ធសាស្ត្រដដែលរបស់គណបក្សប្រជាជនកម្ពុជាដើម្បី​ទាញ​ទម្លាក់ប្រជាប្រិយភាពលោក កឹម សុខា ខណៈលោក សម រង្ស៊ី កំពុងនៅក្រៅប្រទេស។ ប៉ុន្តែលោក សូ ចន្ថា វិភាគថាយុទ្ធសាស្រ្តនេះមិនបានជួយឲ្យគណបក្សប្រជាជនកម្ពុជាចំណេញ​នោះទេ។

លោកមានប្រសាសន៍ថា៖ យុទ្ធសាស្ត្រដដែលៗរបស់បក្សកាន់អំណាចហាក់ដូចជាមិនចំណេញទាល់តែសោះ។ ការដែល​យករូបភាពឬព្រឹត្តិការណ៍មកបង្ហាញជាសាធារណៈខ្ញុំគិតថាជានយោបាយមួយមិនស្មោះ​ត្រង់។ ជារួមពលរដ្ឋក្នុង​សង្គម​ប្រជាធិបតេយ្យគេមិនបោះឆ្នោតទៅមើលលើត្រឹមតែបុគ្គលទេ គឹមើលលើ​គោល​នយោបាយ​គណបក្សថែមទៀត…

បើតាមលោក អ៊ូ វីរៈ បើទោះជាទំនាក់ទំនងរវាងលោក កឹម សុខា  និងនារីម្នាក់នោះពិតឬមិនពិតក៏ដោយ ប៉ុន្តែមិនមានអ្វីខុសច្បាប់នោះទេ។ លោក អ៊ូ វីរៈ មានប្រសាសន៍ថាអ្នកដែលលួចថតសំឡេងហើយបញ្ចេញខ្សែរអាត់នោះទេដែលត្រូវតែនាំខ្លួនមកប្រឈមមុខនឹង​ផ្លូវច្បាប់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ