គ.ជ.ប ថាមិនទាន់មានចំណាត់លើសារនយោបាយបក្សសង្គ្រោះជាតិ

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឬ គ.ជ.ប នៅមិនទាន់មាន​ចំណាត់​ការណា​មួយ​ពាក់ព័ន្ធ​នឹង​សារនយោបាយគណបក្សប្រឆាំង «ដូ​រមេឃុំ​ប​​ម្រើ​បក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដែលទាមទារឲ្យកែតម្រូវនិង គម្រាម​ប្តឹងដោយបក្សកាន់អំណាច ដោយថា រងចាំដល់ពេលឃោសនាបោះឆ្នោតសិន។

កាល​ពីថ្ងៃ​ទី២មីនាឆ្នាំ២០១៧​ គណបក្សសង្គ្រោះជាតិ​បានប្រកាស​ពីគោលនយោបាយជាអទិភាព​៥ចំណុចសម្រាប់ឃោ​ស​នារក​សំ​ឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាតនាពេលខាងមុខនេះ ក្នុងនោះមានទាំងពាក្យថា «ដូ​រមេឃុំ​ប​​ម្រើ​បក្ស ដាក់មេឃុំបម្រើរាស្ត្រ»។

ប៉ុន្តែសារនយោបាយឃ្លានេះ ត្រូវបានគណបក្សប្រជាជនព្រមានប្តឹង បើបក្សប្រឆាំងនៅមិនព្រមកែតម្រូវ ដោ​យ​ចាត់ទុ​កថា ជាសារនយោបាយនោះថាមានចរិកញុះញង់បង្កហេតុ និងប្រមាថដល់​មន្ត្រីឃុំសង្កា​ត់នៅ​ទូ​ទាំង​​ប្រទេសដោយថា ពួកគេកំពុងបម្រើពលរដ្ឋគ្រប់និន្នាការគ្មានការរើសអើង។

សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក មាន សទិ មានប្រសាសន៍ថា សារនយោបាយ​ដែល​​គណបក្សសង្គ្រោះជាតិប្រើនៅពេលនេះ គ.ជ.ប មិនទាន់មាន​សមត្ថកិច្ច​ធ្វើការ​ដោះស្រាយ​បាន​នៅឡើយ​​ទេ ដោយថា ទាល់តែដល់ថ្ងៃឃោសនាបោះឆ្នោត ទើបជាសមត្ថកិច្ចរបស់គ.ជ.ប ។

លោកថា៖ «ពាក្យស្លោកដែលគណបក្ស CNRP លើកឡើងពេលនេះ វាមិនមែនជាដំណាក់កាលដែល គ.ជ.ប ត្រូវយកមកដោះស្រាយនោះទេ។ គ.ជ.ប ដោះស្រាយតែ​នៅពេលឃោសនា គឺរយៈពេល១៤ បើគាត់យកពាក្យស្លោកគាត់ ទៅផ្សព្វផ្សាយនៅពេលឃោសនា បើមានពាក្យបណ្ដឹង គ.ជ.ប នឹងពិនិត្យថា​តើពាក្យស្លោកនឹងត្រឹ​មត្រូវទៅតាមការកំណត់នៃច្បាប់ឬ ខុសនឹងមាត្រានៃច្បាប់។ ចឹងថាពេលនេះ គ.ជ.ប គ្រាន់តែបានទទួលព័ត៌មានហ្នឹង ហើយក៏ពិចារណានឹងគិតថាត្រូវដោះស្រាយយ៉ាងណា នៅពេលធ្វើយុទ្ធនាកាលឃោសនា ពេលនេះមិនទាន់ដល់ដំណាក់ទេ»។

មេធាវីរបស់គណក្សសង្គ្រោះជាតិ លោកស្រី ម៉េង សុភារី យល់ថាឃ្លាំដូ​រមេឃុំ​ប​​ម្រើ​បក្ស ដាក់មេឃុំបម្រើរាស្ត្រ គឺមិនបានប៉ះពាល់ ឬជាការញុះញង់នោះទេ។

លោកស្រីថា៖ «ការឃោសនាបោះឆ្នោតមានន័យថា ជាសកម្មភាព ដើម្បីធ្វើការបញ្ចុះបញ្ចូល ឲ្យធ្វើ​ការគាំទ្រ​​ដល់គណបក្សនយោបាយណាមួយ ក៏ដូចជាបេក្ខជនណាមួយ។ ដូច្នេះ វាអាស្រ័យទៅលើក ថា តើគណបក្សនយោបាយនោះគាត់មានលទ្ធភាព នៅក្នុ្ងងការបញ្ចុះញ្ជូលអ្នកគាំទ្របានដោយរបៀបណា។ ចំពោះពាក្យស្លោកដូ​រមេឃុំ​ប​​ម្រើ​បក្ស ដាក់មេឃុំបម្រើរាស្ត្រ នោះមិនមានជារូបអីឲ្យ មានការញុះញង់ អីនោះទេ ពីព្រោះថា យើងមិនបានសំដៅទៅដល់មេឃុំដែលគាត់ធ្វើ​ការបម្រើប្រជាពលរដ្ឋនោះទេ ​ បើសិនមេឃុំណាដែលគាត់ធ្វើការបម្រើប្រជាពលរដ្ឋគឺមិនសំដៅទៅគាត់នោះទេ»។

នាយកប្រតិបត្តិអង្គការឃ្លាំមើលការបោះឆ្នោតមួយ ហៅ NICFEC លោក សំ គន្ធាមី សុំមិនធ្វើការបក ស្រាយចំពោះរឿងនេះ ប៉ុន្តែលោកថា បើតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឬក្រុមប្រឹក្សា ឃុំ សង្កាត់ចែងថា គណបក្សនយោបាយទាំងអស់ អាចបង្កើតសារនយោបាយដោយខ្លួនឯងបាន លើកលែង តែសារនោះបង្កផលប៉ះពាល់ដល់សន្តិសុខជាតិ និងរើសអើងពូជសាសន៍ ទើបច្បាប់មិនអនុញ្ញាត។

លោកថា៖ «គ្រាន់តែជាសារធម្មតា មិនប៉ះពាល់ដល់ចំណុចហ្នឹងទេ ​មិនមានអីប្រឆាំងពីច្បាប់ទេ គ.ជ.ប ​មិនដឹងថា គណបក្សសង្រ្គោះជាតិថា សារនឹងបានផ្ញើរទៅឲ្យ គ.ជ.ប ឬក៏យ៉ាងម៉េចខ្ញុំអត់ទាន់ក្ដាប់បានទេ ។ ប៉ុន្តែក្រៅផ្លូវការខ្ញុំបានជួបឯកឧត្តម ហង្ស ពុទ្ធា គាត់ប្រាប់ខ្ញុំថា អត់ទាន់មានឃើញ​គណបក្ស​នយោបាយ​ណា ផ្ញើរសារដែលខ្លួនយកទៅប្រើប្រាស់មកគ.ជ.ប ដើម្បីពិនិត្យក៏អត់មានដែរ។ តែគណបក្ស​នយោបាយ​​អាចមានសិទ្ធិគ្រប់បង្កើតសារខ្លួនគាត់​ហើយ​បើចង់ដាក់​មកគ.ជ.ប​ឲ្យក៏បានដែលនេះ​ជាសិទ្ធិរបស់គណបក្ស»។

វីអូឌី នៅមិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បាននៅឡើយទេ។

ទោះជាយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី៦ខែមីនា អ្នកនាំពាក្សគណបក្សប្រជាជនកម្ពុជា​ បានទាមទារឲ្យ​ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិកែតម្រូវជាបន្ទាន់នូវខ្លឹមសារឃោសនានយោបាយ «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដោយថាខ្លឹមសារនេះ មានចរិកញុះញុង បង្កហេតុ និងប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរ​ដល់មន្ត្រី​នៅថ្នាក់មូលដ្ឋាន ដែលបានខិតខំបម្រើរាស្ត្រ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ