បុរសម្នាក់ដែលត្រូវ​បានគេដាក់ច្រវ៉ាក់ដៃនិង​ជើងអំពាវឲ្យមានការដោះលែង

បុរស​ដែល​ត្រូវ​បាន​ក្រុមគ្រួសារ​ដាក់ច្រវ៉ាក់ (រូប​កាត់​ចេញពី​វីដេអូឃ្លីប​ដែល​ត្រូវ​គេ​បង្ហោះ​លើ​ហ្វេសប៊ុក​)

បុរសម្នាក់​នៅខេត្តព្រៃវែង​បានអំពាវនាវតាមរយៈវីដេអូឃ្លី​បដែលគេថតបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក​ឲ្យមានការ​ដោះលែង​ ខណៈបុរសរូបនោះត្រូវ​បាន​គេ​ដាក់ច្រវ៉ាក់ដៃ និងជើងទាំងសងខាង ដោយអាក្រាតរាងកាយ​ នៅក្រោម​ដើមឈើ​។

ក្នុង​វីដេអូឃ្លីបជិត១០នាទី ត្រូវបានគេថតបង្ហោះលើបណ្តាញហ្វេសប៊ុក បុរសស្គមស្កាំងរូបនោះ បានរៀប​រាប់ថា គាត់​ឈ្មោះ​   នុត ប៉ោ នៅភូមិគោកច្រះ ឃុំអង្កុលស ស្រុកមេសាង ខេត្តព្រៃវែង។ លោក នុត ប៉ោ បានអំពាវនាវតាមរយៈវីដេអូឃ្លីបនោះថា សុំឲ្យមានការ​ដោះលែងរូប​លោក​ឲ្យមានសេរីភាពវិញ។ លោក​មាន​ប្រសាសន៍​ថា​៖ “ខ្ញុំគ្មានម៉ែឪបង្កើត គ្មានប្អូនប្រុស ប្អូនស្រីបង្កើត ប្រពន្ធគេលែងលះហើយ កូនក៏ទៅនៅខាង​គេដែរ ខ្ញុំសូមអំពាវនាវទៅតាមអង្គការ តាមលោក ចា រិទ្ធី (សំដៅ​លើ​លោក មាស រិទ្ធី) នៃប៉ុស្តិ៍ហង្សមាស អំពាវនាវទៅអង្គការគ្រប់ស្ថាប័នទំាងអស់ មានអង្គការលីកាដូ នៃអង្គការ​ទំាងអស់ និយាយរួមឲ្យតែថានៃមនុស្សធម៌ជួយសង្គ្រោះតែប៉ុណ្នឹង​​”

លោក នុត ប៉ោ បន្ត​ថា បើទោះជាគាត់លួចលុយគេ ក៏នគរបាលមិនត្រូវដាក់ច្រវ៉ាក់គាត់ទេ គួរតែយកគាត់ទៅដាក់នៅពន្ធនាគារខេត្តព្រៃវែង។

ស្នងការ​នគរបាលខេត្តព្រៃវែងលោក ស្រេង ជា មានប្រសាសន៍ថា លោក​បានចាត់ក្រុមការងារនៅតាមមូលដ្ឋានចុះសាកសួរជុំវិញការ​ដាក់ច្រវ៉ាក់បុរសនោះដែរ។ ប៉ុន្តែ​លោកថា​ ម្តាយ និងប្រពន្ធរបស់បុរសនោះ បាន​អះអាងថា  មូលហេតុដែលពួកគេ​ដាក់ច្រវ៉ាក់ ដោយសារ​បុរសនោះជាមនុស្សវិកលចរិត​(មនុស្សឆ្កួត)និង​ដើរ​វាយធ្វើបាបប្រពន្ធ កូន និង​សាច់ញាតិ​​។

នៅពេលសួរថា តើអាជ្ញាធរនឹងមានវិធានការជួយអន្តរាគមន៍យ៉ាងដូចម្តេចចំពោះករណីដាក់ច្រវ៉ាក់បុរសរូបនោះ? លោកស្នងការឆ្លើយយ៉ាងខ្លី​ថា គាត់មិនមានវិធានការអ្វីនោះទេ ព្រោះតាមច្បាប់​ បើសមត្ថកិច្ចចាប់បុគ្គលណាមួយដាក់ពន្ធនាគារ​ លុះត្រាតែបុគ្គលនោះប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ។ លោក​មាន​ប្រសាសន៍​ថា​៖”ខ្ញុំមិនទាន់ថាម៉េច​ មិនទាន់ដឹងដែរទេ ឥឡូវយល់ម៉េចទៅពន្ធនាគារ គាត់មានទោសអី នៅក្នុងក្រមព្រហ្មទណ្ឌមនុស្សឆ្កួតមានទោសអី ទោះបីប្រព្រឹត្តបទឧក្រិដ្ឋក៏ដោយ បទមជ្ឈិមក៏ដោយ ទៅចាប់មនុស្សឆ្កួតដាក់គុកម៉េច មានតែអ្នកចាប់មនុស្សឆ្កួតដែរ”

អ្នកសម្រប​សម្រួលនៅសមាគមអាដហុក​ប្រចំាខេត្តព្រៃវែងលោកស្រី អ៊េង គឹមលី មាន​ប្រសាសន៍​ថា ការដាក់ច្រវ៉ាកលើបុគ្គលណាមួយជាការរំលោភសិទ្ធិមនុស្ស ទោះជាបុគ្គលនោះជាមនុស្សវិកលចរិត ឬមិនមែនជាមនុស្សវិកលចរិតក៏ដោយ។ លោកស្រីថា បើបុគ្គលនោះជាមនុស្សវិកលចរិតពិត​មែន​ ជម្រើសល្អអាណាព្យាបាល ត្រូវតែយកទៅព្យាបាលនៅមន្ទីរពេទ្យ​ ជាជាងដាក់ច្រវ៉ាក់បែបនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ