​ស្រីមុំដែល​ត្រូវគេទម្លាយរឿងអាស្រូវស្នេហាជាមួយលោក កឹម សុខា បដិសេធថាមិនដែលស្គាល់ ធី សុវណ្ណថា

កញ្ញា ខុម ចាន់ដារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេទម្លាយខ្សែអាត់ថា​ជាសំឡេង​របស់នាងសន្ទនា​ស្នេហាជាមួយលោក កឹម សុខា​(រូបថតដោយ ហ៊ុយ ឧស្សាហ៍)

ស្រ្តីម្នាក់ដែលត្រូវ​បានគេទម្លាយ​ខ្សែ​អាត់​សំឡេង​ថានាង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​អាស្រូវ​ស្នេហា​ជាមួយ​ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ​ លោក កឹម សុខា បាន​បដិសេធ​ថា​នាង​មិនដែលស្គាល់កញ្ញាធី សុវណ្ណថានោះទេ។​

កញ្ញា ធី សុវណ្ណថា ដែលមានឈ្មោះល្បីលើប្រព័ន្ធ​សង្គមហ្វេសប៊ុក​ បាន​ដាក់ពាក្យ​ប្តឹង​ចង់​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ពីសំឡេង​សន្ទនា​ស្នេហា ដោយ​ថា​ចំណែកមួយ​នៃ​ការ​សន្ទនា​មានលក្ខណៈបរិហាកេរ្តិ៍ឈ្មោះនាង​។

នៅព្រឹកថ្ងៃសុក្រនេះ កញ្ញា ខុម ចាន់​ដារ៉ាទី ហៅ​​​ស្រីមុំ បានចូលឆ្លើយបំភ្លឺ​នៅ​នាយកដ្ឋានប្រឆាំង​ភេរវកម្ម​នៃ​ក្រសួងមហា​​ផ្ទៃ ទាក់ទងនឹង​​ពាក្យ​បណ្តឹងនេះ។​ កញ្ញា​ស្រីមុំ​បាន​បដិសេធរាល់អាត់សំឡេងដែលបានបង្ហោះតាមហ្វេស​ប៊ុក​​ថាមិនមែនជាសំឡេងរបស់នាងនិងថា​នាងមិន​​ធ្លាប់​ស្គាល់​កញ្ញា ធី សុវណ្ណថានោះ​​។ ស្រី​មុំក៏បានលើកឡើង​ថា​​នាង​​មិនមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​លោក​ កឹម សុខា នោះទេ។

កញ្ញា​មានប្រសាសន៍ថា៖ “ហើយខ្ញុំសូមបដិសេធថាខ្ញុំអត់ដែលស្គាល់កញ្ញាធី សុវណ្ណថាទេ មូលហេតុអីដែលខ្ញុំត្រូវនិយាយរៀបរាប់ជាមួយគាត់”

កញ្ញាស្រីមុំ បន្ថែម​ថាកញ្ញា​នឹង​ដាក់​ពាក្យ​បណ្តឹង​សុំ​ឲ្យ​ក្រសួង​រក​យុត្តិធម៌​និង​ភាព​ស្អាត​ស្អំ​ជូន​កញ្ញាវិញ ស្របពេល​ដែលកញ្ញា​កំពុង​បារម្ភ​ពី​សុវត្ថិភាព។​

ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្មនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ លោក អ៊ី សុខឃី មានប្រ​សាសន៍ក្រោយចេញពីការសាកសួរជាង៣ម៉ោងថាលោក​មិនទាន់អាច​ឆ្លើយពីលទ្ធផល​នៃ​ការ​សាកសួរ​នោះ​បាននៅ​ឡើយទេ។​ លោកបន្ថែម​ថាក្នុង​ករណី​ចាំ​បាច់​នាយកដ្ឋាន​នឹង​អញ្ជើញ​អ្នកពាក់ព័ន្ធ​ក្នុង​ករណីនេះ​មក​បំភ្លឺ។

លោកមានប្រសាសន៍ថា៖ “នីតិវិធីយើងខ្ញុំមិនទាន់អាចជម្រាបបានទេ ពីព្រោះថាយើងធ្វើតាមមួយជំហានៗ ពិនិត្យតាមចម្លើយការបំភ្លឺរបស់គាត់ថាយ៉ាងម៉េចអីយ៉ាងម៉េច។ ខ្ញុំគិតថាការស្រាវជ្រាវបើចាំបាច់យើងត្រូវធ្វើការបំភ្លឺ ប៉ុន្តែមិនមែនប្រាកដថាហៅទេ”

គួរបញ្ជាក់​ថា​នេះមិនមែនជាលើកទីមួយទេ ពោលកាលពីមុន​បោះ​ឆ្នោត​​ឆ្នាំ២០១៣ ក៏មានស្រ្តីម្នាក់ចេញមុខអះ​អាងថាជា​ប្រ​ពន្ធក្រៅច្បាប់របស់លោក កឹម សុខា ដែរ។ ​កាលនោះ​ លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន បានថ្លែង​វាយប្រហារចំ​ៗ​ទៅលើលោក កឹម សុខា ចំពោះករណីនោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ