អ្នកភូមិជាង២០០នាក់នៅស្រុកស្អាងតវ៉ាប្រឆាំងក្រុមហ៊ុនបូមខ្សាច់ធ្វើឲ្យបាក់ច្រាំងទន្លេ

អ្នកភូមិនៅស្រុកស្អាងតវ៉ាប្រឆាំងក្រុមហ៊ុនបូមខ្សាច់ធ្វើឲ្យបាក់ច្រាំងទន្លេ

ប្រជា​ពលរដ្ឋ​ជាង ២០០​នាក់ នៅ​ស្រុក​ស្អាង ខេត្ត​កណ្ដាល នៅ​ព្រឹក​ថ្ងៃ​នេះ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​ទាមទារ​ទៅ​ក្រុមហ៊ុន​បូម​ខ្សាច់ ឲ្យ​បញ្ឈប់​សកម្មភាព​បូម​ខ្សាច់ ដោយ​ពលរដ្ឋ​ថា បាន​ធ្វើ​ឲ្យ​បាក់​ដី​ច្រាំង​ទន្លេ​នៅ​ក្រោយ​ផ្ទះ​របស់​ពួកគេ។

អ្នកស្រី មុត ម៉ុម ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​ការ​បូម​ខ្សាច់​នេះ​​ បាន​ប្រាប់​វីអូឌី​នៅ​ព្រឹក​​នេះ​ថា អ្នក​ស្រី​ និង​ពលរដ្ឋ​ប្រមាណ​ជាង  ២០០​នាក់ មក​ពី​ឃុំ​រកា​ខ្ពស់ និង​ឃុំ​សិតត្បូ បាន​នាំគ្នា​តវ៉ា​នឹង​ក្រុមហ៊ុន​បូម​ខ្សាច់​ និង​ទាមទារ​ឲ្យ​បញ្ឈប់​ការ​បូម​ជា​បន្ទាន់​ បន្ទាប់​ពី​មាន​ការ​បាក់​ច្រាំង​ទន្លេ​ក្រោយ​ផ្ទះ​របស់​ពួក​គាត់​ជា​បន្ត​បន្ទាប់ ហើយ​បាន​បណ្តាល​ឱ្យ​ផ្ទះ​របស់​ពួក​គាត់​ស្រុត និង​ប្រេះ​ជញ្ជាំង​ថែម​ទៀត​ផង​។​

អ្នកស្រី​​បន្ត​ថា ​ក្រុមហ៊ុន​បូម​ខ្សាច់​ក្នុង​ឃុំ​ទាំង​ពីរ​នេះ​មាន​ច្រើន ​ប៉ុន្តែ​ ឈ្មោះ​របស់​ក្រុម​ហ៊ុន​ទាំង​នោះ​មិន​ត្រូវ​បាន​គេ​ដឹង​​នោះ​ទេ​។ អ្នក​ស្រី​បន្ថែម​ថា ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ការ​បូម​ខ្សាច់​នេះ​មាន​ជាង ១០០​គ្រួសារ​។​​

អ្នកស្រី​បញ្ជាក់​ថា៖“ ខ្ញុំ ​និង​ពលរដ្ឋ​ទៅ​តវ៉ា​ហ្នឹង​ មូល​មតិ​គ្នា​ថា ​បើ​អាជ្ញាធរ​មិន​ជួយ​រក​យុត្តិធម៌​ឱ្យ​ទេ ពួក​ខ្ញុំ​នឹង​បន្ត​ធ្វើ​បាតុ​កម្ម​រហូត​​ទោះ​ ១​ឆ្នាំ ​២​ឆ្នាំ​ក៏​ដោយ ធ្វើ​រហូត​ធ្វើ​ទាល់​តែ​មាន​ដំណោះ​ស្រាយ​”​។​

មេឃុំ​រកា​ខ្ពស់​ លោក ឈឿង ឈរ ​បាន​ប្រាប់​វីអូឌី​តាម​រយៈ​ទូរស័ព្ទ​ឱ្យ​ដឹង​ថា ​ការ​បាក់ដី​ច្រាំង​ ទន្លេ​នេះ​មិន​មែន​បណ្តាល​មក​ពី​ការ​បូម​ខ្សាច់​នោះ​ទេ ប៉ុន្តែ​ វា​បណ្តាល​មក​ពី​កំលាំង​ទឹក​បុក​ដី​​ច្រាំង​តែ​ប៉ុណ្ណោះ​ ហើយ​ម្យ៉ាង​វិញ​ទៀត​សូឡង់​បូម​ខ្សាច់​មិន​បាន​បូម​នៅ​ចំណុច​ច្រាំង​បាក់​នោះ​ទេ​។​

លោក​បញ្ជាក់​ថា៖ “តាមពិតអ្នកបូមខ្សាច់ គាត់បានអាជ្ញាប័ណ្ណ​ពីរដ្ឋាភិបាលហ្នឹងគាត់​​អត់បានបូមនៅចំណុចហ្នឹងទេ គាត់បូមផ្សេង ប៉ុន្តែមានអាកន្លែងហ្នឹង គឺចម្លងខ្សាច់បានន័យថា បូមខ្សាច់ឡើងពីសូឡង់ វាចំកន្លែងហ្នឹង (កន្លែងបាក់)​។ មានបាក់ខ្លះហើយ ប៉ុន្តែការបាក់ហ្នឹងគាត់នៅតាំងពីណា​ពីណីមកហើយអាកន្លែងបាក់ចេះតែបាក់ទៅ ហើយអាកន្លែងអត់បូមក៏បាក់ដែរវាអាចថា ខ្សែទឹកវាបុកមកហា៎​”​

លោក​ថា​ កាល​ពី​ព្រឹក​មិញ​នេះ​អភិបាល​រង​ខេត្ត​កណ្តាល​ លោក  ខឹម ​ច័ន្ទ​គិរី​ បាន​ទៅ​ជួប​ជជែក​គ្នា​​ជា​មួយ​ពលរដ្ឋ​អំឡុង​ពេល​ដែល​ពួក​គាត់​កំពុង​តវ៉ា​រួច​ហើយ​ និង​បាន​សន្យា​ថា ​នឹង​យក​សំណើរ​របស់​ពលរដ្ឋ​ទៅ​ពិភាក្សា​ជា​មួយ​ថ្នាក់​លើ​ និង​ក្រុមហ៊ុន​​បូម​​ខ្សាច់​ដើម្បី​រក​ដំណោះ​ស្រាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ