ពលរដ្ឋគ្មានអត្តសញ្ញាណប័ណ្ណច្រើនពាន់នាក់អាចបាត់សិទ្ធិបោះឆ្នោតបើមិនបំពេញឯកសារឡើងវិញ

សកម្មភាពចុះឈ្មោះបោះឆ្នោត (ហួត វុទ្ធី)

ក្រុមប្រឹក្សាក្រុងពោធិ៍សាត់របស់បក្សប្រឆាំងបារម្ភថា ពលរដ្ឋនិងព្រះសង្ឃច្រើនពាន់នាក់/អង្គដែល​បាន​ចុះ​ឈ្មោះ​​រួចហើយ តា​មរ​យៈលិខិតបញ្ជាក់អត្តសញ្ញាណ អាចនឹង​បាត់​​សិទ្ធិ​បោះ​ឆ្នោត បើពួកគេមិនបា​នបំពេ​ញ​​ឯ​​​កសា​រឡើង​វិញ សម្រាប់បម្រើឲ្យការបោះឆ្នោត ខណៈ​ការបោះឆ្នោ​ត​ឃុំ​សង្កាត់កាន់ជិតមកដល់។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នឹងចាប់ផ្តើមនៅថ្ងៃទី៤ខែមិថុនា ដើមខែក្រោយ​នេះ។

ក្រុមប្រឹក្សាក្រុងពោធិ៍សាត់ របស់បក្សប្រឆំាង លោក រ៉ែម សាមឿន បានប្រាប់VODដឹងថា ប្រជាពល​រដ្ឋ​ជាង១ពាន់នាក់ និងព្រះសង្ឃ​ជាង៤០អង្គ​ នៅក្នុងខេត្តនេះ ​បានចុះឈ្មោះបោះឆ្នោតរួចហើយ តាមរយៈ​លិខិត​បញ្ជាក់​​​អត្ត​សញ្ញាណ​(អត់អត្តសញ្ញាណប័ណ្ណ)។

ប៉ុន្តែមន្ត្រីបក្សប្រឆាំងរូបនោះថា អ្នកដែល​ចុះ​ឈ្មោះ​នោះ មិន​ទាន់​បាន​ទៅ​សុំ​​ធ្វើ​ឯក​សារ​បញ្ជាក់​សម្រាប់​បម្រើ​ឲ្យ​​ការបោះឆ្នោតទេ ដោយសារ​អ្នកខ្លះ​ធ្វើកា​រ​ចំណាក​​ស្រុក និង​មួយ​ចំនួន​​ទៀត​មិន​​ដឹង​ព័ត៌មា​នទំា​ងនេះ។

លោកថា «ចំណាកស្រុកក៏វាជាបញ្ហាចំម្បង ក៏ប៉ុន្តែអ្នកដែលនៅ[ក្នុងស្រុក]គាត់អត់មកតែម្តង សំអាងទៅលើគាត់ចុះឈ្មោះហើយ ដូចខ្ញុំជម្រាបពីខាងដើម ក្នុងនាមខ្ញុំជាតំណាងពលរដ្ឋទូទំាងក្រុងពោធិ៍សាត់ ខ្ញុំបារម្ពទីមួយគាត់ដល់ថ្ងៃនេះ ខ្ញុំបានស៊ិចគ្រប់ស៊ិចខ្លះមិនទាន់បានមួយនាក់ទេ យើងបារម្ភមែនទែ ខ្លាចបាត់បង់សិទ្ធិ គាត់ស្មានតែអាហ្នឹង[លិខិតបញ្ជាក់អត្តសញ្ញាណសម្រាប់ចុះឈ្មោះបោះឆ្នោត]យកទៅបោះឆ្នោតបាន»

​លើសពីនេះទៀត លោក សាមឿន បានបញ្ជាក់ថា ពលរដ្ឋខ្លះដែលបា​នទៅ​ធ្វើ​អ​ត្ត​សញ្ញាណ​ប័ណ្ណ​នៅ​ក្រុង​ច្រើនខែហើយ ប៉ុន្តែអាជ្ញាធរមិនទាន់ប្រគល់ឲ្យនៅឡើយ និង​មួយ​ចំនួនទៀត​ទៅធ្វើក៏​មានភាព​យឺត​យ៉ាវ​ផង​​​ដែ​រ ខណៈការបោះឆ្នោតឃុំ សង្កាត់ នឹងប្រព្រឹត្តទៅនៅដើមខែមិថុនាខាងមុខនេះ។

ស្នងការន​គរបា​លខេត្តពោធិ៍សាត់ លោក សារុន ចាន់ធី អះអាងថា ក្រុមការ​ងារលោ​កនឹង​អន្ត​រាគ​មន៍​ក​រណីនេះ ដោយថា បើមានរបាយការណ៍ជាក់លា​ក់ពីមន្ត្រីបក្សប្រឆំាង​ពល​រដ្ឋ​ដែលធ្វើ​អត្តសញ្ញា​ណ​ប័​ណ្ណ​យូរ​​ហើយមិនទាន់ទទួលបាននោះ។

លោកបន្តថា «អ៊ុំណា ពូណា ឬក៏បងប្រុស បងស្រីណា ដែលគាត់ថាបានធ្វើហើយ ប៉ុន្តែគាត់អត់ទាន់បាន ដោយមូលហេតុគេអត់ទាន់ចែកឲ្យគាត់ វាមានរឿងពីរ មួយថាអត្តសញ្ញាណប័ណ្ណមកដល់ហើយ មកដល់ខេត្ត មកដល់ស្រុក មកដល់ឃុំ មកដល់ប៉ុស្តិ៍យើងហើយ ប៉ុន្តែអាជ្ញាធរ ឬប៉ូលីសប៉ុន្តិ៍មិនទាន់ប្រគល់ឲ្យគាត់ រឿងមួយពូនិងដោះស្រាយឲ្យភ្លាម បញ្ជាទៅឥឡូវ ប៉ុន្តែបើសិនជាថាគាត់អត់ទាន់បានអត្តសញ្ញាណប័ណ្ណគេបោះពុម្ពមិនទាន់បានទេ យើងរង់ចំាបន្តិចខាងលើគេដោះស្រាយ គេបោះពុម្ពឲ្យ»។

បើតាម គជប ព្រះសង្ឃជាង៨ពាន់អង្គ បានចុះព្រះនាម ក្នុងបញ្ជីបោះឆ្នោតថ្មី តាមរយៈ​លិ​ខិតប​ញ្ជាក់​អត្ត​សញ្ញាណ និងពលរដ្ឋមួយចំនួនទៀត។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា គ.ជ.ប បានជូនដំណឹងជាសាធារណៈរួចហើយ ។លោកបញ្ជាក់ថា ករណីនេះ​ បើអ្នកចុះឈ្មោះទំាងនោះមិនទទួលបានអត្តសញ្ញាណប័ណ្ណទេ ពួកគេត្រូវ​ទៅធ្វើ​ឯកសារ​មួយ​ទៀត​ សម្រាប់​បំរើ​ឲ្យការបោះឆ្នោត ទើបមានសិទ្ធិបោះឆ្នោតបាន​។

លោក ពុទ្ធា បានពន្យល់​​ដូច​នេះថា «ការបញ្ជាក់អត្តសញ្ញាណមានពីរយ៉ាងសម្រាប់បំរើការនៅក្នុងដំណាក់កាលនេះទីមួយសម្រាប់ការចុះឈ្មោះ បើសិនជារយៈពេលហ្នឹង គាត់ទទួលបានអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែគាត់អាចអត្តសញ្ញាណប័ណ្ណយកទៅបោះឆ្នោតតែម្តងអញ្ចឹងគាត់មានតែសម្រាប់ការចុះឈ្មោះ​​ ខ្វះសម្រាប់ការបោះឆ្នោត ទាល់តែស្នើសុំនៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោតរបស់គាត់ បានឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត បើមិនអញ្ចឹង គាត់មិនអាចបោះបានទេ​​»

នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ លោក សំ គន្ធាមី មានប្រសាសន៍ថា ដើម្បីឲ្យអ្នកចុះឈ្មោះបោះឆ្នោត​ តាមរយៈលិខិត​បញ្ជាក់​អត្ត​សញ្ញាណ​(អត់អត្តសញ្ញាណប័ណ្ណ) មានសិទ្ធិបោះឆ្នោតបានទំាងអស់គ្នា លុះត្រាតែមន្ត្រី គ.ជ.ប សហការជាមួ​យ​អាជ្ញាធរមូលដ្ឋាន​ពន្លឿនដោះស្រាយ​បញ្ហា​នេះជូនប្រជាពលរដ្ឋ កុំឲ្យមានភាពស្មុគស្មាញ ទើប​ទទួល​បាន​ផល​វិជ្ជមាន។

លោកនិយាយថា «ចង់ឲ្យ គជប សម្រួលម៉ោងធ្វើការតាមរយៈសិច និងឃុំ ពេលណាប្រជាពលរដ្ឋអាចទៅពេលណាម៉ោងធ្វើការ រដ្ឋបាលកុំឲ្យគាត់ទៅពីរដង ទៅជួបសម្រួលឲ្យធ្វើឲ្យគាត់ឲ្យបានលឿន ដើម្បីកុំឲ្យខាត់ពេល សឹងថាមិនបាច់សម្ភាសន៍ផង គ្រាន់តែគាត់បង្ហាញឯកសាររៀបចំទៅ ចេញឲ្យគាត់ទៅ ព្រោះមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតស្រាប់ហើយ»

​បើតាមលោក សំ គន្ធាមី បានឲ្យដឹងថា អ្នកចុះ​ឈ្មោះ​​រួចហើយ តាមរយៈ​លិខិត​បញ្ជាក់​អត្ត​សញ្ញាណ​(អត់អត្តសញ្ញាណប័ណ្ណ)មានប្រហែលជា២ភាគរយនៃចំនួនពល​រដ្ឋ​មាន​ឈ្មោះក្នុង​បញ្ជី​​​ឈ្មោះ​​​បោះ​ឆ្នោត​នៅ​តាម​ឃុំ-សង្កាត់ទូទាំងប្រទេស។

ចំនួនអ្នកដែលបានចុះឈ្មោះរួចហើយ មានប្រមាណជិត៨លាននាក់​(៧.៨៦៥.០​៣៣​នាក់​)​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ