មេបក្សថ្មីមួយរំឭកម្ចាស់ឆ្នោតថាប្រយ័ត្នរើសមេដឹកនាំថ្មីប៉ះមនុស្សខូចដូចគ្នា

ប្រធា​នគណ​បក្ស​អំណា​ចខ្មែរលោក សួន សេរីរដ្ឋា កាលពីកន្លងទៅ

ប្រធានគណបក្សថ្មីមួយបានរិះគន់ចំៗទៅលើមេដឹកនាំបក្សកាន់អំណាចនិងបក្សប្រឆាំងពីការបែក​ធ្លា​យ​​រឿង​អាស្រូវផ្លូវភេទ ដែលលោកថាពលរដ្ឋអាច​បោះឆ្នោតរើសបានមេដឹកនាំថ្មីជា​មនុ​ស្ស​ខូចដូចគ្នាបើ​​ស្ថាប័​នជំ​នាញមិនវែកមុខអ្នកពាក់ព័ន្ធមក​ប្រឈមនឹងផ្លូវច្បាប់។

នៅពេលថ្មីៗនេះគេហទំព័រក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយថាខ្សែអាត់សំឡេងសន្ទនាតាមទូរសព្ទរឿ​ង​​ស្នេហាលួចលាក់ ជាសំឡេងរបសប្រធានស្តីទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា។

កន្លងទៅក៏មានបែកធ្លាយដែរថាមន្ត្រីបក្សកាន់អំណាចមួយចំនួនជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទរ​ហូ​​ត​​​​បង្កឲ្យ​​មានប​ទ​ឧក្រិដ្ឋបាញ់សម្លាប់តារាចម្រៀងមួយចំនួនដូចជាអ្នកស្រី ពិសិដ្ឋ ពិលីកា កញ្ញា ទូច សូនិច កញ្ញា ពៅ បញ្ញាពេជ្រ និង​ការជះទឹកអាស៊ីតលើតារាសម្តែង តាត ម៉ារីណា ជាដើម។

តែជនដៃដល់និងអ្នកពាក់ព័ន្ធមិនត្រូវបា​នម​ន្ត្រី​​ជំនា​ញវែកមុខយកមកផ្តន្ទាទោសដើម្បីផ្តល់យុត្តិ​ធម៌​​ជូន​​គ្រួ​​​សារនៃជន​រងគ្រោះទេ។

ក្នុងសន្និសីទសារព័ត៌មានមួយនៅរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១១ខែមីនានេះប្រធា​នគណ​បក្ស​អំណា​ចខ្មែរលោក សួន សេរីរដ្ឋា ឆ្លើយនឹងសំនួរអ្នកសារព័ត៌មានថាសំឡេងដែលបែកធ្លាយនោះលោក​ថាពិត​ជាសំឡេងលោក កឹម សុខា។

មេបក្សរូបនោះថាបើលោក កឹម សុខា អះអាងថាជារឿងមិនពិតហើយចង់បង្ហាញពីភាពស្អាតស្អំរប​ស់​ខ្លួនលោកថាមេ​ដឹកនាំបក្សប្រឆាំងរូបនោះគួរចេញមុខបកស្រាយជាសាធារណៈហើយហ៊ា​ន​ប្រ​ឈម​​នឹ​ង​កា​រពិត។

លោកបន្តថា៖ “យើងចង់ដូរអាខូចចេញ ប៉ុន្តែអត់រើសអាល្អទៅជំនួសអាខូចទេ បែជារើសអាខូចទៅដូរអាខូច។ អញ្ចឹងបើរើសអាខូចទៅជំនួសអាខូចសង្គមហ្នឹងវានៅតែខូចអត់កែអីបានទេ ហើយ កឹម សុខា ខ្លួនឯង​ត្រូ​វដឹង​ថា​ខ្លួនឯងជាអ្នកនយោបាយមិនមែនជាជនធម្មតាទេដូច្នេះចំពោះរឿងនេះខ្ញុំគាំទ្រអ្នកដែលរិះគន់ហើយស្វែ​ងរកការពិត”។

លោក សួន សេរីរដ្ឋា ឲ្យដឹងទៀតថាឃាតកម្មកន្លងទៅលើតារាចម្រៀងមួយចំនួនរួមទាំងអ្នកស្រី ពិសិដ្ឋ​ ពី​លីកា លោកថាមានជាប់ពាក់ព័ន្ធនឹងមន្ត្រីរបស់បក្សកាន់អំណាច។ ប៉ុន្តែលោកថាមកដល់ពេលនេះមិ​ន​ទា​ន់​​មានអ្នក​នយោបាយ​ពាក់ព័ន្ធណាមួយចេញមុខទទួលខុសត្រូវទេនិងម្យ៉ាងវិញទៀតលោកថាសមត្ថ​កិច្ច​ហា​ក់ព្យាយាមបំភ្លេចរឿងនេះចោល។

លោកថា៖ “ខ្ញុំអត់ការពារមនុស្សខូចទេខ្ញុំអត់ការពារឧក្រិដ្ឋជនទេ។ រឿងសម្លាប់លោកស្រី ពិសិដ្ឋ ពីលីកា ជា​ប​ទ​​ឧក្រិដ្ឋគ្មានអាយុកាលទេមិនមែនមានន័យថាបំភ្លេចចោលហើយវាចប់ទេរឿងបាញ់ទៅ​លើអ្នកចម្រៀ​ង ទូច ស៊ុននិច ពៅ បញ្ញាពេជ្រ បាញ់ទៅលើអ្នកកាសែត ប្រធានសហជីពមិត្តភ័ក្រខ្ញុំលោក ជា វិជ្ជា ដែលបា​ន​ស្លា​ប់ទៅគឺជាបទឧក្រិដ្ឋត្រូវ​តែគាស់កកាយយកមកកាត់ទោសរាល់ជនឧក្រិដ្ឋដែលនៅពីក្រោយនឹងយ​កម​កកាត់ទោសគឺយើងនូវតែរក្សាជំហហ្នឹង។ ពីព្រោះ​រឿង​ក្តីឧក្រិដ្ឋ​កម្មច្រើនណាស់នៅប្រទេសកម្ពុជាដែលគេអត់កាត់ក្តីរកយុត្តិធម៌ឲ្យជនរងគ្រោះទេតែគេបង្កើត​ក្រុមការងារមួយកាយកប់រឿងពិត”។

ក្រោយបែកធ្លាយខ្សែអាត់សំឡេងរឿងស្នេហាលួចលាក់នេះប្រធា​ន​ស្តី​ទីគណបក្សសង្គ្រោះជាតិលោក កឹម សុខា បាន​សរសេរ​លើហ្វេសប៊ុករបស់លោកថាមិនតបតមិន​​ឆ្លើយឆ្លងដោយអះអាងថាគណ​បក្ស​លោ​កកំពុងអនុវត្តយន្តការឆ្ពោះទៅរក​ការ​បោះឆ្តោត។

ប៉ុ​ន្តែស្រ្តីម្នាក់ដែលរងការរិះគន់និងចោទប្រកាន់បានចេញមុខរកអន្តរាគមន៍ពីអង្គការសង្គមស៊ីវិលឲ្យជួយរកយុត្តិធម៌ដោយ​អះអាងថានាងមិនជាប់ពាក់ព័ន្ធនឹងស្នេហាលួចលាក់ជាមួយលោក កឹម សុខា ទេ។

ស្ត្រីនោះថា៖ “ខ្ញុំមកសមាគមអាដហុកនេះខ្ញុំមកបំភ្លឺរឿងហ្នឹងថាខ្ញុំអត់បានធ្វើអ្វីមួយដែលសង្គ​មគេ​កំពុ​ង​ស្អប់​ខ្ពើមហើយខ្ញុំ​អត់បាន​ប្រព្រឹ​ត្តរឿ​ង​អា​ស្រូវស្នេហាអីណាជាមួយគាត់។ គេថាខ្ញុំនេះជាស្រីកំណា​ន់របស់​គាត់ខ្ញុំ​ចង់មកប​កស្រា​យអញ្ចឹ​ងថា​ខ្ញុំច​ង់មកបកស្រាយកិត្តិយសខ្ញុំឡើងវិញ”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាដែលកំពុងគ្រប់គ្រងអំណាចលោក សុខ ឥសាន សុំមិនធ្វើអ​ត្ថាធិ​ប្បា​​យដោយ​អះអាងថាករណីនេះជាតួនាទីរបស់សមត្ថកិច្ច។ លោកថា៖ “ខ្ញុំអត់ឆ្លើយ​ទេ​អារឿ​​ងហ្នឹ​​ង​ជារឿ​​ង​សមត្ថកិច្ចរឿងមួយៗវាខុសគ្នា មិនមែនរឿងដូចគ្នាទេបា”។ ពេលសួ​រថាតើឃាត​កម្មទាំ​ង​​នោះ​ជា​ប់ពា​​ក់ព័ន្ធ​នឹងបក្សកាន់អំណាចទេ លោកបន្តថា “ខ្ញុំមិនអាចប​រិយាយបាន​ទេបា​ទករណីហ្នឹងជា​រឿងបុ​គ្គលរប​ស់គេបាទ”។

VODមិនអាចរកការឆ្លើយតបពីអ្នកនាំពាក្យក្រសួងមហាផ្ទៃពីលោក ខៀវ សុភ័គ បានទេដោយទូរសព្ទរបស់លោក គ្មានអ្នកទទួល។ ប៉ុន្តែកន្លងទៅលោកធ្លាប់អះអាងឃាតកម្មទាំងនោះសមត្ថកិច្ចមិន​ទាន់បិទ​ការ​ស៊ើបអង្កេតទេ។

ប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា បានរិះគន់មេដឹកនាំទាំងពីរថាគ្រាន់តែលេងហ្វេសប៊ុកក៏ឈា​ន​ទៅប្តឹងផ្តល់គ្នាដែរដោយគ្រាន់តែម្ខាងថាមានអ្នកគាំទ្រច្រើននិងម្ខាងទៀតរិះគន់ថាការគាំ​ទ្រច្រើ​ន​នោះ​មានភាព​មិនច្បាស់លាស់។

យ៉ាងណាក៏ដោយលោក សួន សេរីរដ្ឋា បានការពារគោលនយោបាយរបស់ខ្លួនថាគណបក្សអំណាចខ្មែរធ្វើ​ន​​យោ​បាយមិន​មែនដើម្បីបក្សឈ្នះទេគឺដើម្បីប្រជាពលរដ្ឋជាអ្នកឈ្នះពោលគឺត្រូវធ្វើឲ្យ គ.ជ.ប ជាស្ថា​ប័ន​​​ឯករាជ្យមិនមែន​សមាសភាព​ចេញតែពីបក្សដែលមានអាសនៈក្នុងសភាការតែងតាំ​ងបេក្ខភាព​ទៅ​ឈរ​​ឈ្មោះជាតំណាងរាស្ត្រមិនចាត់តាំង​ដោយគណបក្ស។

បេក្ខភាពនាយករដ្ឋមន្ត្រីត្រូវចេញមុខជជែកដេញដោយគ្នាជាសាធារណៈបង្ហាញពីសមត្ថភាពរបស់ខ្លួនឲ្យពលរដ្ឋជឿទុកចិត្ត មុនទៅកាន់តំណែងជានាយករដ្ឋមន្ត្រីដឹកនាំប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ