នៅសល់តែមួយថ្ងៃទៀតទេ តុលាការអន្តរជាតិមួយនៅទីក្រុងឡាអេនឹងចេញសាលក្រមមួយជុំវិញជម្លោះសមុទ្រចិនខាងត្បូងរវាងមហាអំណាចចិននិងប្រទេសហ្វីលីពីន។ នៅថ្ងៃចន្ទនេះដែរ មន្ត្រីកាទូតជាន់ខ្ពស់របស់ចិនបាននិយាយថាបញ្ហាសមុទ្រចិនខាងត្បូងមិនគួរត្រូវបានគេយកទៅជជែកនៅក្នុងជំនួបកំពូលរវាងមេដឹកនាំអាស៊ីនិងអឺរ៉ុបនៅប្រទេសម៉ុងហ្គោលីនៅពេលខាងមុខនោះឡើយ។
ជំនួបអាស៊ី-អឺរ៉ុបនឹងក្លាយជាជំនួបកាទូតសំខាន់ដំបូងមួយ ដែលរៀបចំធ្វើឡើងក្រោយការប្រកាសសាលក្រមនៅថ្ងៃទី១២ខែកក្កដារបស់តុលាការអន្តរជាតិនៅទីក្រុងឡាអេជុំវិញជម្លោះរវាងចិននិងហ្វីលីពីន។
ភាពតានតឹងនិងសង្គ្រាមពាក្យសម្ដីកំពុងកើនឡើងខ្ពស់នៅមុនការប្រកាសសាលក្រមនោះដែលចិនបានបដិសេធទទួលស្គាល់ ដោយនិយាយថាតុលាការនោះគ្មានយុត្តិធិការនោះឡើយ ហើយគេមិនអាចបង្ខំឲ្យចិនទទួលដំណោះស្រាយនោះបានទេ។
ចិនបានចោទប្រកាន់អាមេរិកម្ដងហើយម្ដងទៀតថាជំរុញឲ្យមានបញ្ហានៅសមុទ្រចិនខាងត្បូងជាទីដែលចិនអះអាងជាម្ចាស់លើដែនទឹកត្រួតស៊ីគ្នាដែលប្រទេសវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប៊្រុយណេ និងតៃវ៉ាន់ក៏អះអាងជាម្ចាស់ផងដែរ។
ជំនួយការរដ្ឋមន្ត្រីការបរទេសចិន លោក កុង ស៊ានយូ បាននិយាយថាជំនួបមេដឹកនាំអាស៊ី-អឺរ៉ុបមិនមែនជាកន្លែងសមរម្យសម្រាប់ជជែកពីជម្លោះសមុទ្រចិនខាងត្បូងទេ។ មន្ត្រីចិនរូបនេះអះអាងបន្ថែមថា វាមិនស្ថិតក្នុងរបៀបវារៈនៃការពិភាក្សាផងដែរ៕