វិភាគ៖ តើ​ការ​វាយ​ប្រហារ​របស់​អាមេរិក​លើ​ប្រទេស​ស៊ីរី​អាច​ជា​សារ​ព្រមាន​ដល់​កម្ពុជា​ដែរ​ឬ​ទេ?

កាល​ពី​ថ្ងៃ​ទី​០៧ ខែ​មេសា​កន្លង​មក​នេះ សហរដ្ឋ​អាមេរិក​បាន​​បាញ់​គ្រាប់​មីស៊ីល​ដល់​ទៅ ៥៩​គ្រាប់ ដាក់​ទៅ​លើ​មូលដ្ឋាន​កង​ទ័ព​អាកាស​​ស៊ីរី ស្ថិត​នៅ​ក្នុង​ទីក្រុង​ហូម ទៅ​តាម​បញ្ជា​របស់​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ។ គ្រាប់​មីស៊ីល​ទាំង​នោះ ត្រូវ​បាន​សារព័ត៌មាន​អន្តរជាតិ​ធំៗ​នៅ​លើ​ពិភព​លោក​រាយការណ៍​ថា ត្រូវ​បាន​បាញ់​ចេញ​ពី​នាវា​ចម្បាំង​ ២​គ្រឿង​របស់​អាមេរិក ដែល​ឈរ​ជើង​នៅ​ក្នុង​សមុទ្រ​មេឌីទែរ៉ានេ។ ការ​វាយ​ប្រហារ​ដោយ​គ្រាប់​មីស៊ីល​ដល់​ទៅ ៥៩​គ្រាប់​នោះ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ស៊ីរី​អះ​អាង​ថា បាន​ធ្វើ​ឲ្យ​អន្តរាយ​ជីវិត​មនុស្ស​មិន​ដល់ ១០​នាក់​ផង នៅ​ក្នុង​មូលដ្ឋាន​កង​ទ័ព​អាកាស​នោះ។ ចំណែក​ឯ​សារព័ត៌មាន​រុស្ស៊ី RT បាន​ផ្សាយ​ថា អន្តរាយ​ដ៏​តិច​តួច​បែប​នេះ នោះ​ក៏​ព្រោះ​តែ​មន្ត្រី​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ស៊ីរី លោក បាសារ អាល់អាសាដ បាន​ជម្លៀស​មនុស្ស និង​យោធូបករណ៍​ចេញ​ពី​មូលដ្ឋាន​នោះ ក្រោយ​ពី​ទទួល​បាន​សារ​សម្ងាត់​ពី​ខាង​ប្រទេស​រុស្ស៊ី។

ការ​វាយ​ប្រហារ​នេះ បាន​ធ្វើ​ឲ្យ​​សហគមន៍​អន្តរជាតិ​ងាក​ទៅ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ប៉ុន្តែ វា​មិន​មែន​សុខៗ​អាមេរិក​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ប្រទេស​ស៊ីរី​ដោយ​គ្មាន​មូល​ហេតុ​នោះ​ដែរ។ បើ​ទោះបី​អាមេរិក​មិន​បាន​ប្រកាស​ពី​មូល​ហេតុ​នៃ​ការ​ផ្លោង​គ្រាប់​មីស៊ីល​ដាក់​ទៅ​លើ​ប្រទេស​ស៊ីរី​ក៏​ដោយ ប៉ុន្តែ អ្វីដែល​ធ្វើ​ឲ្យ​គេ​កត់​សម្គាល់​នោះ គឺ​ថា ការ​វាយ​ប្រហារ​នោះ គឺ​ជា​ការ​សង​សឹក​ទៅ​លើ​របប​លោក អាសាដ ដែល​ត្រូវ​បាន​គេ​ចោទ​ថា បាន​ប្រើ​ប្រាស់​អាវុធ​គីមី​វាយ​ប្រហារ​ទៅ​លើ​តំបន់​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម កាល​ពី​ថ្ងៃ​ទី​០៤ ខែ​មេសា​កន្លង​មក​នេះ ដោយ​បាន​សម្លាប់​ជន​ស៊ីវិល​រាប់​សិប​នាក់ ក្នុង​នោះ​មាន​ទាំង​កុមារ​តូចៗ​ផង​ដែរ ដែល​ស្លាប់​ដោយសារ​តែ​ថប់​ដង្ហើម ឬ​ក៏​ឈ្លក់​សារធាតុ​គីមី​ពុល។

ក្រោយ​ពី​ការ​វាយ​ប្រហារ​នោះ ប្រតិកម្ម​បាន​ផ្ទុះ​ឡើង​ព្រោង​ព្រាត​ពី​បណ្ដា​មេដឹកនាំ​ពិភព​លោក មិន​ថា​ប្រតិកម្ម​នោះ​មាន​លក្ខណៈ​ជាការ​គាំ​ទ្រ ឬ​ក៏​ជំទាស់​ក៏​ដោយ។ បើ​គេ​ពិនិត្យ​ទៅ​លើ​ប្រតិកម្ម​បែប​ប្រឆាំង ឬ​ជំទាស់ គ្មាន​ចេញ​ពី​ណា​ក្រៅ​ពី​បណ្ដា​ប្រទេស​កុម្មុយនីស្ត​ផ្ដាច់ការ ឬ​ក៏​ប្រទេស​ជា​សម្ព័ន្ធ​នឹង​ស៊ីរី​ប្រឆាំង​នឹង​អាមេរិក​នោះ​ឡើយ។ អ្នក​ដែល​នាំ​មុខ​គេ​គឺ​ប្រទេស​រុស្ស៊ី ដែល​ជា​អ្នក​គាំ​ពារ​លោក អាសាដ ប្រឆាំង​នឹង​ពួក​បះបោរ​នៅ​ក្នុង​ប្រទេស។ ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បាន​ចាត់​ការ​វាយ​ប្រហារ​របស់​អាមេរិក​ទៅ​លើ​ប្រទេស​ស៊ីរី ជា​ការ​ឈ្លាន​ពាន​ប្រឆាំង​នឹង​រដ្ឋ​អធិបតេយ្យ​មួយ រំលោភ​ទៅ​នឹង​គោលការណ៍​ច្បាប់​អន្តរជាតិ។ ប្រទេស​រុស្ស៊ី មិន​បង្អង់​យូរ បាន​កោះ​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​ជា​បន្ទាន់​មួយ​តែ​មួយ​ថ្ងៃ​ក្រោយ​ការ​វាយ​ប្រហារ​នោះ ហើយ​ថែម​ទាំង​ព្រមាន​កាត់​ផ្ដាច់​កិច្ច​សហ​ប្រតិបត្តិការ​រវាង​អាមេរិក និង​រុស្ស៊ី​ផង​ដែរ។ វា​គ្មាន​អ្វី​ប្លែក​ទេ​ដែល​រុស្ស៊ី​ខំ​ខ្នះ​ខ្នែង​ការពារ​របប​លោក អាសាដ ហើយ​ស៊ូ​ប្រឈម​មុខ​នឹង​លោក​ខាង​លិច នោះ​ក៏​ដោយ​សារ​តែ​រុស្ស៊ី​មាន​ផល​ប្រយោជន៍​ខាង​ផ្នែក​សេដ្ឋកិច្ច និង​យោធា​នៅ​ក្នុង​ទឹក​ដី​ស៊ីរី។ ក្រៅ​ពី​រុស្ស៊ី នៅ​មាន​ចិន អ៊ីរ៉ង់ និង​កូរ៉េ​ខាង​ជើង សុទ្ធ​តែ​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោល​ទោស​ទៅ​លើ​ការ​វាយ​ប្រហារ​របស់​អាមេរិក​ទៅ​លើ​ទឹក​ដី​ស៊ីរី។

បើ​ពិនិត្យ​មើល​ប្រតិកម្ម​ជំទាស់ គឺ​មាន​តែ​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ ប៉ុន្តែ បើ​គេ​មើល​ទៅ​លើ​សារ​គាំ​ទ្រ​វិញ មាន​ប្រទេស​ជាច្រើន បាន​ចេញ​សារ​គាំ​ទ្រ ដូច​ជា​ចក្រភព​អង់គ្លេស បារាំង អាល្លឺម៉ង់ អេស្ប៉ាញ អ៊ីតាលី តួកគី អារ៉ាប៊ី​សាអ៊ូឌីត ហ្សង់ដានី ប្រទេស​ជប៉ុន អូស្ត្រាលី ជាដើម។ បណ្ដា​ប្រទេស​ទាំង​នេះ សុទ្ធ​តែ​យល់​ថា អាមេរិក​បាន​ចាត់​វិធានការ​មួយ​ដែល​មិន​អត់​ឱន​ឲ្យ​មេដឹកនាំ​ណា​ ដែល​ប្រើ​ប្រាស់​អាវុធ​គីមី​ប្រឆាំង​នឹង​ប្រជាជន​ខ្លួន​នោះ​ឡើយ។

ទោះជាយ៉ាងណា​ក៏​ដោយ ការ​វាយ​ប្រហារ​នោះ បូក​រួម​ទាំង​ការ​ចល័ត​នាវា​ចម្បាំង​ផ្ទុក​ទៅ​ដោយ​កង​កម្លាំង​ពិឃាត​ពិសេស​​របស់​អាមេរិក​ទៅ​កៀក​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង​ផង​នោះ ត្រូវ​បាន​អ្នក​វិភាគ​អន្តរជាតិ​ចាត់​ទុក​ជា​សារ​ព្រមាន​ដ៏​ម៉ឺង​ម៉ាត់​បំផុត​ធ្វើ​ឡើង​ដោយ​អាមេរិក នៅ​ក្រោម​រដ្ឋបាល​​ប្រធានាធិបតី ដូណាល់ ត្រាំ ដែល​​ទើប​តែ​​ឡើង​កាន់​អំណាច​បាន​ជាង ២​ខែ​​ប៉ុណ្ណោះ។ តើ​អាមេរិក​ចង់​បញ្ជូន​សារ​ព្រមាន​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​នេះ​ទៅ​ប្រទេស ឬ​មេដឹកនាំ​ណា​មួយ? អាមេរិក​បាញ់​គ្រាប់​មីស៊ីល​ដាក់​ស៊ីរី គឺ​ជា​ការ​ដាក់​ពិន័យ​ដោយ​ផ្ទាល់​ទៅ​លើ​ប្រទេស​មួយ​នេះ ដែល​ស្ថិត​ក្រោម​របប​ដឹកនាំ​ផ្ដាច់​ការ​របស់​លោក អាសាដ ប៉ុន្តែ សម្រាប់​កូរ៉េ​ខាង​ជើង គ្រាប់​មីស៊ីល​នោះ ក៏​បាន​ព្រមាន​ផង​ដែរ​​ថា លោក ត្រាំ នឹង​មិន​រា​រែក​ក្នុង​ការ​ចាត់វិធានការ​ក្ដី​ទៅ​លើ​របប​ក្រុង​ព្យុងយ៉ាង​នោះ​ឡើយ ហើយ​នឹង​មិន​អនុញ្ញាត​ឲ្យ​រដ្ឋ​ឯកោ​មួយ​នេះ គំរាម​កំហែង​ដល់​សន្តិសុខ​អាមេរិក តាម​រយៈ​ការ​បាញ់​គ្រាប់​មីស៊ីល​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ទេ។ នេះ​ក៏​ជា​សារ​ព្រមាន​ទៅ​ចិន​ផង​ដែរ លោក ត្រាំ មិន​ចាំ​បាច់​ខ្វាយ​ខ្វល់​នឹង​ប្រទេស​ចិន​នោះ​ឡើយ ក្នុង​ការ​ចាត់​ការ​លើ​កូរ៉េ​ខាង​ជើង​ជា​ឯកតោ​ភាគី ប្រសិន​បើ​ក្រុង​ប៉េកាំង​គ្មាន​ឆន្ទៈ​ដាក់​គំនាប​ទៅ​លើ​កូរ៉េ​ខាង​ជើង ឲ្យ​ផ្អាក​កម្មវិធី​អភិវឌ្ឍន៍​គ្រាប់​មីស៊ីល និង​នុយក្លេអ៊ែរ។

ក្រៅ​ពី​ជា​សារ​ព្រមាន​ទៅ​ដល់​របប​ក្រុង​ព្យុងយ៉ាង តើ​ការ​វាយ​ប្រហារ​របស់​អាមេរិក​ទៅ​លើ​ប្រទេស​ស៊ីរី អាច​ជា​សារ​ព្រមាន​ទៅ​ដល់កម្ពុជា​ឬ​ទេ?

អ្នក​វិភាគ​នយោបាយ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បានវិភាគ​លើ​បញ្ហា​នេះ​ថា ថ្វី​ត្បិត​ថា អាមេរិក​ស្ថិត​ក្រោម​រដ្ឋបាល​លោក ដូណាល់ ត្រាំ ប៉ុន្តែ ការ​វាយ​ប្រហារ​របស់​អាមេរិក បាន​បញ្ជូន​សារ​ព្រមាន​ជា​ទូទៅ​ដល់​មេដឹកនាំ​ផ្ដាច់​ការ​នៅ​លើ​ពិភព​លោក​ថា អាមេរិក​​នឹង​មិន​បណ្ដោយ​ឲ្យ​ប្រទេស​ណា​មួយ ឬ​មេដឹកនាំ​ណា​មួយ  ប្រព្រឹត្ត​អំពើ​ខុស​នឹង​សីលធម៌ និង​ច្បាប់​អន្តរជាតិ​ខ្លាំង​នោះ​ឡើយ។ សម្រាប់​ប្រទេស​កម្ពុជា​ផ្ទាល់ អ្នកវិភាគ​រូប​នេះ បាន​ព្រមាន​ថា ប្រសិន​បើ​មេដឹកនាំ​កម្ពុជា​បន្ត​ថ្លែង​វាយ​ប្រហារ​មេដឹកនាំ​អាមេរិក ប្រទេស​នេះ​​អាច​ប្រឈម​មុខ​ទៅ​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ ប្រាប់​ថា​៖ “នេះ​ក៏​អាច​ជា​សារ​ព្រមាន​ទូទៅ​ដែរ​ថា អាមេរិកនឹង​មិន​បណ្ដោយ​ឲ្យ​មេដឹកនាំ​ប្រទេស​ ឬ​ជាតិ​មួយ ធ្វើ​អី​ស្រេច​តែ​ចិត្ត​ ខុស​នឹង​សីលធម៌ខ្លាំង​មែន​ទែន ហើយ​ខុស​នឹង​ច្បាប់​អន្តរជាតិ ដូចជា ការ​ប្រើ​ប្រាស់​អាវុធ​គីមី ដែល​ត្រូវ​ពិភព​លោក​ហាម​ឃាត់​មិន​ឲ្យ​ប្រើ​ប្រាស់ ជា​អាវុធ​ខ្លាំងដែល​គេ​ហាម​ឃាត់​ហ្នឹង”។

ទោះជាយ៉ាងណា លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ចង្អុល​បង្ហាញ​ពី​មូល​ហេតុនៃ​សង្គ្រាម​ស៊ីវិល​ដ៏​ខ្ទេច​ខ្ទាំ​នៅ​ក្នុង​ប្រទេស​ស៊ីរី ដោយ​លោក​ថា វា​កើត​ចេញ​ពី​រដ្ឋាភិបាល​របស់​ប្រធានាធិបតី​ស៊ីរី លោក អាសាដ ដែល​បាន​ព្យាយាមបង្ក្រាប​ទៅ​លើ​ការ​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ​​របស់​ប្រជា​ពលរដ្ឋ។

ផ្ទុយ​ពី​លោក​បណ្ឌិត ឡៅ ម៉ុងហៃ សមាជិក​អ្នក​វិភាគ​វ័យ​ក្មេង​នៃ​ក្រុម Politikoffee លោក យឿង សុធារ៉ា វិភាគ​ឃើញ​ថា ​ការ​វាយ​ប្រហារ​របស់​អាមេរិក​ទៅ​លើ​ប្រទេស​ស៊ីរី ពិត​ជា​បាន​បញ្ជូន​សារ​ព្រមាន​មួយ​ទៅ​ដល់​របប​ក្រុង​ព្យុងយ៉ាង​ ដែល​តែង​តែ​គឃ្លើន​បាញ់​សាក​ល្បង​គ្រាប់​មីស៊ីល និង​ធ្វើ​តេស្ដ​សាក​ល្បង​គ្រាប់​បែក​នុយក្លេអ៊ែរ។ ប៉ុន្តែ លោក​យល់​ថា វា​មិន​មាន​ឥទ្ធិពល​អ្វី​មក​លើ​ប្រទេស​កម្ពុជា​នោះ​ឡើយ ដោយសារ​តែ​កត្តា​ភូមិសាស្ត្រ​នយោបាយ ហើយ​ណា​មួយ​វិញ​ទៀត រដ្ឋបាល​លោក ដូណាល់ ត្រាំ មិន​សូវ​គិត​គូរ​អំពី​ការ​លើក​ស្ទួយ​ការ​គោរព​សិទ្ធិ​មនុស្ស​នោះ​ឡើយ។

លោក យឿង សុធារ៉ា បាន​បញ្ជាក់​ថា​៖ “ខ្ញុំ​គិត​ថា បើ​តាម​ឥរិយាបថ​របស់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ ឥរិយាបថ​របស់​គាត់ មិន​សូវ​គិត​រឿង​សិទ្ធិ​មនុស្ស​អី​ប៉ុន្មាន​ទេ សូម្បី​តែ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​គាត់ គឺ​ថា ភាគ​ច្រើន​គាត់​មិន​សូវ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​រឿង​សិទ្ធិ​មនុស្ស​ទេ។ សម្រាប់​ករណី​កម្ពុជា តាំង​ពី​គាត់ឡើង​កាន់​ជា​ប្រធានាធិបតី​មក រដ្ឋបាល​របស់​គាត់​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ដុំ​កំភួន​ទេ​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ជាក់​ស្ដែង ករណីរឿង​ការអនុម័ត​ច្បាប់ស្ដី​ពី​គណបក្ស​នយោបាយ​ថ្មីៗ​នេះ យើង​សង្កេត​ឃើញ​ថា មិន​មាន​ប្រតិកម្ម​ពី​សហរដ្ឋ​អាមេរិក​ទេ ពាក់​ព័ន្ធ​ជាមួយ​នឹង​វិសោធនកម្មច្បាប់​នេះ។ វិសោធនកម្ម​ច្បាប់​នេះ ទាំង​សហភាព​អឺរ៉ុប ទាំង​យូ​អ៊ិន​ទាំងអី បាន​ថ្កោល​ទោស និង​បង្ហាញការ​ព្រួយ​បារម្ភ​មក​លើ​កម្ពុជា​អំពី​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាពនៃ​ការ​ចូល​រួម​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​បោះ​ឆ្នោត”។

ក្រៅ​ពី​យល់​ថា ការ​វាយ​ប្រហារ​របស់​អាមេរិក​ទៅ​លើ​ប្រទេស​ស៊ីរី ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​សារ​ព្រមាន​ទៅ​ដល់​មេដឹកនាំ​ផ្ដាច់​លើ​ពិភព​លោក​ មិន​មាន​ឥទ្ធិពល​មក​លើ​ប្រទេស​កម្ពុជា​នោះ សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា ផ្ដល់​នូវ​ការ​វិភាគ​ថា ក្នុង​ករណី​កម្ពុជា សហរដ្ឋ​អាមេរិក​គ្រាន់​តែ​បញ្ចេញ​ប្រតិកម្ម​របស់​ខ្លួន តាម​រយៈ​ការ​គាំ​ទ្រ​ទៅ​លើ​សេចក្ដី​ថ្លែងការណ៍​នានា​ស្ដី​ពី​ស្ថានភាព​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​តែ​ប៉ុណ្ណោះ។

ជាង​នេះ​ទៅ​ទៀត បើទោះបី​ជា​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន រំពឹង​ថា រដ្ឋ​បាល​លោក ដូណាល់ ត្រាំ នឹង​ពិចារណា​លុប​បំណុល​កម្ពុជា​សល់​ពី​សម័យ​សាធារណរដ្ឋ​ ព្រម​ទាំង​កសាង​ទំនាក់​ទំនង​ល្អ​នឹង​កម្ពុជា​ក៏​ដោយ ប៉ុន្តែ លោក ឯម សុវណ្ណរ៉ា មើល​ឃើញ​ថា​ ទំនាក់​ទំនង​កម្ពុជា និង​សហរដ្ឋ​អាមេរិក នឹង​មិន​បាន​ល្អ​ប្រសើរ​នោះ​ឡើយ ដោយលោក​សង្កេត​ឃើញ​ថា ​ប្រធានាធិបតី​អាមេរិក​​ជាច្រើន​មក​ពី​គណបក្ស​សាធារណរដ្ឋ ច្រើន​តែ​ប្រកាន់​ជំហរ​តឹង​រឹង។ សាស្ត្រាចារ្យ​រូប​នេះ បាន​មើល​ឃើញ​ថា ទំនាក់​ទំនង​មិន​ល្អ​នេះ បាន​ចាប់​ផ្ដើម​ឡើង​​ហើយ ក្រោយ​ពី​កម្ពុជា​ប្រកាស​លុប​ចោល​សមយុទ្ធ​ជាមួយ​សហរដ្ឋ​អាមេរិក​នា​ពេល​ថ្មីៗ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ