សន វិជ្ជបុត្រ ទៅ​ច្រៀង​​មិន​យក​​លុយនៅ​អូស្រ្តាលី

សន វិជ្ជបុត្រ ពេល​រៀបចេញដំណើរទៅប្រទេសអូស្រ្តាលី កាលពីថ្ងៃទី​១០ខែមីនា

កាល​ពី​ល្ងាចថ្ងៃ​ទី​​​​១០ មីនា ​មុន​នេះ តារា​ចម្រៀង​​​​​ប្រចាំ​ផលិត​​​កម្មM លោក​សន វិជ្ជបុត្រ បាន​​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ច្រៀង​​នៅ​ក្នុង​ប្រទេស​​អូស្រ្តាលី ដែល​អម​ដោយ​តារា​ចម្រៀង​​ចំនួន​​​​​៤​នាក់​ផ្សេង​​​ទៀតនិងមាន​ការ​ជូន​ដំណើរ​​​ពី​តារា​សិល្បៈ​​​​​ដល់​ព្រលាន​យន្ត​ហោះ​ជាច្រើន​រូប​​។ ​នេះ​គឺជា​ដំណើរចេញ​​ច្រៀង​​​​​​​​ក្នុង​ន័យ​ស្ម័គ្រ​ចិត្ត​បន្ថែម​មួយ​ទៀត ដោយ​​​មិន​​យក​កម្រៃ​សូម្បី​​​​​​​មួយ​រៀល​​​ពី​​ច្រៀង​រាំរបស់​ខ្លួន បន្ទាប់​ពី​លោក​​បាន​ធ្វើ​គំរូ​យក​ចំណូល​​ពី​​​​សិល្បៈស្ទើរ​ទាំងអស់ផ្ដល់​ឲ្យ​ដល់​​មន្ទីរពេទ្យ​គន្ធ​បុប្ផានិង​​​​​​​​ជួយ​ជន​ក្រីក្រ​​មួយ​ចំនួន​។

​​​​​​លោក ​សន វិជ្ជបុត្រ បាន​អះ​អាង​ថា​​លោក​ចេញទៅ​ច្រៀង​នៅ​អូស្រ្តាលី​​​​​​​​​​​លើក​នេះ មិនត្រឹម​តែ​មិន​យក​តម្លៃ​ខ្លួន​ប៉ុណ្ណោះទេ គឺ​ថែម​ទាំង​បាន​ចំណាយ​​​​​លើ​ការ​​​​​​​​​រៀប​ចំតុប​តែង​​សម្លៀក​បំពាក់និង​​​​​​​​​​​​​សម្ភារៈមួយចំនួន ​ដើម្បី​​ឲ្យការសម្ដែង​​របស់​ខ្លួន​ទទួល​បាន​​​​ការចាប់​អារម្មណ៍​សម្រាប់​​​អ្នក​រៀប​ចំ​កម្មវិធី​នោះ​ផង។ ​លោក​ថា​ការ​​​ធ្វើ​ដំណើរ​របស់​ខ្លួន គឺ​ការ​ឆ្លើយ​តប​​នឹង​ការ​​អញ្ជើញ​របស់​​​​ប្រធាន​សមាគម​ខ្មែរ​​នៅ​អូស្រ្តាលី​​ដែល​​​ចង់​ប្រគំ​តន្ត្រី​លក់​​សំបុត្រ​ហើយ​ប្រមូល​ប្រាក់​មក​ជួយ​ដល់​និស្សិត​ក្រី​ក្រនិង​ក្មេង​ៗ​កំព្រា​នៅ​កម្ពុជា។ លោក​​​​​​​​នៅ​តែ​រក្សាជំហរ​​​សន្សំ​ប្រាក់​ដែល​បាន​​ពី​ការ​ផ្ដល់​​ធីប​​របស់​​​ពលរដ្ឋ​​ខ្មែរ​​​ដែល​ចូ​លទស្សនា​​ការ​ប្រគំតន្ត្រី​របស់​ខ្លួន​នៅ​ប្រទេស​អូស្ត្រាលី ​​​​​​​​​​​​យក​​​មក​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា និង​​​​​មួយ​​ផ្នែក​​​ប្រើសម្រាប់​​​បរិច្ចាគ​ដល់​​​​ក្មេង​ក្រី​​ក្រ ​ក្រោយ​ពេល​ដែល​​លោក​ត្រលប់​មក​កាន់​កម្ពុជា​វិញ​។ លោក​ថា​ការ​សម្ដែងរបស់​ខ្លួនគឺ​មាន​រយៈ​​ពេល​​​​៤០ថ្ងៃ ​​ដោយ​ត្រូវ​​ត្រលប់មក​វិញ​​នៅ​អំឡុង​ថ្ងៃ​​​ទី​១៨ឬ​​​១៩ ​ខែ​មេសា​ខាង​មុខ គឺ​ក្រោយ​បញ្ចប់ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ។

លោក​ថា​មិន​មាន​គម្រោង​​​បន្ត​ការ​សម្ដែង​នៅ​ក្នុង​ប្រទេសអូស្រ្តាលី​​​​ឲ្យ​​​​​លើស​កំណត់​ទៀត​ទេ ដោយ​សារ​តែ​ខ្លួន​ក៏​​ត្រូវ​ត្រៀម​ខ្លួន​​​​​​​​​​​​​លើ​​គម្រោង​ចេញសម្ដែង​នៅ​​ក្នុង​​ប្រទេស​សហរដ្ឋ​អាមេរិក​​​​​​​​ក្នុង​ពេល​ខាង​មុខ​ដូច​គ្នា​។ គម្រោង​នៃ​ការ​សម្ដែង​របស់​​លោក ​​​​​​​​​​​​​ត្រូវ​បាន​អ្នកធានា​​​​​​​​បញ្ជាក់​ថា​​​ធ្វើ​ឡើង​​​​​៦​​​​​​លើក នៅ​​រដ្ឋ​​​​​ចំនួន​៣គឺ​ម៊ែលប៊ន ​ស៊ីដនី និង​​​​​អាដឺឡែន។ យ៉ាង​ណា​ក៏​ដោយ​ប្រសិន​បើ​​​​​​លក់សំបុត្រ​ក្នុង​កម្មវិធី​ច្រៀង​រាំ​ទទួល​បាន​ជោគជ័យ លោក​ថា​​​​​ការ​ប្រគំតន្ត្រី​អាច​នឹង​ត្រូវ​បន្ថែម​​រហូត​ដល់​​​៨​លើកទម្រាំ​ដល់ថ្ងៃ​វិល​វិញ ​ដោយ​សារតែ​ក្នុង​​មួយ​សប្ដាហ៍​គឺ​អាច​សម្ដែង​​​​២​​ថ្ងៃ​​ទៀងសប្ដាហ៍។

សន វិជ្ជបុត្រ និង​សិល្បករផ្សេងៗ​ទៀត
សន វិជ្ជបុត្រ និង​សិល្បករផ្សេងៗ​ទៀត

នេះ​ជា​ការសម្ដែង​លើកទី​​១​របស់​លោក​នៅ​ក្នុង​ប្រទេសអូស្រ្តាលី ប៉ុន្តែ​​​​​សម្រាប់​​​ការ​​​ទទួល​​​ច្រៀង​​​​​ក្នុង​គម្រោង​សប្បុរសធម៌ ដោយ​មិន​គិត​កម្រៃ​​​​​បែបនេះ គឺ​មាន​ច្រើន​លើក​មក​ហើយ ​​ក្នុង​អាជីព​របស់​លោក​គឺ​ជា​​​តារា​ចម្រៀង។ លោក​ថា​​​​​តារា​ភាគច្រើន ទោះល្បី​ឬ​មិន​​​​​​សូវ​ល្បី រមែង​​​ទាម​ទារ​តម្លៃខ្លួន​​រាល់​ពេល​ចេញ​ច្រៀង​នៅ​ក្រៅ​ប្រទេស ​​បើទោះជា​គម្រោង​​នោះ​ជា​​​ការ​ប្រគំតន្ត្រី​ដើម្បី​ប្រយោជន៍​សង្គមបែបណា​ក៏​ដោយ​ ក៏​ត្រូវ​តែ​បាន​​​ជាថ្នូរ​​ប៉ុន្មាន​រយ​ដុល្លារ​​​ក្នុង​ពេល​ចេញ​សម្ដែង​នោះ​ដែរ ដើម្បី​​ទូទាត់​ការ​ចំណាយ​​​​​ទិញ​ដូរ​សម្លៀក​​បំពាក់និង​​​សម្រាប់​ចាយ​វាយ​ផ្ទាល់ខ្លួន​​​នៅលើទឹកដីអូស្រ្តាលី​។ ​ប៉ុន្តែ​សម្រាប់​លោក​គឺ​ក្រោយ​ពី​ស៊ើប​ដឹង​ថា​​​​​សមាគមដែលបាន​ធានា​ទៅ ​ត្រូវ​ការ​​​ប្រមូល​ប្រាក់​​យក​​មកជួយដល់​​​​​​​​​​ក្មេង​ៗ​ក្រី​ក្រ​នៅ​កម្ពុជា ជា​ពិសេស​គឺ​​និស្សិត​​ខ្វះ​ខាតនិង​​ក្មេង​ៗ​កំព្រា​ ហើយឃើញ​ថា​​​​សកម្មភាពរបស់​មូលនិធិ​នេះពិត​ជា​​ធ្វើ​​ដោយ​ប្រាកដ​ ក៏​សម្រេច​​​​​​​ទទួល​ច្រៀង​ដោយមិន​​​​​យក​កម្រៃ​សូម្បី​​មួយ​ដុល្លារ​តែម្ដង។

លោកគ្រោង​​នឹង​​​​​ផ្ដល់​ប្រាក់​ធីប​មួយចំនែកពីការ​រក​បាន រួម​ចំណែកជួយ​ដល់​​សមាគម​​ក្នុង​ករណីដែល​ខ្លួន​​​​​មាន​ឱកាស​​រក​បាន​សមរម្យ​និង​ក្នុង​​​​​​​​​​​ពេល​ដែល​ការ​ប្រគំតន្ត្រី​មិន​សូវ​​​​​​ចំណេញដូច​ការ​គ្រោងទុក​នោះ​ផង។ លោក​មាន​ការ​ព្រួយ​បារម្ភ​​ផងដែរ ​បន្ទាប់​ពី​​ការ​ប្រគំតន្ត្រី​​នៅ​ក្នុង​ប្រទេស​អូស្រ្តាលី​នៅ​​អំឡុង​​មុន​ចូលឆ្នាំ​ខ្មែរនិង​ពេល​ចូល​ឆ្នាំ​ខ្មែរ គឺ​មាន​ច្រើន​កន្លែង ហើយ​​​​​​​​​​​​អាច​ប្រឈម​រឿង​មិន​សូវមាន​អ្នក​ទស្សនា​​ទិញ​សំបុត្រ​កុះករ ​ដែល​នាំ​​​ឲ្យ​​​​​​​​​​អ្នក​រៀប​ចំ​មិន​​ទទួល​បាន​ថវិកា​ចំណេញ​ច្រើន ក្រោយ​ពី​​​​​​​ទូទាត់ចំណាយ​។ ​​លោក​ទទូច​ឲ្យ​​​បង​ប្អូន​ខ្មែរដែល​ចង់​រួម​ចំណែក​ជួយ​​ដល់​និស្សិត​ក្រី​ក្រ​ និង​ក្មេង​កំព្រានៅ​កម្ពុជា គាំទ្រ​ចំពោះ​ការ​ប្រគំតន្ត្រីរបស់​​​ខ្លួន ​​​ដើម្បី​​ឲ្យ​សមាគម​​​ខ្មែរនៅ​​អូស្រ្តាលី ដែល​បាន​​រៀប​ចំ​ការ​ប្រគំតន្ត្រី​សប្បុរសមួយ​នេះ ទទួល​បាន​​​​​​​ផល​ប្រយោជន៍​​ពីកា​រប្រឹង​ប្រែង​របស់ខ្លួន​។ ​លោក​នៅ​តែ​​ថា​​រំពឹង​ខ្ពស់​ចំពោះ​​​​​ជោគជ័យពី​ការ​ប្រគំ​តន្ត្រី​​នេះ ដោយ​សារ​តែ​​ការ​រៀប​ចំក៏​មាន​ការគាំទ្រ​ដោយ​ចៅហាង​ក្រុង​​​​ស៊ីដនី ​ដែល​​​​​​​​ជួយ​ធ្វើ​​ឲ្យ​ទំនុក​ចិត្ត​របស់​​បង​ប្អូន​ខ្មែរ​​​​​​ចង់​ជួយ​គាំទ្រ​។ ​​

លោក សន វិជ្ជបុត្រ ប្រាប់​ថា ​តារា​ចម្រៀង​​៤​រូប​ដែល​​បាន​រួមដំណើរ​ជាមួយ​លោក​​ ២​រូប​មក​ពី​ផលិត​​​​​កម្មM ដូចគ្នា និង​​​២​រូប​ទៀត​គឺ​ជា​តារា​​​នៅ​ក្រៅ​ផលិត​កម្ម។ ​តារា​ទាំង​​​៥​​​​​​​​លោក​ថា​សុទ្ធ​តែ​​​​​ស្ម័គ្រចិត្ត​​ទៅច្រៀង​នៅ​អូស្រ្តាលី​ដោយ​មិន​យក​កម្រៃ​ដូច​គ្នា ដោយ​​​គ្រាន់​តែ​តារា​ទាំង​នោះមិន​បាន​ប្រកាស​ថា​​​ប្រាក់​ចំណូល​ដែល​ខ្លួន​រក​បាន គឺ​នឹង​យក​​​មក​ចាយ​លើ​គម្រោង​សប្បុរសធម៌ដូច​គ្នានឹង​​លោក​សន វិជ្ជបុត្រ​៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ