លោក អូបាម៉ា គ្រោងទៅទស្សនាទីក្រុងហ៊ីរ៉ូស៊ីម៉ាចុងខែនេះ

សេតវិមាន បានប្រកាសនៅថ្ងៃពុធនេះថា លោក បារ៉ាក់ អូបាម៉ា នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលធ្វើដំណើរទៅទស្សនាទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ជប៉ុននៅខែនេះ ប៉ុន្តែ លោកនឹងមិនថ្លែងសុំទោសចំពោះការទម្លាក់គ្រាប់បែកអាតូមិករបស់អាមេរិកទៅលើទីក្រុងនេះ នៅចុងសង្គ្រាមលោកលើកទីពីរនោះឡើយ។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា លោក អូបាម៉ា នឹងធ្វើដំណើរទស្សនកិច្ច ជាមួយលោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ីនហ៊្សូ អាបេ ទៅកាន់ទីតាំងដែលរងការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ នៅថ្ងៃទី២៧ ខែឧសភាខាងមុខនេះ។ លោក អូបាម៉ា គឺជាជយលាភីពានរង្វាន់ណូបែលសន្តិភាព កាលពីឆ្នាំ២០០៩ ដោយសារលោកបានយកបញ្ហារំសាយអាវុធនុយក្លេអ៊ែរធ្វើជាបញ្ហាសំខាន់នៅក្នុងគោលនយោបាយការបរទេសរបស់លោក។

សេតវិមាន បានរៀបរាប់ក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ខណៈដែលអាណត្តិទីពីររបស់លោកកំពុងឈានដល់ទីបញ្ចប់នៅក្នុងខែមករាឆ្នាំក្រោយនោះ លោក អូបាម៉ា នឹងបន្តការប្ដេជ្ញាចិត្តរបស់លោកក្នុងការស្វែងរកសន្តិភាព និងសន្តិសុខសម្រាប់ពិភពលោក ដោយគ្មានអាវុធនុយក្លេអ៊ែរ។

ដណើរទស្សនកិច្ចនេះ គឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចនៅតំបន់អាស៊ីរបស់លោក អូបាម៉ា ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែឧសភាខាងមុខ ដោយលោកនឹងចូលរួមក្នុងជំនួបកំពូលប្រទេស G7 នៅប្រទេសជប៉ុន និងធ្វើដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចរបស់លោកមកកាន់តំបន់អាស៊ីនេះ គឺដើម្បីពង្រឹងជំហរភូមិសាស្ត្រនយោបាយរបស់លោកនៅក្នុងតំបន់នេះ បន្ទាប់ពីប្រទេសសម្ព័ន្ធមិត្តមួយចំនួន មានមន្ទិលសង្ស័យទៅលើការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនចំពោះតំបន់អាស៊ី។

ដំណើរទស្សនកិច្ចនៅទីក្រុងហ៊ីរ៉ូស៊ីម៉ា នឹងបង្ហាញពីការផ្សះផ្សារគ្នារវាងប្រទេសជាគូសត្រូនឹងគ្នានៅក្នុងសង្គ្រាមលោកលើកទីពីរ ដែលបានក្លាយទៅជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធនាពេលបច្ចុប្បន្ន។ វាក៏នឹងបង្ហាញពីការខិតខំប្រឹងប្រែងរបស់លោក អូបាម៉ា ក្នុងការកែលម្អទំនាក់ទំនងអាមេរិក-ជប៉ុនផងដែរ នៅចំពោះមុខការពង្រីកឥទ្ធិពលចិនលើដែនសមុទ្រ និងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរពីកូរ៉េខាងជើង៕ ប្រភព៖ Channel News Asia

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ