ពលរដ្ឋ​៣៨​គ្រួសារ​ស្នើសុំ​ការ​ពន្លឿន​ដំណោះស្រាយ​ដីធ្លី​ពី​ប្រធាន​សុរិយោដី​ថ្មី​ខេត្តសៀមរាប​

ពលរដ្ឋដែលស្នើសុំ​ការ​ពន្លឿន​ដំណោះស្រាយ​ដីធ្លី​ពី​ប្រធាន​សុរិយោដី​ថ្មី​(រូបថត៖ បូ សាវី)

អ្នកមានជម្លោះដីធ្លីដ៍រាំរ៉ៃចំនួន ៣៨គ្រួសារ នៅស្រុកបន្ទាយស្រី បានស្វែងរកអន្ដរាគមន៍ជាថ្មីទៀត ពីប្រធានថ្មីនៃមន្ទីរសុរិយោដីខេត្ដសៀមរាម ដើម្បីជួយពន្លឿនដំណោះស្រាយសម្រាប់ពួកគាត់ ដោយអះអាងថា អាជ្ញាធរជាតិអប្សរាបានហាមឃាត់មិនឲ្យបង្កបង្កើនផល។

ក្នុងលិខិតសុំអន្ដរាគមន៍ចុះថ្ងៃទី០៨ ខែមិថុនាកន្លងមកនេះ ពលរដ្ឋទាំង ៣៨គ្រួសារនោះ បានអះអាងជាម្ចាស់លើដីទំហំ ១៦១ហិកតា ចាប់ពីឆ្នាំ១៩៧៩មក ប៉ុន្តែ ជម្លោះដីធ្លីនេះ បានផ្ទុះឡើងនៅឆ្នាំ២០០៥ បន្ទាប់ពីអាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរអប្សរា បានហាមឃាត់ពួកគេ មិនឲ្យបង្កបង្កើនផលលើដីនោះ។

បើតាមការអះអាងរបស់ប្រជាពលរដ្ឋ អាជ្ញាធរអប្សរាបានផ្ដល់សំណងចាប់ពី ៥០០ដុល្លារ ទៅ ៧០០ដុល្លារក្នុងមួយហិកតា សម្រាប់គ្រួសារខ្លះ ខណៈគ្រួសារខ្លះទៀត ត្រូវបានអាជ្ញាធរផ្ដល់ដីថ្មីឲ្យ ជាថ្នូរទៅនឹងការផ្លាស់ចេញពីភូមិដ្ឋានរបស់ពួកគេ។

ទោះជាយ៉ាងណា ប្រជាពលរដ្ឋទាំងនោះ អះអាងថា អាជ្ញាធរអប្សរា ពុំបានដោះស្រាយសំណងសមរម្យដល់ពួកគេនោះឡើយរហូតមកដល់សព្វថ្ងៃនេះ ហើយពួកគាត់ បានស្វែងរកអន្តរាគមន៍ពីលោក ហ៊ី សាយ ប្រធានថ្មីនៃមន្ទីរសុរិយោដីខេត្តសៀមរាប។

លោក ហ៊ី សាយ មានប្រសាសន៍ថា លោកមិនទាន់ទទួលបានលិខិតសុំអន្ដរាគមន៍ពីពលរដ្ឋនៅឡើយទេ ដោយសារលោកជាប់រវល់នៅភ្នំពេញ។

ប្រធាននាយកដ្ឋានផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអបស្សរាលោក ឡុង កុសល ធ្លាប់ប្រាប់ វីអូឌី(VOD)កាលពីថ្ងៃទី៣ ខែមិថុនាកន្លងមកនេះថា ស្ថាប័នលោក បានដោះដូរដីនៅទីតាំងផ្សេងដល់ប្រជាពលរដ្ឋទាំងនោះ ដែលលោកថា ប្រជាពលរដ្ឋ ២៥គ្រួសារ ទទួលបានដីសម្បទានសង្គមកិច្ច ខណៈ ១៣គ្រួសារទៀត ទទួលបានដីដោះដូរនៅតំបន់នោះ។

លោកបន្ដថា៖ «ខ្ញុំមិនដឹងថា គាត់ចង់បានអី រួមទាំងមេធាវីរបស់គាត់ឯកភាពគ្នាហើយអារឿងហ្នឹង។ គេទៅរកដីត្រួតពិនិត្យជូនគាត់ គាត់ឯកភាពគ្នាអស់ហើយ គាត់នៅតែថា អត់ដោះស្រាយ»។

មន្ដ្រីអង្គការការពារសិទ្ធិមនុស្សលីកាដូខេត្ដសៀមរាប ដែលសង្កេតលើកណីនេះ លោក ចៅ លក្ខវណ្ណា ធ្លាប់មានប្រសាសន៍ថា អ្នកភូមិបដិសេធការដោះដូរដីរបស់អាជ្ញាធរជាតិអប្សរានោះទេ ដោយសារការផ្ដល់ដីមិនស្មើភាពគ្នា និងគ្មានទីតាំងច្បាស់លាស់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ