ផ្ទុះ​កាំជ្រួចនិង​អគ្គិភ័យ​ឆេះ​វិហារ​ហិណ្ឌូ​នៅ​ឥណ្ឌា​សម្លាប់​មនុស្ស​យ៉ាងតិច​​​១០០​នាក់​

(រូបភាពពី Reuters)

នគរបាល​ឥណ្ឌា​បាន​ឲ្យ​ដឹង​ថាហេតុការណ៍​ផ្ទុះនិង​អគ្គិភ័យឆាប​ឆេះ​​វិហារ​ហិណ្ឌូ​មួយ​ក្នុង​រដ្ឋ​កេរ៉េឡា​ (Kerela) ​​ដែ​ល​​បង្កឡើង​ដោយ​ការបាញ់កាំជ្រួច​ បានសម្លាប់មនុស្ស​យ៉ាងហោចណាស់១០០​នាក់​។

បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC ​បាន​រាយការណ៍​ថាកាំ​ជ្រួច​បាន​ផ្ទុះ​ឡើង​ខណៈពេលដែល​មនុស្សម្នា​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​វិហារ​នោះ​ដើម្បី​ប្រារព្ធពិធី​បុណ្យចូលឆ្នាំ​ក្នុងតំបន់​​។ បន្ទាប់មកអគារមួយ​នៅក្នុងព្រះវិហារបានដួលរលំដែល​ជា​ហេតុ​បណ្តាលឲ្យ​មនុស្សជាច្រើនបាន​ស្លាប់​។ មនុស្ស​ជាង​២០០​នាក់​ផ្សេង​ទៀត​បាន​រង​របួសនៅ​ក្នុង​ហេតុការណ៍នេះ។

(រូបភាពពី BBC)
(រូបភាពពី BBC)

ហេតុការណ៍​នេះ​​បានកើតឡើងនៅម៉ោងប្រហែល៣និង​៣០​នាទី​ព្រឹក​ថ្ងៃ​អាទិត្យនៅ​រយៈ​ពេល​ប៉ុន្មាន​ម៉ោងបន្ទាប់​ពីពិធី​បុណ្យ​បានចាប់ផ្តើមនៅក្នុងទីក្រុងជាប់​​ឆ្នេរសមុទ្រផារ៉ាវូ ​(Paravur) នៅក្នុងតំបន់កូឡាម​ (Kollam)​។

ការស៊ើបអង្កេតមួយត្រូវបានគេបញ្ជាឲ្យ​ធ្វើ​ឡើង ខណៈ​ពេល​ដែល​ក្រុមមន្ត្រីបាននិយាយថាអាជ្ញាធរ​បាន​បដិ​សេធ​​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​បាញ់​កាំជ្រួចបន្ទាប់ពីមានការភ័យខ្លាចពី​បញ្ហា​សុវត្ថិភាព។

គ្រូពេទ្យជំនាញមួយ​ក្រុម​ត្រូវបានបញ្ជូន​ពីទីក្រុងដេលីទៅ​កាន់​កន្លែង​កើត​ហេតុ​នៅ​ពេលមានសេចក្តីរាយការណ៍​ថា​មាន​អ្នក​ទទួលរងរបួសធ្ងន់ធ្ងរ​​ដោយ​សារ​ការ​ឆាបឆេះ​នេះ​​។ មនុស្សជាច្រើននៅក្នុងមន្ទីរពេទ្យត្រូវបានគេនិយា​យថាស្ថិត​ក្នុងស្ថានភាពធ្ងន់ធ្ងរ។

នាយករដ្ឋមន្ដ្រីឥណ្ឌាលោក Narendra Modi ដែលបានហោះហើរទៅកាន់រដ្ឋ Kerala បាននិយាយថាឧប្បត្តិហេ​តុ​នេះគឺ រំជើបរំជួលនិងរន្ធត់ហួសពីពាក្យដែល​អាច​និយាយ​បាន​។

មេ​នគរបាល​រដ្ឋកេរ៉េឡា លោក TP Senkumar បានឱ្យដឹងថាអ្នកស្លាប់ភាគច្រើនត្រូវបានភ្លើងឆេះខ្លាំង​ដែល​មិន​អាច​ឲ្យ​គេ​ស្គាល់​អត្តសញ្ញាណ​ពួក​គេ​បាន ហើយ​នឹងត្រូវពឹង​ការ​ធ្វើ​តេស្ត​ឌីអិនអេ (DNA) ដើម្បី​កំណត់អត្តសញ្ញាណ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ