រដ្ឋាភិបាលរំពឹងថាកម្ពុជានឹងក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភា ឆ្នាំ២០១៧​ ម៉ោង 9:46 AM | នយោបាយ | 0 | 16521 រូបភាពពី ហ្វេសប៊ុកលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន

រដ្ឋាភិបាលកម្ពុជារំពឹងថា ដោយសារអត្រាកំណើនសេដ្ឋកិច្ចរឹងមាំ កម្ពុជានឹងប្រែក្លាយជា​ប្រទេស​មានចំ​ណូល​មធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

ក្នុងពិធីបើកវេទិកាស្ដីពីអាស៊ាន នៅថ្ងៃព្រហស្បតិ៍ទី១១ឧសភាឆ្នាំ២០១៧ នារាជធានីភ្នំពេញ ក្រោ​មប្រ​ធានបទ «យុវជន បច្ចេកវិទ្យា និងកំណើន៖ ការធានាពីគុណប្រយោជន៍ផ្នែកប្រជាសាស្ត្រ និងឌីជីថលរបស់អាស៊ាន» លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ថ្លែងថា កម្ពុជាស​ម្រេចបាន​អត្រាកំ​ណើនសេ​ដ្ឋកិច្ច​ប្រមាណ​៧​ភាគរយក្នុងមួយឆ្នាំពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០១៦ និងព្យាករថា កម្ពុជានឹងក្លា​យជាប្រទេ​សមា​នចំណូ​ល​មធ្យ​មនៅឆ្នាំ២០៣០។

លោកនាយរដ្ឋមន្ដ្រី ហ៊ុន សែន មានប្រសាសន៍ថា ដោយសារកំណើនសេដ្ឋកិច្ច ដែលត្រូវបានព្យាករថា នឹងនៅបន្ដរឹងមាំទៅមុខនេះ លោកថា កម្ពុជានឹងប្រែក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកមានប្រសាសន៍ថា៖ «ដោយផ្អែកលើអត្រាកំណើនសេដ្ឋកិច្ចរឹងមាំជាមធ្យមក្នុងរង្វង់៧,៦% ក្នុងមួយឆ្នាំ ក្នុងគោលដៅធានាសម្រេចឲ្យបាននូវទស្សនៈវិស័យរយៈពេលវែងឆ្ងាយរបស់ខ្លួន ពោលគឺការឈាន ឡើងទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០»។

លោកនាយករដ្ឋមន្ដ្រីថា ការរំពឹងដូចនេះគឺដោយសារកម្ពុជាជាប្រទេសមានសេដ្ឋកិច្ចតូច និងបើកចំហ មា​ន​​កា​រគ្រប់​គ្រងបំណុលសាធារណៈល្អប្រសើរ និងកាត់បន្ថយភាពក្រីក្រឆាប់រហ័ស។ លោកថា នេះ​ហើ​យ​​​ជា​មូលហេតុសំខាន់ ដែលនាំឲ្យកម្ពុជាអាចចូលរួមក្នុងធ្វើសមាហរណកម្ម និងការ​ត​ភ្ជាប់ក្នុតំបន់។

ការលើកឡើងរបស់លោកនាយករដ្ឋមន្ដ្រី ធ្វើឡើងក្នុងវេទិកាពិភពលោកស្ដីពីអាស៊ានក្នុងនាម​កម្ពុ​ជាជាម្ចា​ស់​ផ្ទះ ដែលចាប់ផ្ដើមពីថ្ងៃទី១០ឧសភា នឹងត្រូវបញ្ចប់ទៅថ្ងៃទី១២ឧសភា ឆ្នាំ២០១៧៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required