រដ្ឋាភិបាលសម្រេចបង្កើតឧទ្យានជាតិអូរយ៉ាដាវនិងក្រវាញ​ដែលមានផ្ទៃដីសរុប​ជាង៩០ម៉ឺនហិកតា

ផែនទីឧទ្យានជាតិក្រវាញកណ្តាល​

រដ្ឋាភិបាលបានសម្រេចបង្កើតឧទ្យានជាតិអូរយ៉ាដាវក្នុងខេត្តរតនគិរីនិងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងនិងកណ្តាលដែលមានផ្ទៃដីសរុបទាំងអស់ជាង៩០ ម៉ឺនហិកតា ដោយរដ្ឋាភិបាលថាធ្វើឡើងក្នុងគោលបំណងការពារនិងអភិរក្សជីវៈចម្រុះនៅតំបន់នោះ។

អនុក្រឹត្យចុះថ្ងៃទី៩ ខែឧសភា រដ្ឋាភិបាលបានសម្រេចបង្កើតឧទ្យានជាតិអូរយ៉ាដាវស្ថិតក្នុងភូមិសាស្រ្តខេត្តរតនគិរី ដែលមានផ្ទៃដីទំហំ១០១៣៤៨ហិកតា។ ចំណែកអនុក្រឹត្យផ្សេងទៀតចុះថ្ងៃទី៩ ខែឧសភា រដ្ឋាភិបាលបានបង្កើតឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូងក្នុងភូមិសាស្រ្តខេត្តកោះកុង ពោធិ៍សាត់ កំពង់ស្ពឺនិងខេត្តព្រះសីហនុ ដែលមានផ្ទៃដី៤១០៣៩២ហិកតា។ រដ្ឋាភិបាលក៏សម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលក្នុងភូមិសាស្រ្តខេត្តកោះកុង ពោធិ៍សាត់និងខេត្តកំពង់ស្ពឺ ដែលមានផ្ទៃដីទំហំ៤០១៣១៣ហិកតា ។

អនុក្រឹត្យបញ្ជាក់ថាការបង្កើតឧទ្យាននេះដើម្បីការពារតួនាទីខាងផ្នែកប្រព័ន្ធអេកូឡូស៊ីរបស់តំបន់ដែលបានកំណត់សម្រាប់ជាផលប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ កម្រិតដល់ការប្រើប្រាស់ធនធានជីវៈចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងតួនាទីមុខងារនៃតំបន់នោះ។ អនុក្រឹត្យបន្តថាការបង្កើតនេះក៏ផ្តល់ជាមូលដ្ឋានសម្រាប់ការកំសាន្ត ការទស្សនា ការអប់រធំ ការសិក្សាស្រាវជ្រាវ វិទ្យាសាស្រ្តនិងជំនឿ ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ តាមអនុក្រឹត្យ ការបង្កើតនេះនឹងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារនិងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់។

មន្ត្រីសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តរតនគិរី លោក ឆាយ ធី សម្ដែងការគាំទ្រចំពោះចំណាត់ការរដ្ឋាភិបាលដែលបង្កើតជាឧទ្យាជាតិនៅអូរយ៉ាដាវនេះ ដោយលោកលើកឡើងថាកន្លងមកចំពោះការទបស្កាត់នៃការកាប់បំផ្លាញព្រៃឈើនៅតាមព្រំដែននៅតំបន់នោះមិនទាន់មានប្រសិទ្ធភាពនៅឡើយហើយការដឹកជញ្ជូនទៅប្រទេសវៀតណាមក៏នៅតែកើតមានជារៀងរាល់ថ្ងៃដែរ។ លោកបន្ថែមថា៖ “ថ្មីៗនេះនៅតែមានបន្តការកាប់ដែលនៅជាប់ព្រំដែនដឹកដោយអនាធិបតេយ្យ ប៉ុន្តែយើងឃើញថាសមត្ថកិច្ច រដ្ឋាបាលព្រៃឈើអាជ្ញាធរខេត្តប្តេជ្ញាដាក់កម្លាំងចុះទៅដើម្បីទប់ស្កាត់ ប៉ុន្តែយើងឃើញថាការទប់ស្កាត់ការលួចដឹក វាហាក់បីដូចជាការលេងបិទពួននិងគ្នាអញ្ចឹង ពេលសមត្ថកិច្ចចុះផ្អាកបានមួយរយៈ ហើយភ្លេចខ្លួន ហើយធ្វើការដឹកជញ្ជូនវិញហាក់បីដូចជាលេងបិទពួននិងគ្នាទៅវិញទៅមក”

រដ្ឋាភិបាលក៏បានចេញអនុក្រឹត្យផ្សេងទៀតដោយសម្រេចដាក់តំបន់មួយចំនួនជាដែនជម្រកសត្វព្រៃ ក្នុងនោះរួមមានដែនជម្រកសត្វព្រៃ“ព្រៃឡង់”ស្ថិតក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែង កំពង់ធំ ក្រចេះនិងខេត្តព្រះវិហារ ចំនួន៤៣១៦៨៣ហិកតា ដែនជម្រកសត្វព្រៃកែវសីមាក្នុងខេត្តមណ្ឌលគិរីនិងក្រចេះ ទំហំ២៩២៦៩០ហិកតា ដែនជម្រកសត្វព្រៃសៀមប៉ាងលើផ្ទៃដី៦៦៩៣២ហិកតា ដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច ខេត្តស្ទឹងត្រែងចំនួន៦៥៣៨៩ហិកតា ដែនជម្រកសត្វព្រៃតាតៃខេត្តកោះកុងចំនួន១៤៤២៧៥ហិកតា និងដែនជម្រកសត្វព្រៃស្រែពកក្នុងខេត្តមណ្ឌលគិរី ចំនួន៣៧២៩៧១ហិកតា។ អនុក្រឹត្យបញ្ជាក់ថាការបង្កើតនេះដើម្បីធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឲ្យមានការបំពេញលក្ខខណ្ឌចំាបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិនិងជីវៈចម្រុះ ផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ អនុក្រឹត្យបន្ថែមថាការបង្កើតដែនជម្រកសត្វព្រៃនេះក៏ដើម្បីលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋានក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារនិងការអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិក្នុងតំបន់។

ការបង្កើតនេះស្របពេលដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចដាក់ផ្ទៃដីជិត១លានហិកតានៃតំបន់ព្រៃឡង់ ក្រវាញខាងត្បូង ព្រៃរកា ព្រៃសៀមប៉ាងខាងលិចនិងព្រៃវ៉ឺនសៃជាតំបន់ការពារធម្មជាតិ។

ក្រសួងបរិស្ថានក៏បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអង្គារថាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះអនុក្រឹត្យស្តីពីការគ្រប់គ្រងតំបន់ការពារធម្មជាតិចំនួន១៨ដែលមានផ្ទៃដីសរុបចំនួន២៦៧៤៥០៣ហិកតា ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងនិងអភិរក្សរបស់ក្រសួងបរិស្ថាន។ ក្រសួងបរិស្ថានបានឲ្យដឹងថាតំបន់ព្រៃការពារនិងអភិរក្សព្រៃឈើចំនួន១៣កន្លែងនិងព្រៃផ្តល់ផលចំនួន៥កន្លែង ក្នុងនោះមានព្រៃឡង់ផងដែរ ដែលត្រូវដាក់ជាតំបន់ការពារធម្មជាតិ ទើបតែត្រូវបានរដ្ឋាភិបាលសម្រចផ្ទេរចេញពីក្រសួងកសិកម្ម ឲ្យមកក្រសួងបិរស្ថានធ្វើការគ្រប់គ្រងនិងអភិរក្ស។

ក្រសួងបញ្ជាក់ថា៖ “ជារួមក្រសួងបរិស្ថានមានតំបន់ការពារធម្មជាតិសរុបចំនួន៤១កន្លែងដែលមានផ្ទៃដីសរុបចំនួន៥៨៧៤៥០៣ហិកតា រួមបញ្ចូលតំបន់ការពារធម្មជាតិដែលក្រសួងមានស្រាប់ តាំងពីឆ្នាំ១៩៩៣មក ចំនួន២៣កន្លែងដែលមានផ្ទៃដីចំនួន៣,២លានហិកតា”។ ក្រសួងបន្ថែមថា៖ “ដើម្បីគ្រប់គ្រងតំបន់ការពារធម្មជាតិទាំងនេះប្រកបដោយប្រសិទ្ធភាព ក្រសួងបរិស្ថាននឹងស្នើសុំការចុះបញ្ជីដីធ្លីលើតំបន់ការពារធម្មជាតិទាំងនេះ នៅក្រសួងដែនដី នគរូបនីយកម្មនិងសំណង់ហើយក្រសួងបរិស្ថាននឹងធ្វើការគ្រប់គ្រងនិងអភិរក្សតំបន់ធនធានធម្មជាតិទាំងនេះ ដោយអនុវត្តតាមគោលការណ៍ស្បែកខ្លារបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងដីធ្លី”

គួរបញ្ជាក់ថាកាលពីថ្ងៃទី២៨ ខែមេសា លោក ហ៊ុន សែន បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមការពារព្រៃឈើជាមួយរដ្ឋាភិបាល ដោយលោកបញ្ជាក់ថារដ្ឋាភិបាលនិងប្រជាពលរដ្ឋមានគោលដៅតែមួយក្នុងការការពារព្រៃឈើ។ លោកមានប្រសាសន៍ថា៖ “រាជរដ្ឋាភិបាលក៏ត្រូវការពារព្រៃឈើដែរ ប្រជាជនក៏ចង់ការពារព្រៃឈើ ដើមឈើហ្នឹងដែរ បើអញ្ចឹងវាទៅគោលដៅរួមហើយ គ្មានការបែងចែកថាអ្នកនេះពួកបរិស្ថាន អ្នកនេះពួកកាប់ឈើតទៅទៀតទេ។ ទាំងអស់គ្នា ទាំងរាជរដ្ឋាភិបាលឃើញពួកកាប់ឈើអនាធិបតេយ្យក៏ត្រូវចាប់ ប្រជាពលរដ្ឋក៏ត្រូវចូលរួមចំណែក ទោះបីខ្លួនមិនមែនជានគរបាលយុត្តិធម៌ ក៏ត្រូវរាយការណ៍ឬក៏ធ្វើសកម្មភាពណាមួយទប់ស្កាត់ ដើម្បីកុំឲ្យមានការបំផ្លាញព្រៃឈើ”៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ