កម្ពុជាថា អាមេរិកបដិសេធមិននៅពីក្រោយយុទ្ធនាការអាវខ្មៅ

រដ្ឋមន្រ្តីការបរទេស​កម្ពុជា លោក ប្រាក់ សុខុន ជួប​ជាមួយ​ឯកអគ្គរដ្ឋទូតអាមេរិក​ លោក វីល្លៀម ហេត ​(រូបថតពីក្រសួងការបរទេសកម្ពុជា​)

រដ្ឋាភិបាលកម្ពុជាឲ្យដឹងថាអាមេរិកបានបដិសេធថាខ្លួនមិនបាននៅពីក្រោយយុទ្ធនាការពាក់អាវព៌ណខ្មៅរបស់មន្រ្តីអង្គការសង្គមស៊ីវិលនិងសកម្មជនដីធ្លី ដែលទាមទារឲ្យដោះលែង មន្រ្តីសិទ្ធិមនុស្ស អាដហុកនិងមន្រ្តីគជបនោះទេ។

ការបដិសេធនេះត្រូវបានធ្វើឡើងក្នុងជំនួបមួយរបស់លោកវីល្លៀម ហេត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ជាមួយលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅព្រឹកថ្ងៃពុធនេះ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី មានប្រសាសន៍ថា ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតអាមេរិក បានលើកឡើងថា៖ “ឯកអគ្គរដ្ឋទូតអាមេរិក បានបដិសេធដាច់ខាតថាគឺអាមេរិកអត់មានបានអំពាវនាវឲ្យមានការធ្វើយុទ្ធនាការស្លៀកពាក់ពណ៌ខ្មៅនៅថ្ងៃចន្ទនោះទេ ។គាត់បញ្ជាក់ច្បាស់បញ្ហាហ្នឹង”

មុនពេលមានយុទ្ធនាការពាក់អាវខ្មៅ ទាមទារឲ្យដោះលែងមន្រ្តីសិទ្ធិមនុស្ស៤នាក់ និងមន្រ្តីគជបម្នាក់នោះ គឺមានអ្នកប្រើហ្វេសប៊ុកមួយចំនួនដែលគេស្គាល់ថា ជាអ្នកគាំទ្ររដ្ឋាភិបាល បានផ្សព្វផ្សាយរូបភាព ដែលថតជុំគ្នា រវាងឯកអគ្គរដ្ឋទូតអាមេរិក និងមន្រ្តីអង្គការសង្គមស៊ីវិល មួយចំនួនទៀត។

ប៉ុន្តែបើតាមអ្នកនាំក្រសួងការបរទេសកម្ពុជា គឺប្រមុខការទូតអាមេរិកទទួលស្គាល់ថា ពិតជាមានការជួបជុំរវាងលោកវីល្លៀម ហេត ជាមួយមន្រ្តីអង្គការក្រៅរដ្ឋាភិបាល មែន តែថាវាជាសកម្មភាពការផ្សាភ្ជាប់គ្នារវាងទូតអាមេរិក ជាមួយ អង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល ជាធម្មតាតែបុណ្ណោះ។

កាលពីម្សិលមិញ លោក ហ៊ុន សែន បានព្រមានថា ឲ្យប្រយ័ត្ន” ចំពោះអ្នកនៅពីក្រោយយុទ្ធ នាការអាវខ្មៅនោះ ដោយលោកអះអាងថា លោកបានដឹងថា អ្នកណាជាអ្នកចេញលុយបោះពុម្ពអាវនោះទៀតផង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ