សហរដ្ឋអាមេរិកត្រៀមខ្លួនចូលរួមសង្កេតការណ៍​បោះឆ្នោតឃុំសង្កាត់និងជាតិ​នៅកម្ពុជា

ថ្នាក់ដឹកនាំគជប ជួប​ពិភាក្សាជាមួយ​ឯក​អគ្គរដ្ឋទូតអាមេរិក លោក វីល្លៀម អេហ៊ីត កាលពីថ្ងៃព្រហស្បតិ៍(រូបថតពីហ្វេសប៊ុក​របស់គជប​)

ឯកអគ្គរដ្ឋទូតអាមេរិក​ដែល​ទើបចូលកាន់តំណែងថ្មី​ លោក វីល្លៀម អេហ៊ីត(William A. Heidt) កាលពីថ្ងៃព្រហ​ស្បតិ៍ បាន​សន្យា​ថា​សហរដ្ឋអាមេរិក​នឹង​ចូល​រួម​សង្កេត​ការណ៍​ការបោះឆ្នោត​ឃុំសង្កាត់​និងថ្នាក់​ជាតិ​នៅ​ឆ្នាំ​២០១​៧និង​២០១៨ខាងមុខ។​

នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយរបស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញផ្សាយនៅថ្ងៃសុក្រនេះ ​ក្នុងជំនួប​មួយ​ជាមួយថ្នាក់ដឹកនាំ​គ.ជ.ប លោក វីល្លៀម អេហ៊ីត ដែល​ចូលកាន់តំណែងផ្លូវការ​កាលពីខែធ្នូឆ្នាំ​២០១៥ បានលើកឡើងថាស្ថានទូតអាមេរិកចង់ឃើញ​ស្ថាប័ន​រៀ​បចំការបោះឆ្នោតមានការជឿទុកចិត្តពីប្រជាពល​រដ្ឋនិងត្រៀមខ្លួនចូលរួមសង្កេតការណ៍បោះឆ្នោតនៅឆ្នាំ២០​១៧និងឆ្នាំ២០១៨។ សេចក្តីប្រកាស​ព័ត៌មាន​បន្ត​ថា​សហរដ្ឋអាមេរិកចង់ដឹងថាតើប្រជាពលរដ្ឋទាំងអស់ រួមទាំងព្រះសង្ឃអាចចុះឈ្មោះបោះឆ្នោតបានឬទេ?

នៅក្នុងជំនួបនោះ បើតាមគ.ជ.ប អាមេរិក​មានបំណងរួមសហការជាមួយគ.ជ.ប ដើម្បីធ្វើឲ្យសាធារណជនមានជំនឿ​ជឿជាក់កាន់តែខ្លាំងឡើងមកលើស្ថាប័នរៀបចំការបោះឆ្នោត។ សហរដ្ឋអាមេរិ​កក៏ចង់ឲ្យមានកិច្ចប្រជុំជាលក្ខណៈ​អន្តរជាតិជាមួយគ.ជ.ប នៅថ្ងៃខាងមុខ ដើម្បីឲ្យអន្តរជាតិបានដឹងអំពីការវិវឌ្ឍនៃការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា។

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាននោះ ប្រធានគ.ជ.ប លោក ស៊ិក ប៊ុនហុក បានលើកឡើងថានេះជាលើកទីមួយ​ដែលប្រ​ទេសកម្ពុជាបានអនុវត្តការចុះឈ្មោះបោះឆ្នោតដោយប្រព័ន្ធកុំព្យូទ័រហើយសម្ភារៈជា​ជំនួយរបស់សហភា​ពអឺរ៉ុបនិងជប៉ុន។ លោកបន្តថាតាមគម្រោងការចុះឈ្មោះបោះឆ្នោតនឹងត្រូវធ្វើ​ឡើងនៅខែមីនា ឆ្នាំ២០១៦ តែត្រូវលើកពេលជា​បន្ត​បន្ទាប់​រហូត​ដល់​ខែកក្កដា ដោយសារមិនទាន់បានសម្ភារៈទាន់ពេលវេលា។​

ឆ្លើយតបនឹង​សំណួរ​របស់​ឯកអគ្គរដ្ឋទូតអាមេរិក ប្រធាន​គ.ជ.ប បានបញ្ជាក់ថា៖ “ប្រជាពលរដ្ឋខ្មែរ​ទាំង​ពីរភេទ រួមទាំងព្រះសង្ឃផង មានសិទ្ធិចុះឈ្មោះបោះឆ្នោត ។ ប្រសិនបើគាត់ធ្វើអត្តសញ្ញាណប័ណ្ណ​សញ្ជាតិខ្មែរ​មិនទាន់ពេលវេលា គាត់អាចធ្វើលិខិតបញ្ជាក់អត្តសញ្ញាណប័ណ្ណដើម្បីចុះឆ្មោះបោះឆ្នោតបាន”។ លោក​បន្ត​ថា​ការចុះឈ្មោះបោះឆ្នោតមានរយៈពេល៣ខែហើយគ.ជ.បមានផែនការធ្វើការផ្សព្វផ្សាយអប់រំដល់សាធារណជនឲ្យបានទូលំទូលាយ​និង​​ទទួលយកកិច្ចសហការជាមួយស្ថានទូតសហរដ្ឋអាមេរិកក្នុងការអប់រំសាធារណជន។

ប្រធានគ.ជ.ប បន្ត​ថា​គ.ជ.ប ស្វាគមន៍ចំពោះបំណងស្ថានទូតអាមេរិកដែលចង់ឲ្យមានកិច្ចប្រជុំជាលក្ខណៈអន្តរជាតិមួយជាមួយគ.ជ.ប។​

អតីតប្រធានគ.ជ.ប លោក អ៊ឹម សួស្តី មានប្រសាសន៍ថា​កាលពីការបោះឆ្នោត​ថ្នាក់ជាតិឆ្នាំ​២០១៣ សហរដ្ឋអាមេរិក​​បាន​បញ្ជូនបុគ្គលិក​នៅស្ថានទូតប្រចាំនៅ​ប្រទេស​កម្ពុជា​ មក​ចូលរួមសង្កេតការណ៍​បោះឆ្នោត​ថ្នាក់ជាតិ។ លោក​បន្តថា​ជា​ទូទៅ បរទេស​មិន​ចូល​រួម​សង្កេតការណ៍ការបោះឆ្នោតថ្នាក់ឃុំសង្កាត់នោះទេ។​

លោក​មានប្រសាសន៍ថា៖ “អ្នកសង្កេតការណ៍ គេមើលច្បាប់ មើលការអនុវត្ត នីតិវិធី…គេមើលច្រើនណាស់។ ធម្មតាទេ ការបោះឆ្នោត​វាមិនល្អPerfect(ល្អឥតខ្ចោះ)នោះទេ វាតែង​មានចំណុចខ្វះខាត ចំណុចល្អក៏មាន តែ​សំខាន់​យើងទៅមើលច្បាប់យើង ថាតើគ.ជ.ប ធ្វើបានប៉ុនណា​”។​

វីអូឌី​មិនទាន់​អាច​ទាក់ទង​មន្រ្តីនាំពាក្យ​របស់ស្ថានទូតអាមេរិកបាននៅឡើយទេ។​

មុន​ពេល​មក​បំពេញបេសកកម្មជា​ឯក​អគ្គរដ្ឋទូត​ប្រចាំកម្ពុជា លោក វីល្លៀម អេហ៊ីត បានសន្យានៅចំពោះ​មុខ​ព្រឹទ្ធសភា​ខ្លួនថា​លោកនឹងយកចិត្តទុកដាក់ចំពោះការបោះឆ្នោតនៅកម្ពុជានិងបញ្ហាការរឹតត្បិតសង្គមស៊ីវិលនៅកម្ពុជា។​ ក្រៅពីនោះ លោកបានសន្យាថានឹងយកចិត្តទុកដាក់លើទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា និងអាមេរិក កិច្ចសហប្រតិបត្តិការលើផ្នែកសុខាភិបាល បញ្ហាសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ