អ្នកជំនាញថាប្រជាធិបតេយ្យមានសារសំខាន់សម្រាប់អនាគតអាស៊ាន

អ្នកជំនាញការអន្ដរជាតិលើកឡើងថា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងកា​រគោរពឆន្ទៈ​របស់ពលរ​ដ្ឋ​មានសា​រសំខាន់ណាស់ សម្រាប់អនាគតរបស់សមាគមអាស៊ាន។

ក្នុងពិធីបើកវេទិកាស្ដីពីអាស៊ានក្រោមប្រធានបទ «ក្ដីស្រម៉ៃរបស់អាស៊ាន» នៅថ្ងៃពុធទី១០ឧសភា ឆ្នាំ២​០​១៧ នារាជធានីភ្នំពេញ អ្នកជំនាញការអន្ដរជាតិផ្នែកសហគ្រាស និងជំនួញ​លើកឡើងថា លទ្ធិប្រ​ជាធិ​បតេ​យ្យ និការគោរពឆន្ទៈរបស់ពលរដ្ឋ មានសារសំខាន់ណាស់ក្នុ​ងសមាគមប្រ​ជាជាតិ​អាស៊ី​អាគ្នេយ៍ ឬ​ហៅ​កាត់ថា «អាស៊ាន»។

ឆ្លើយនឹងសំណួររបស់អ្នកសម្របសម្រួលវេទិកា ពាក់ព័ន្ធបញ្ហាប្រជាធិបតេយ្យ និងសេរីភាពរប​ស់ពល​រដ្ឋក្នុ​ង​ការជ្រើសរើសមេដឹកនាំ ប្រធាននាយកប្រតិបត្ដិក្រុមហ៊ុន  Air Asia ម៉ាឡេស៊ី លោក​ Tony Fernandes លើកឡើងថា លទ្ធិប្រជាធិបតេយ្យមានសារសំខាន់បំផុតសម្រាប់បណ្ដាប្រទេសជាសមាជិក និងអនា​គតរប​ស់អាស៊ាន ដោយថា វាជម្រុញឲ្យមានតម្លាភាព មតិរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល ការប្រកួតប្រ​ជែង ភាពច្នៃប្រឌិត និងតុល្យភាពអំណាច។

លោកថា៖ «ខ្ញុំគិតថាប្រជាធិបតេយ្យ គឺសំខាន់ណាស់ដូចខ្ញុំបានលើកឡើង ការបើកឲ្យមានការរិះគន់ ខ្ញុំគិតថាប្រជាធិបតេយ្យជម្រុញឲ្យមានការប្រកួតប្រជែង នាំឲ្យមានការរិះគន់ នាំឲ្យមានតុល្យភាពអំណាច ហើយខ្ញុំគិតថា មិនមានអាថ៌កំបាំងអីទេ ដែលប្រទេសសេរីគេមានភាពច្នៃប្រឌិតច្រើន និងការបើកជំហរ។​ដូច្នេះខ្ញុំគិតថាប្រជាធិបតេយ្យ គឺសំខាន់ណាស់ ការត្រួតពិនិត្យអំណាច ផ្ដល់ឲ្យនាំការប្រកួតប្រជែង ហើយខ្ញុំគិតថា អាស៊ានគួរតែបើកជំហរឲ្យមានការរិះគន់ ហើយឆ្ពោះទៅមុខបន្ដទៀត»។

ក្រៅពីបញ្ហាលទ្ធិប្រជាធិបតេយ្យ លោក Tony Fernandes សង្ឃឹមថា អាស៊ានក៏នឹងបង្កើនថវិកាបន្ថែម បង្កើនជំនាញ ពង្រឹងការគោរពសិទ្ធមនុស្ស ការរួមជាសំឡេងតែមួយ និងថា អាស៊ានគួរផ្ដោ​តសំ​ខាន់លើ​សុខទុក្ខ និងផលប្រយោជន៍របស់ពលរដ្ឋ មុនគិតគូរពីបញ្ហាផ្សេងទៀត។

ក្នុងវេទិកាបើកនេះ អ្នកចូលរួមបានសួរពីបញ្ហារំលោភសិទ្ធិមនុស្ស ការធ្វើទុក្ខបុក្ខម្នេញលើអ្នកប្រឆាំង និង​កា​ររិ​តត្បិតសិទ្ធិបញ្ចេញមតិនៅកម្ពុជា។​​

ឆ្លើយនឹងសំណួរនេះ លោក កៅ គឹមហួន រដ្ឋមន្ដ្រី​អម​នាយ​ក​រដ្ឋ​មន្ដ្រីកម្ពុជា ថ្លែងបញ្ជាក់ថា កម្ពុជា​ជាប្រ​ទេស​បើកជំហរឲ្យមានការរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល ប៉ុន្ដែ​លោ​​កថា ការរិះគន់ទាំងនោះ មិនគួរបំពា​នព្រំដែនកំណត់ដោយច្បាប់ទេ។

លោក កៅ គឹមហួន មានប្រសាសន៍ថា បើគ្មានការគោរពច្បាប់ទេ ប្រជាធិបតេយ្យនឹងក្លាយជា «អនាធិ​បតេយ្យ» ហើយ។ លោកថា កម្ពុជាក៏បើកឲ្យមានការផ្សាយព័ត៌មានដោយសេរី និងថា បើសិន​មានការ​ដាក់​ទោសនរណាម្នាក់ គឺតុលាការបានផ្ដល់នូវការជម្រះក្ដីដោយយុត្តិធម៌ និងត្រឹមត្រូវផងដែរ។

លោកថា៖ «កម្ពុជាគឺជាប្រទេសបើកជំហរ មានមនុស្សជាច្រើនដែលបានរិះគន់លើរដ្ឋាភិបាល ពួកគេបានរិះគន់ជាបន្ដរហូតមក ប៉ុន្ដែគឺមានច្បាប់ ដែលកំណត់ត្រឹមកម្រិតណា ដែលអ្នកអាចរិះគន់ អ្នកមិនអាចរិះគន់ដោយគ្មានភស្ដុតាង។ សង្គមសេរី ប៉ុន្ដែយើងមានច្បាប់ត្រូវគោរពផងដែរ»។

សូមជំរា​បថា វេទិកាបើកស្ដីពីអាស៊ាននេះធ្វើឡើងស្របពេលការប្រារព្ធវេទិកាពិភពលោកស្ដីពីអាស៊ាន ដែ​ល​កម្ពុ​ជាជាម្ចាស់ផ្ទះ សម្រាប់រយៈពេល៣ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ