អ្នកនាំពាក្យក្រសួងមហាផ្ទៃបានឲ្យដឹងថា សមត្ថកិច្ចបានដឹងពីកន្លែងដែល ឈាន ពិសិដ្ឋ បានលាក់ខ្លួនរួចហើយ ដោយសមត្ថកិច្ចកម្ពុជាកំពុងរៀបចំធ្វើឯកសារស្នើ សុំឲ្យប្រទេសជិតខាងចាប់បញ្ជូនខ្លួនបញ្ជូនមកកម្ពុជាវិញ។
នាយរងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ត្រូវបានក្រសួងមហាផ្ទៃសម្រេចដកតំណែងកាលពីម្សិលមិញបន្ទាប់ពីបានប្រើប្រាស់អាវុធបាញ់ទៅលើមន្ត្រីដែលធ្វើការជាមួយគ្នាកាលពីសប្តាហ៍មុន។ បន្ទាប់ពីសម្រេចដកតំណែងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បាន បញ្ជាឲ្យចាប់បញ្ជូនឈ្មោះ ឈាន ពិសិដ្ឋនេះទៅតុលាការដើម្បីអនុវត្តន៍ច្បាប់ផងដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃនេះសមត្ថកិច្ចមិនទាន់ចាប់ខ្លួន ឈាន ពិសិដ្ឋ បាននៅឡើយទេ ដោយថាបុគ្គលនេះបានរត់គេចខ្លួនទៅដល់ក្រៅប្រទេស នៅជិតខាងកម្ពុជា។
លោកថា៖ «កុំនិយាយឈ្មោះគឹនាំតែប៉ះឈ្មោះគេនាំតែខឹងយើង អ្នក Office គេមិននិយាយអញ្ចឹងទេ អ្នកក្រៅOffice គេដឹងហើយ ក្មួយក៏ដឹងថាប្រទេសដែរ។ … ជួនកាលវាយកប៉ាស្ព័រវាទៅអញ្ចឹងទៅឧទាហរណ៍ អាហ្នឹងប៉ូលីសអន្តោប្រវេសន៍ទៀត នគរបាលអន្តោប្រវេសន៍ច្រកទ្វារទៀត ហើយទំនាក់ទំនងវាមិនដឹងថាតូចប៉ុន្មានទំនាក់ទំនងវាអនុប្រធានច្រកទ្វារប៉ោយប៉ែត ហើយជាមួយភាគីមិត្តមើលយើងគិតមើល»។
គួររំលឹកផងដែរថា ឈ្មោះ ឈាន ពិសិដ្ឋ នេះធ្លាប់ធ្វើឲ្យមានការភ្ញាក់ផ្អើលម្តងហើយកាលពីចុងឆ្នាំ២០១៦ ដោយកាលនោះគាត់ត្រូវបានគេបង្ហោះវីដេអូ ដែលបង្ហាញថាគាត់បានធ្វើជាដេកដួលនៅមុខរថយន្ត សកម្មជនគណបក្សប្រឆាំងប្រចាំក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ឌិន ពុទ្ធី ដោយចោទថាមន្ត្រីបក្សប្រឆំាងរូបនេះ បើករថយន្តបុកបណ្តាលឲ្យសន្លប់។ ក្រោយមក លោក ឌិន ពុទ្ធី ត្រូវបានអាជ្ញាធរនៅខេត្តនេះចាប់ឃុំខ្លួនមួយរយៈ បន្ទាប់មកនៅដើមឆ្នាំ២០១៧ ត្រូវបានសាលាឧទ្ធរណ៍សម្រេចដោះលែងវិញ ក្រោយពីមានការរិះគន់លើចំណាត់ការនោះ៕