អាជ្ញាធរព្រៃឈើចោទពលរដ្ឋរំលោភដីព្រៃរដ្ឋ

កំពង់ធំៈ ទំនាស់ដីធ្លីរវាងរដ្ឋបាលព្រៃឈើនិងប្រជាពលរដ្ឋអូសបន្លាយតាំងពីឆ្នាំ២០១៣ រហូតមានការចាប់ខ្លួនពលរដ្ឋពីនាក់ទៀតដែលអាជ្ញាធរចោទថាបានចូលរុករាននិងកាន់កាប់ដីព្រៃរបស់រដ្ឋដោយខុសច្បាប់។

លោក តឹប ញ៉ាតា នាយករដ្ឋបាលព្រៃឈើបានលើកឡើងថា “មានអង្គការមួយនិងក្រុមប្រឹក្សាឃុំម្នាក់ រួមទាំងអ្នកមានប្រាក់ម្នាក់ដែលគេស្គាល់ថាឈ្មោះជុំ ឈុំ និងកូនចៅដែលមានឈ្មោះ ចាន់ ឈុន ឌិត យ៉ុន រួមទាំងអ្នកកាសែត ជ័យជម្នះថ្ងៃ៧មករាម្នាក់ទៀតឈ្មោះ ប្រាក់ សំអុល អ្នកទាំងនេះរស់នៅភូមិថ្មសំលៀងនិងភូមិបាក់ស្នា ក្នុងឃុំក្រយាស្រុកសន្ទុកនិងឃុំបាក់ស្នា ស្រុកបារាយណ៍បានកាប់ដីព្រៃពង្រីកលើដីដែលមានស្រាប់”។

លោកថាពេលចុះបង្ក្រាបម្តងៗមានសុទ្ធតែ រណាយន្តគោយន្តឆ្នៃ(បុកស៊ឺ)និងមានជួលកម្មករពី១០ទៅ២០នាក់ ហើយពួកគាត់ក៏មានចំការដំឡូងមីនិងស្វាយចន្ទីច្រើន ហើយនៅលើដីដែលបានកាន់កាប់នោះអាជ្ញាធរពុំបានទៅប៉ះពាល់លើដីឬដំណាំគាត់ទេ ដោយពិនិត្យទៅពួកគាត់អាចកាន់កាប់ពី៧ទៅ៨ឆ្នាំដោយយោងតាមបទបញ្ជាលេខ០០១របស់រាជរដ្ឋាភិបាល បើពលរដ្ឋបានកាន់បានដីមុនថ្ងែទី១៥ ខែឧសភា ឆ្នាំ២០១២ នោះត្រូវរក្សាទុកជួនពួកគាត់អស្រ័យផល។

លោកបន្តថាក្រុមនេះតែងធ្វើសកម្មភាពកាប់រុករានដីព្រៃរបស់រដ្ឋយកមកធ្វើកម្មសិទ្ធិរបស់ខ្លួន ជុំ ឈុំ ពុំដែលចេញមុខឬធ្វើសកម្មភាពតវ៉ាជាមួយរដ្ឋបាលព្រៃឈើទេដោយទុកឲ្យកូនចៅជាអ្នកមករារាំង និងគម្រោងការនានារបស់រដ្ឋបាលព្រៃឈើជាក់ស្តែងដូចគម្រោងការរៀបចំថ្នល់ដាំកូនឈើឡើងវិញមួយនេះ ក្រុមនេះមករារាំងរដ្ឋបាលព្រៃឈើរហូតប្រើហឹង្សាវាយលើមន្ត្រីព្រៃឈើម្នាក់ឲ្យរងរបួសកាលពីចុងខែធ្នូឆ្នាំ២០១៥កន្លងមកនេះ។

អ្នកដែលពាក់ព័ន្ធនិងការកាប់បំផ្លាញព្រៃឈើនេះត្រូវតែមានទោសទណ្ឌ បើយោងតាមច្បាប់ស្តីពីព្រៃឈើក្នុង មាត្រា១០០” នោះបើតាមសំដីលោកនាយករដ្ឋាបាលព្រៃឈើ។

សោកស្រី ម៉ម ស៊ីថា ប្រធានអង្គការតម្លាភាពនិងសន្តិភាពដែលត្រូវរដ្ឋបាលព្រៃចោទថាបានជាប់ពាក់ព័ន្ធក្នុងរឿងនេះដែរបានមានប្រសាសថា៖ “លោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងខេត្តកំពង់ធំដែលបានធ្វើការចោទប្រកាន់ឈ្មោះ ភ ឌិតយ៉ុន ភេទស្រី អាយុប្រហែល៣៨ ដែលមានដីនៅលើដីព្រៃមានទំនាស់ និងម្នាក់ទៀតដែលជាកម្មករត្រូវបានដោះលែងដោយគាត់ជាអ្នកស៊ីឈ្នួលដកដំឡូងមីមានទីលំនៅភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក“។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦នេះរដ្ឋបាលព្រៃឈើខេត្តកំពង់ធំដែលដឹកនាំដោយលោក តឹប ញ៉ាតា បានដឹកនាំកំលាំងជំនាញចុះបង្ក្រាបបទល្មើសព្រៃឈើមួយកន្លែងស្ថិតនៅក្នុងភូមិថ្មសំលៀង(ចំនុចអូរបឹងរួង)ក្នុងភូមិសាស្ត្រឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។ នៅក្នុងការចុះបង្ក្រាបនោះអាជ្ញាធរឃាត់ខ្លួនជនសង្ស័យបានពីនាក់រូមទាំងវត្ថុតាងមានគំនរអុសជាច្រើនកន្លែង គោយន្តកន្ត្រៃមួយគ្រឿងនៅលើដីព្រៃនោះ។ ជនសង្ស័យរួមវត្ថុតាងត្រូវបានអាជ្ញាធរកសាងសំណុំរឿងបញ្ជូនទៅតុលាកានៅរលៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ដដែល។

ពលរដ្ឋ២១គ្រូសារនេះដែលមានតែបញ្ជីឈ្មោះនេះធ្លាប់ស្វែងរកកិច្ចអន្តរាគមន៍ពីលោក នេត សៅ ជាក្រុមប្រឹក្សាឃុំក្រយា ស្រុកសន្ទុក និងលោកស្រី ម៉ម ស៊ីថា ជាអង្គការតម្លាភាពនិងសន្តិភាព ដែលធ្លាប់ចេញមុខក្នុងរឿងការពារពលរដ្ឋដែលរុករានទន្ទ្រានដីព្រៃរបស់រដ្ឋជារឿយៗ។

លោក តឹប ញ៉ាតា បាននិយាយថាដីកាបណ្តោះអាសន្នចេញដោយចៅក្រម វង្ស សិរី នៃសាលាដំបូងខេត្តកំពង់ធំ ពុំមានការស៊ើបអង្កេតច្បាស់លាល់នៅឡើយ លោកថានឹងប្តឹងជំទាស់សាលដីកានោះ។

គូរំលឹកថារហូតដល់នេះមានការប៉ះទង្គិចដោយហិង្សារវាងពលរដ្ឋនិងរដ្ឋបាលព្រៃឈើ ដែលបណ្តាលឲ្យជំនួយការរដ្ឋបាលព្រៃឈើម្នាក់រងរបួសស្រាលដែលកាលណោះរដ្ឋបាលព្រៃឈើបានលើកស្នាក់ការរបស់ខ្លួននិងយកគ្រឿងចក្រមកវាយព្រៃនោះដើម្បីដាំដុះកូនឈើឡើងវិញ កាលពីចុងខែធ្នូឆ្នាំ២០១៥ដែលបង្កដោយក្រុមពលរដ្ឋក្រុមទី២១គ្រួសារ។ ផ្ទៃដីប្រមាណជាង១១០ហិកតា ពលរដ្ឋបានចូលកាន់កាប់មានពីរក្រុមផ្សេងគ្នា ក្រុមទី១មាន២៤គ្រួសារលើផ្ទៃដីប្រមានជាង៥ហិកតាផ្នែកខាងមុខដែលជាពលរដ្ឋក្រីក្រដែលត្រូតអជ្ញាធរខេត្តជម្លៀសចេញពីតំបន់បន្ទាយរៀង ក្នុងភូមិសាស្ត្រឃុំក្រយាស្រុកសន្ទុក ខេត្តកំពង់ធំ ក្រោមហេតុផលប៉ះលើដីសប្បទានសេដ្ឋកិច្ចនៅឆ្នាំ២០០៨។ រដ្ឋបាលព្រៃឈើធ្លាប់ប្តឹងទៅតុលាការកាលពីឆ្នាំ២០១៣៕

Facebook
Twitter
Telegram
LinkedIn

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។