លោក សម រង្ស៊ី ធ្វើដំណើរ​ទៅជប៉ុនសុំឲ្យជួយដោះស្រាយវិបត្តិនយោបាយនៅកម្ពុជា

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃពុធ ទី១១ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 2:44 PM | នយោបាយ | 0 | 2574 ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​សម រង្សុី

អតីតប្រធានគណបក្សប្រឆាំង​ លោក សម​ រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានធ្វើដំណើរដល់ប្រទេសជប៉ុនហើយ កាលពីថ្ងៃម្សិលមិញ ហើយលោកបានសុំឲ្យប្រទេសមួយនេះ ចូលរួមជំរុញការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ខណៈដែលវត្តមានអតីតបក្សសង្គ្រោះជាតិ​​ មានភាពស្រពិចស្រពិលនៅមុនការបោះឆ្នោត។

គ្រាន់តែទៅដល់ប្រទេសជប៉ុនភ្លាម លោក សម​ រង្ស៊ី បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនឹងលើកយកបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ទៅជជែកជាមួយរដ្ឋាភិបាលជប៉ុន ហើយលោកក៏សង្ឃឹមថា ជប៉ុន អាចជួយស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងធានាដំណើរការបោះឆ្នោតនាខែកក្កដាខាងមុខ មានភាពសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស។​ នេះដោយយោងតាមវីឌីអូ បង្ហោះលើទំព័រហ្វេសប៊ុករបស់លោក កាលពីល្ងាចថ្ងៃអង្គារម្សិលមិញ។

លោក សម​ រង្ស៊ី ថ្លែងបន្ដថា ស្ថានការណ៍នយោបាយនៅកម្ពុជាបច្ចុប្បន្ន ចាំបាច់ត្រូវមានអន្ដរាគមន៍ពីសហគមន៍អន្ដរជាតិ។លោកបន្តថា រដ្ឋាភិបាលកើតក្រោយការបោះឆ្នោតពេលខាងមុននោះ នឹងគ្មានភាពស្របច្បាប់ឡើយ បើសិនអតីតគណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្ដាលប្រទេស មិនត្រូវបានគេអនុញ្ញាត ឲ្យចូលរួមប្រកួតប្រជែង។​

លោកថ្លែងជាភាសាអង់គ្លេសក្នុងន័យថា៖ «ជប៉ុន បានដើរតួនាទីដ៏សំខាន់ អស់រយៈពេលប្រមាណ៣០ឆ្នាំ ​ក្នុងជួយសម្រេចបានការផ្សះផ្សាជាតិ និងជួយរៀបចំកិច្ចចរចា រវាងគណបក្សនយោបាយ ឬក្រុមផ្សេងៗ ដើម្បីឲ្យពួកគេអាចស្វែងរកតុចរចា ហើយពួកគេរកបានដំណោះស្រាយនយោបាយ។​ ដោយហេតុនេះ  យើងទាំងអស់គ្នា​ អាចធ្វើការរួមគ្នា ដែលជាមិត្តជួយគាំទ្រកម្ពុជា និងនៅលើពិភពលោក ដូចជា ជប៉ុន ជាដើម ដើម្បីធានាសន្ដិភាព ស្ថិរភាព ការអភិវឌ្ឍ និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»

ក្នុងពិធីចែកសញ្ញាបត្រមួយ កាលពីថ្ងៃទី២៧ខែមីនាកន្លងទៅ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបដិសេធសំណើលោក សម រង្ស៊ី ដែល​សុំឲ្យគណបក្សកាន់អំណាចវិលទៅរកតុចរចាជាមួយអតីតបក្សប្រឆាំង។

លោកថ្លែងថា៖ «ខ្ញុំបញ្ជាក់តែពីរចំនុចទេ។ ទី១ គ្មានការចរចាជាមួយពួកក្បត់ជាតិ ទី២ គ្មានការលើកលែងទោស ឬបន្ធូបន្ថយទោ​សឲ្យ​ក្រុ​មក្ប​ត់ជាតិនេះទេ។ លោកឯងចង់ថាម៉េចថាទៅ ចង់ធ្វើអីធ្វើទៅ។ កាលពីមុនម៉េ​ចលោកឯងមិននៅឲ្យស្ងៀម ធ្វើឲ្យវា​ស្រួល លោ​ក​ឯង​​បង្កើតនូវហិង្សាដុតរូប ហ៊ុន សែន នៅគ្រប់ទីកន្លែង»

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ យល់ថា វត្តមានរបស់លោក សម រង្ស៊ី មិនមានឥទ្ធិពលអ្វី អាចធ្វើឲ្យជប៉ុន ចាត់វិធានការក្ដៅ ឬចាប់បង្ខំកម្ពុជានោះឡើយ។ ប៉ុន្ដែ លោកវិភាគថា ដំណោះស្រាយនយោបាយនៅកម្ពុជា មានច្រកចេញចំនួន២ គឺការបន្ថយឥទ្ធិពលចិន និងការសម្រុះសម្រួលគ្នា រវាងអ្នកនយោបាយខ្មែរ។

លោកថា៖ «បើយើងនិយាយថា ជប៉ុន អាចនឹងកែប្រែគោលជំហរ ខ្ញុំគិតថា នឹងអាចកែប្រែគោលជំហរទៅដាស់តឿនច្រើនជាង ឥឡូវនេះ ជាសំណើរ ក្នុងលក្ខខណ្ឌមួយថា ដាស់តឿន។ ​ទី១ គឺយើងដឹងហើយថា ប្រទេសមានឥទ្ធិពលមកលើកម្ពុជា គឺមានតែប្រទេសចិនទេ សព្វថ្ងៃនេះខ្លាំងមែនទែន អញ្ចឹង ប្រសិនបើសហគមន៍អន្ដរជាតិ ឬគណបក្សប្រឆាំង មាននយោបាយការទូត សម្របសម្រួលជាចិនឲ្យបានច្រើន ហើយយល់អំពីគោលនយោបាយចិនចំពោះកម្ពុជា ខ្ញុំយល់ឃើញថា នឹងអាចមានប្រសិទ្ធិភាពច្រើន»

កាលពីថ្ងៃទី២៣ខែមីនា ប្រទេសលោកសេរីចំនួន​៤៥ បានថ្កោលទោសបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា ដូចជា ការរំលាយអតីតគណបក្សសង្គ្រោះជាតិ ការបន្ដឃុំខ្លួនអតីតមេបក្សប្រឆាំង លោក កឹម សុខា ការយាយីអង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាននៅមុនការបោះឆ្នោត៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required