ជនសង្ស័យ​ក្នុង​ការ​​វាយប្រហារ​​​នៅ​បែលហ្ស៊ិក​សារភាព​ថាពី​​ដំបូងខ្លួន​គ្រោង​​វាយ​ប្រហារ​នៅ​​បារាំង​ជាថ្មី​

ជនសង្ស័យ​ម្នាក់​ឈ្មោះ មហាម៉េដ អាប្រ៊ីនី (រូបភាពពី BBC)

ក្រុម​រដ្ឋអាជ្ញា​របស់​បែលស៊ិចបាន​ឲ្យ​ដឹង​ថាជនសង្ស័យ​ម្នាក់​ដែល​នៅ​រស់រាន​មាន​ជីវិត​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​ក្នុង​ទី​ក្រុង​ព្រុចសែល​កាល​ពី​ខែ​មីនា​បាន​សារភាព​ថា ដំបូង​ឡើយ​ក្រុម​របស់​ខ្លួន​បាន​រៀបចំ​គម្រោង​វាយ​ប្រហារជា​ថ្មី​​នៅ​​ក្នុង​ប្រទេស​បារាំង​​។

បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC បាន​រាយការណ៍​ថា ជនសង្ស័យ​ម្នាក់​ឈ្មោះ មហាម៉េដ អាប្រ៊ីនី (Mohamed Abrini) ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​បាន​សារភាព​ថា ក្រុម​របស់​ខ្លួនបាន​ប្ដូរ​ចិត្តទៅ​​ធ្វើ​ការ​វាយប្រហារ​នៅ​ក្នុង​ទីក្រុង​ព្រុចសែលជំនួស​វិញ បន្ទាប់​ពី​អាជ្ញាធរ​បែលហ្ស៊ិក​បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ទៀត​​ក្នុង​ក្រុម​របស់​ខ្លួន​ឈ្មោះ សាឡា អាប់ដេសស្លាម (Salah Abdeslam)​។

លោក មហាម៉េដ អាប្រ៊ីនី ត្រូវ​បាន​គេរាយការណ៍​ថា​បាន​សារភាព​ផងដែរ​ថាលោក​គឺ​ជា​អ្នក​ដែល​ត្រូវ​បំផ្ទុះ​គ្រាប់​បែក​ទី​៣​នៅ​ឯ​ព្រលាន​យន្តហោះ ប៉ុន្តែ​បានរត់​ចេញ​​ដោយ​មិន​បាន​បំផ្ទុះ​គ្រាប់​បែក​។

​ការ​វាយ​ប្រហារដោយ​កាំភ្លើង​និង​គ្រាប់​បែក​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​ ​កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ បាន​សម្លាប់​មនុស្ស​អស់​១៣០​នាក់​។ ចំណែក​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​នៅ​ឯស្ថានីយ​រថភ្លើងនិង​ព្រលាន​យន្តហោះ​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក កាល​ពីថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៦ បាន​សម្លាប់​មនុស្ស​អស់​៣២​នាក់​បន្ថែម​ទៀត​។

ក្រុម​រដ្ឋឥស្លាម (Islamic State) ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ស៊ីរីនិង​អ៊ីរ៉ាក់​បាន​អះអាង​ថា​ខ្លួន​ជា​អ្នក​ធ្វើ​ការ​វាយ​ប្រហារ​ទាំង​ពីរ​នេះ​។

កាល​ពី​ថ្ងៃ​សៅរ៍ លោក អាប្រ៊ីនី អាយុ​៣១​ឆ្នាំ សញ្ជាតិ​បែលហ្ស៊ិក មក​ពី​ប្រទេស​ម៉ារ៉ុក ត្រូវបានចោទប្រកាន់ជាមួយបុរសបីនាក់ផ្សេងទៀតពាក់ព័ន្ធ​នឹង​​សកម្មភាពភេរវកម្ម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ