មន្ត្រីថាគ្មានតម្រុយចរចាដើម្បីដោះលែងសកម្មជននិងអ្នកការពារសិទ្ធិមនុស្សមុនចូលឆ្នាំ

លោក នី ចរិយា(ធ្វេង)លោក យី សុខសាន្ត(កណ្តាល)និង​លោក នី សុខា

មន្ត្រីអះអាងថា គ្មានសញ្ញាណាមួយបើកផ្លូវឲ្យមានការចរចានយោបាយ ដើម្បីឈានទៅដោះលែងអ្នក​​កា​រ​ពា​រ​សិទ្ធិមនុស្សនិងសកម្មជនបក្សប្រឆាំងបាននៅ​ក្រៅឃុំ​ ក្នុងពិធីបុណ្យចូលឆ្នាំមកដល់នោះទេ បើទោះ​​បី​ថ្នាក់​ដឹក​នាំ ផ្អាកការវាយប្រហារគ្នា ដោយពាក្យសម្តីក៏ដោយ។

នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ បើទោះបីស្ថានការណ៍នយោបាយ ត្រូវបានគេមើលឃើញថា មិនល្អប្រ​សើ​ឡើងវិ​ញក៏ដោយ តែមេដឹកនាំបក្សកាន់អំណាច និងមេដឹកនាំបក្សប្រឆាំង ហាក់បានផ្ញើ​សារនយោ​បាយថា ពួក​គេចង់ឃើញបរិយា​កា​​​ស​​ន​​យោបាយស្ងប់ស្ងាត់ ទាំងអំឡុងពិ​ធីបុណ្យចូលឆ្នាំខ្មែរ និងដល់ថ្ងៃ​បោះ​ឆ្នោ​​ត ដែ​លប្រព្រឹត្តិទៅនៅថ្ងៃទី៤ខែមិថុនា។

ប៉ុន្តែមន្ត្រីជាន់ខ្ពស់ របស់គណបក្សប្រឆាំងលោក ហូរ វ៉ាន់ បា្រប់អ្នកសារព័ត៌មានក្រោយចូ​លជួប​សកម្ម​ជន​រប​​​ស់​​ខ្លួនទាំង១៦នាក់ នៅពន្ធនាគារព្រៃស នាថ្ងៃទី១១មេសានេះថា គ្មានតម្រុយណាមួ​យពីបក្សកា​ន់អំ​ណា​​​ច ដើម្បីបើកផ្លូវ ឲ្យមានការចរចា ឈានទៅដោះលែងមន្ត្រីសិទ្ធិមនុស្ស និងសកម្មជនរបស់ខ្លួន ឲ្យ​មា​ន​​សេ​​​រីភាព មុនពិធីចូ​លឆ្នាំខ្មែ​រមកដ​ល់នោះទេ។

លោកថា៖ «គណបក្សសង្គ្រោះជាតិនៅតែចង់បានការដោះលែងពួកគាត់អញ្ចឹង។ ប៉ុន្តែវាមិនទា​ន់ឃើញភ្លើ​ង​ខៀ​វណា​មួយ ដែលបើកផ្លូវឲ្យយើង ដើម្បីបើកផ្លូវចរចាឬក៏និយាយគ្នា អ្នកដែលជា​ប់ចោទទាំងអស់នោះ»។

ទោះជាយ៉ាងណា លោក ហូរ វ៉ាន់ អះអាងថា សកម្មជននយោបាយទាំង១៦រូប បានផ្តាំផ្ញើឲ្យគ​ណ​បក្ស​នេះ ពង្រឹងភាពក្លាហាន ឆ្ពោះទៅរកការឈ្នះឆ្នោត ដោយថាមិនត្រូវ​គិតពីពួក​គេដែ​​លកំ​​ពុងជាប់ឃុំ ហើ​យ​យកបញ្ហា​​នេះទៅដោះដូរ ជាមួយបក្សកាន់អំណាចនោះទេ។

អ្នក​នាំ​​ពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា គិតត្រឹមថ្ងៃអង្គានេះ គ្មានដំណឹ​ង​នៃកា​​​រចរចាណាមួយ នឹងត្រូវធ្វើឡើង ដើម្បីដោះ​លែងអ្ន​កទាំងនោះទេ ដោយថា រដ្ឋាភិ​បាលមិនអាច​លូក​ដៃ​ចូ​​លកិច្ចការតុលាការបានឡើយ។

លោក សុខ ឥសាន បន្តទៀតថា រដ្ឋាភិបាលក៏មិ​នអាច​ស្នើ​ព្រះ​​​​​​មហាក្សត្រឲ្យលើកលែងទោ​សអ្នក​ទាំ​ង​នោះ​ ក្នុង​ករណីដែល ពួកគេមិនទាន់ទទួលកំហុសដែរ។

លោកថា៖ «ត្រូវទទួលស្គាល់ការពិត ថាយើងប្រព្រឹត្តិល្មើសហើយ ឲ្យតុលាការកាត់ទោសទើបខ្លាយជាទណ្ឌិត។ហើយព្រះ​ករុណាលោកលើកលែងទោសតែទណ្ឌិតទេ មិនមែនលើកលែង​ទោសអ្នកដែ​លអត់មាន​ទោសទេបាទ»។

អំឡុងស្ថានការណ៍នយោបាយឡើងកម្តៅ អ្នកការពារសិ​ទ្ធិ​មនុ​ស្ស​៤រូប នៅសមាគមអាដហុក មានលោក នី សុខា លោក យី សុខសាន លោក ណៃ វ៉ង់ដា លោកស្រី លឹម មុន្នី មន្ត្រីគ.ជ.ប លោក នី ចរិយា ស​កម្ម​​​ជន​ដី​ធ្លី​នៅតំបន់បឹងកក់ អ្នកស្រី ទេព វន្នី និងសកម្មជនប​ក្ស​​​ប្រ​​ឆាំង​១៦នាក់ រួមទាំងតំណាងរាស្ត្រ លោក ហុ​ង ​សុខហួរ និងលោក អ៊ុំ សំអានផង ត្រូវបានចាប់ឃុំខ្លួន។

ចំណាត់ការនេះ អ្នកឃ្លាំមើលសិទ្ធិមនុស្សធ្លាប់ចេញសេក្តីថ្លែងការណ៍ថ្កោលទោស បក្សកាន់អំណាចថា បា​ន​ប្រើអំ​​​ណាចរបស់ខ្លួន ជ្រៀ​តជ្រែ​កផ្នែកប្រព័ន្ធតុលាការ និងបានចាត់ទុក អ្នក​ដែល​ត្រូវចាប់ខ្លួន​ទាំងនោះ​ថា ជាអ្នកទោ​សមនសិការ និង​អំ​ពាវ​នា​វឲ្យ​រដ្ឋា​​ភិ​​​បា​លដោះលែងពួកគេ ដោយគ្មានលក្ខ​ខណ្ឌ ដើម្បី​ធានា​ពី​គោ​លការ​ សិ​ទ្ធិមនុស្ស និ​ងគោលការប្រជាធិបតេយ្យ។

គួរំឭកថា កាលពីខែមេសាឆ្នាំ២០១៥ ពោលគឺមុនមួយថ្ងៃនៃពិធីបុណ្យចូលឆ្នាំមកដល់ សកម្មជនបក្ស​ប្រ​ឆាំង ព្រះសង្ឃ និងសកម្មជនដីធ្លី សរុប១៩នាក់ ត្រូ​វ​បា​​នតុ​លា​ការ ដោះលែង ឲ្យនៅក្រៅឃុំប​ណ្តោះ​អា​សន្ន ក្រោយពីអតី​មេដឹកនាំប​ក្ស​ប្រឆាំង ​លោក សម រង្ស៊ី និង​លោក ហ៊ុន សែន ចរចាត្រូវគ្នា ពីភាពចម្រូ​ងច​​​​​ម្រា​សនៃការធ្វើច្បាប់បោះឆ្នោតថ្មី និងកែទម្រង់ក្បាលម៉ាស៊ីនដឹកនាំគ.ជ.ប៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ