ពលរដ្ឋ​កុះករធ្វើបុណ្យនៅ​​រូបសំណាក​តា​ខ្មៅ

ប្រជាពលរដ្ឋ​ធ្វើពិធីនៅ​​​រូប​សំណាក​​​​​លោក​តាម៉ៅ​ឬ​តា​ខ្មៅ

កាល​ពី​​​ល្ងាច​ថ្ងៃ​​​ទី១០ មេសា ​​​​​​ពលរដ្ឋ​ជា​ពុទ្ធបរិស័ទ​​រហូត​ដល់​​រាប់​ពាន់នាក់ ត្រូវ​គេ​ឃើញ​​​​​ប្រារព្ធ​ពិធី​​​​​ថ្វាយ​ភ្លេង ​ថ្វាយ​​ផ្កា​ភ្ញី ថ្វាយ​របាំ ​ធ្វើ​ពិធី​​ស្រោច​ទឹកនិង​បួង​សួង​យ៉ាង​ណែនតាន់​តាប់​​អស់​រយៈ​ពេល​ប៉ុន្មាន​ម៉ោង នៅ​​ខាងមុខ​រូប​សំណាក​​​​​លោក​តាម៉ៅ​ឬ​តា​ខ្មៅ ស្ថិត​នៅ​​​​រង្វង់មូល​​ក្រុង​តា​ខ្មៅ​ ខេត្ត​កណ្ដាល​។ នេះ​ជា​​​ប្រពៃ​ណីដែល​​អ្នក​ក្រុងតាខ្មៅ​​​ទម្លាប់​ធ្វើ​​​រាល់​​មុន​​​ឱកាស​​បុណ្យ​ចូលឆ្នាំ​​ខ្មែរ​​​​មក​ដល់ម្ដង​ៗ​ ប៉ុន្តែ​ពិធី​លើក​នេះ​​​មាន​សភាព​​កក​កុញ​​ជាងមុន ​​​​ដោយ​បាន​នឹង​ធ្វើ​ឲ្យ​​រង្វង់​មូល​​ក្រុង​តាខ្មៅ​​កកស្ទះ​​​អស់​ប្រមាណ​​​៣​ម៉ោង​ពេញ​។

កម្មវិធីដែលត្រូវ​បាន​អ្នក​ស្រុក​អះ​អាង​ថា​​ប្រារព្ធ​ធ្វើ​ជា​លើកទី​​១២ ចាប់​តាំង​ពី​រូប​សំណាក​លោក​​តា​ម៉ៅ​ត្រូវ​បាន​ស្ថាប​នា​​​នេះ ​​​មិនមានមាន​ការ​ចូល​រួម​តែ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កណ្ដាល​​ជាពិសេស​​​​អ្នករស់​​នៅ​​ក្រុង​តា​ខ្មៅ​នោះ​ទេ ​​គឺ​​​​​​អ្នក​ចម្ងាយ​​និង​អ្នក​ដំណើរ​ឆ្លង​កាត់​​ក៏​​​​​​​​ចូល​រួមច្រើន​ណាស់ដែរ។ ពលរដ្ឋ​ដែលធ្វើ​​ឲ្យ​​​ពិធី​បួង​សួង​នៅ​ក្រុង​តាខ្មៅ​កក​ស្ទះ​នា​ថ្ងៃ​​នោះ ​​​មាន​ទាំង​វត្តមាន​​​តារា​សិល្បៈ ​ព្រះ​សង្ឃនិង​​​​ពុទ្ធ​បរិស័ទ​មក​ពី​គ្រប់​ទិសទី​តែម្ដង​​​​​ ជា​ពិសេស​​គឺ​អ្នកមានជំនឿ​​​មក​ពី​​រាជធានីភ្នំពេញនិង​តំបន់​​ឆ្ងាយ​ៗ។ ពិធី​នេះ​ត្រូវ​គេ​​​​​​​​​​ឃើញឃុំ​រោង​កណ្ដាល​ផ្លូវ​​​​តាំង​ពី​ម៉ោង​​​៤​រសៀល ហើយ​រហូត​ដល់​ម៉ោង​​​​ជិត​​៩​យប់​ទើប​​​​​​​​​​​​​​រំសាយ​​។

លោក​ស្រី​ សៀង ចាន់ហេង នាយិកាក្រុមហ៊ុនហេងអភិវឌ្ឍន៍​​ដែល​​រៀប​ចំ​​​ធ្វើ​ពិធី​​នេះ​​​បាន​អះ​អាង​ថាការ​​​​​​​​ប្រារព្ធពិធី​ក្នុង​ឆ្នាំ​នេះ ​លោក​ស្រី​​​កត់សម្គាល់​ថា​មាន​​​​​​ពុទ្ធ​បរិស័ទ​ចូល​រួម​ច្រើន​ជាង​មុន​ ​​​​​​​​​ដើម្បីជា​ការ​​រំឭក​ដល់​​គុណរបស់​​​លោក​តា​ម៉ៅ ​ដែល​​​​បាន​ឃុំគ្រង​​កូន​ចៅនិង​អ្នក​​​​​បន់​ស្រន់​​​​​ទាំង​ឡាយ​ឲ្យ​បាន​សុខ​សប្បាយ​រហូត​មក​។ លោក​ស្រី​បង្ហាញ​ជំនឿ​ថា​​​​លោក​​តា​ម៉ៅ​នៅ​តែ​មាន​បារមី​ស័ក្ត​សិទ្ធិ ទើបធ្វើ​​ឲ្យ​មនុស្ស​ជិត​ឆ្ងាយ​នៅ​តែ​​​​​មក​បន់​ស្រន់។ ជាក់ស្ដែង​​​​ជា​រៀង​រាល់​ថ្ងៃ​​​​​​​​​​​លោក​ស្រី​ថា​​​​​​​​​​​​​​​​អ្នក​ដំណើរ​ទាំង​ឡាយ​ទាំង​ពួង​​នៅ​តែ​មក​​​​​ថ្វាយ​ចេកនិង​ដង្វាយ​ផ្សេង​​ៗដល់​​លោក​តា​ជា​រៀង​រាល់ថ្ងៃ ដោយ​ក្នុង​​សីល​(មួយ​សប្ដាហ៍) ក៏​មាន​​​​​​ការ​ថ្វាយ​​ភ្លេង​​​​​​​​​ដល់​រូប​សំណាក​​មួយ​​​​លើក​​មិន​ដែល​ខាន​នោះ​ផង​។ ដោយ​សារ​តែ​​​ភាព​ជាក់​ជាក់​​នេះ ទើប​​​​​ការ​ប្រារព្ធ​ពិធី​​បួង​សួង​និង​​រំឭក​​​គុណ​ដល់​លោក​តា​ខ្មៅ​​កាល​ពី​ថ្ងៃ​ទី​​១០ មេសា ​លោក​ស្រី​ថា​​សឹង​​​​មិន​មាន​ច្រក​​ឲ្យ​ឡាន​ម៉ូតូ​ធ្វើ​ដំណើរ​ព្រោះ​តែ​​​​​​​​​​​អ្នក​ចូល​រួមច្រើន​។ លោក​​ស្រី​ចាត់​ទុក​ថា​​ការ​ចូល​រួម​​​របស់​​​​​​​អ្នកមានជំនឿ​គឺ​ជា​​​កម្លាំង​សាមគ្គី​ ដែលមិន​ខុស​ពី​ការ​រួម​គ្នា​​​​ថែរក្សា​វប្បធម៌​​ប្រពៃណី​របស់​ដូន​តា​​មិន​ឲ្យ​បា​ត់​​បង់នោះ​ទេ ជា​ពិសេស​គឺ​ជំនឿ​​ទៅ​​លើ​អ្នក​តា។

2485b48f-b3f0-45b6-b101-32ae195c93e0ព្រះគ្រូ​​ នី សុវណ្ណមុនីរ៉េត  គង់​នៅ​វត្តនាគ​​វ័ន្តមាន​សង្ឃដីកា​ថា​​ព្រះ​អង្គ​បាន​​ដឹក​នាំ​​​​​តា​ជី​ដូន​ជីនិង​ពុទ្ធបរិស័ទ​​​​​​ជា​​​ច្រើន​​​​​មក​ចូល​រួម​នៅ​ក្នុង​ពិធី​នេះ ​ដោយ​សារតែ​​ព្រះ​អង្គក៏មាន​ជំនឿ​លើ​​​​​បារមី​របស់​លោក​​តា​ម៉ៅ​មិន​ខុស​ពី​​​​​ពុទ្ធបរិស័ទ​ភាគ​ច្រើន​។ ​​លោក​ថា​​​​​បន្ទាប់​ពី​​ផ្កា​ភ្ញី ​​សូត្រ​ចំរើន​​​​​​បារមី​ពី​សំណាក់​ព្រះ​​សង្ឃ ​ ​ថ្វាយ​ភ្លេងនិង​ថ្វាយ​របាំ ត្រូវ​បាន​បញ្ចប់នៅ​​ក្នុង​​​​បរិវេណ​​​​​​រូប​សំណាក​លោក​តា​ម៉ៅ​​​​​រឹត​មាន​​​​អ្នក​ចូល​​រួម​កក​កុញ ដោយ​សូម្បីតែ​អ្នក​ដំណើរ​ក៏​​​សំចត​​មក​សុំ​ទឹក​មន្ត​​ ហើយ​​ប្រោះ​ព្រំ​​​​​​​​​​ឲ្យ​គ្នា​​​​ដើម្បី​​​​បួង​សួង​សុំ​សេចក្ដី​​​​​​​​​​ក្នុង​ឱកាស​​ឆ្នាំ​ថ្មី​។

លោក ​គុន រាម​រតនៈ ជា​តារា​សម្ដែង​ និង​ជា​អ្នក​ចម្ងាយ​​ទៅ​ពី​ភ្នំពេញ​បាន​អះ​អាង​ថា​​គ្រាន់​តែ​​​ឃើញ​ការ​​​​​បង្ហោះ​​ថា​មាន​ពិធី​បួង​សួង​នៅ​​​​​​រូប​សំណាក​លោក​តា​ម៉ៅ លោក​​ក៏​ធ្វើ​ដំណើរ​​​​​​​ដោយ​មិនមាន​ការ​អញ្ជើញ​តែ​ម្ដង ដោយ​សារ​តែ​លោក​​ក៏​មាន​ជំនឿ​ខ្លាំង​លើ​លោក​តានិង​ធ្លាប់​បួង​សួង​​​សុំ​សេចក្ដី​សុខ​ពី​លោក​តា​​ហើយ​​​​បាន​សម្រេច​​​​​​មិន​ដែល​ខាន​។ លោក​ថា​​​ការ​​ចូល​រួម​​របស់​ពលរដ្ឋ​​​​​មាន​សភាព​​​កក​កុញ​​​​​​ ដោយ​សារតែ​អ្នក​ដំណើរ​​​​បណ្ដាក់​គ្នា​​ឈប់​​ ​ដោយ​ធ្វើ​​ឲ្យ​នៅ​រង្វង់​មូល​តាខ្មៅ នឹង​មិន​មាន​​ចរាចរណ៍​អស់​ច្រើន​ម៉ោង​។

យ៉ាង​ណា​ក៏​ដោយ​នៅ​ក្នុង​ពិធី​នោះ​​គេ​ឃើញ​មាន​ការ​​អន្តរាគមន៍ជា​ច្រើន​ពី​សំណាក់​​​​​នគរបាល​ចរាចរណ៍ និង​អាជ្ញាធរ​ខេត្ត​​​​​ដើម្បី​​ឲ្យ​​យាន្ត​យន្ត​ដែល​ត្រូវ​ការ​​ឆ្លង​នៅ​តែអាចធ្វើ​ដំណើរ​បាន​។ ​នៅ​​ក្នុង​ពិធី​នោះ គេ​ក៏​ឃើញ​មាន​ការ​​ចែក​ទាន​ពី​សំណាក់​​​​​អ្នក​មាន​ទ្រព្យ​ដែល​មក​​​ធ្វើ​ពិធី ជូន​ដល់​ចាស់ៗនិង​​ក្មេង​ៗ​​​​​​​​ជា​ការ​​ចែក​រំលែក​​​​​​​​​​​​​​​​​​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ