រដ្ឋាភិបាលឆ្លើយតបនឹងការរិះគន់ពីមជ្ឈដ្ឋានអន្តរជាតិ

ជាថ្មីម្តងទៀត ក្រសួងការបរទេសកម្ពុជា បានចេញឯកសារដល់ទៅជិត២០ទំព័រ ដើម្បីឆ្លើយតបនឹងការរិះគន់ពីមជ្ឈដ្ឋានអន្តរជាតិ ដោយថា ជាការបង្ហាញរូបភាពអវិជ្ជមាន និងដាក់កំហុសដល់រដ្ឋាភិបាលកម្ពុជា។

Facebook របស់ក្រសួងការបរទេសកម្ពុជា នៅយប់ថ្ងៃទី១០ មេសា ២០១៧ បានផ្សាយនូវឯកសារដ៏វែងអន្លាយចំនួន១៧ទំព័រ ដែលមានចំណងជើងថា «ប្រាប់ពីការពិត»។ ក្នុងឯកសារនេះមានរៀបរាប់ពីចំណុចមួយចំនួនដូចជា បញ្ហាសិទ្ធិមនុស្ស ដីធ្លី ប្រព័ន្ធតុលាការ សេរីភាពនៃការបញ្ចេញមតិ គណបក្សប្រឆាំង និងការកែប្រែច្បាប់ជាដើម។

ឯកសារក៏ឲ្យដឹងពីមូលហេតុបន្ទាន់ចាំបាច់នៃការធ្វើវិសោធនកម្ម ច្បាប់ស្តីពីគណបក្សនយោបាយ ថា «ដើម្បីឆ្លុះបញ្ចាំងការវិវត្តផ្នែកច្បាប់ដែលទាក់ទងនឹងការបោះឆ្នោត»។ ហើយថា «នេះជាកតព្វកិច្ចដែលមិនអាចបំពានបានរបស់រាជរដ្ឋាភិបាល ក្នុងការការពារភាពថ្លៃថ្នូរនៃស្ថាប័នដែលកំពុងមានអត្ថិភាព»។

លោកក សួន ប៊ុនស័ក្តិ អ្នកប្រឹក្សាយោបល់ផ្នែកសិទ្ធិមនុស្ស មានប្រសាសន៍ថា នេះគ្រាន់តែជាការឆ្លើយតបតដើម្បីទប់សភាពការណ៍ពីការរិះគន់ពីខាងក្រៅប៉ុណ្ណោះ «ជាការពិត! អ្វីដែលយើងមើលឃើញ គឺនៅតែជាអ្វីដែលយើងមើលឃើញអំពីសភាពការណ៍ជាក់ស្តែងនៅស្រុកខ្មែរ ក៏ប៉ុន្តែរដ្ឋាភិបាល ក្នុងឋានៈជារដ្ឋមួយ គឺមានសិទ្ធិឆ្លើយតបចំពោះសភាពការណ៍ជាក់ស្តែងដែលខ្លួនគ្រប់គ្រង ការឆ្លើយតបគឺជារឿងធម្មតា»។

កាល​ពីថ្ងៃទី​៥ ខែ​មេសា ២០១៧ កន្លងទៅ សហភាពអន្ដរសភា(IPU) ដែលតំណាងឲ្យប្រទេសចំនួន១៧១ លើពិភពលោកបានចេញញត្តិមួយ នៅទីក្រុងដាកា ប្រទេសបង់ក្លាដេស ​ដោយថ្កោលទោសរដ្ឋាភិបាល​របស់លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន ថាបានប្រើគ្រប់មធ្យោបាយ​ ដើម្បីធ្វើទុក្ខបុកម្នេញ​រំលោភសិទ្ធិ​តំណាងរាស្ដ្រ​គណបក្ស​ប្រឆាំង និងមានចេតនាធ្វើច្បាប់គណបក្សនយោបាយ ដើម្បីរំលាយ​គណបក្ស​សង្គ្រោះជាតិ មុនការ​បោះឆ្នោត។

ចំណែកឯសេចក្ដីថ្លែងការណ៍ដែលចេញផ្សាយកាលពីថ្ងៃទី២២ មីនា ២០១៧ ក្រសួងការបរទេសកម្ពុជាបាន ហៅរបាយការណ៍របស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ថាមានទស្សនៈចង្អៀតចង្អល់ និងខ្មៅងងឹត បន្ទាប់ពីអង្គការនេះលើកឡើងថា​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​ទុក្ខបុក​ម្នេញ​លើ​ក្រុមប្រឆាំង អ្នក​ការពារសិទ្ធិ​មនុស្ស និងកែ​​ច្បាប់ស្ដីពីគណបក្សនយោបាយ ​ដែល​មាន​ភាព​ចម្រូងចម្រាស់ ​មុន​ការ​បោះ​ឆ្នោតមកដល់។ អង្គការនេះចាត់ទុក​ថា ស្ថានភាពបែបនេះ​ គឺធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ស្ថាប័នស្នូល​របស់​ជាតិ និង​លិទ្ធិ​ប្រជា​ធិបតេយ្យ​ដ៏​ផុយ​ស្រួយ​របស់កម្ពុជា ដោយថា អាចនឹងនាំកម្ពុជាទៅរកការដឹកនាំបែបផ្ដាច់ការ បើសិន​គ្មានកិច្ច​អន្តរាគមន៍​ពីអន្តរជាតិនោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ